រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​អស់តំណែង ព្រោះ​ឲ្យ​លុយ​ពលរដ្ឋ​១៨៥​ដុល្លារ​អំឡុងពេល​បោះឆ្នោត​
អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​អស់តំណែង ព្រោះ​ឲ្យ​លុយ​ពលរដ្ឋ​១៨៥​ដុល្លារ​អំឡុងពេល​បោះឆ្នោត​
25, Oct 2019 , 8:19 pm        
រូបភាព
លោករដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន អ៊ីស៊ូ ស៊ូហ្កាវ៉ារ៉ា (Isshu Sugawara)  ប្រភពរូប៖ AFP
លោករដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន អ៊ីស៊ូ ស៊ូហ្កាវ៉ារ៉ា (Isshu Sugawara) ប្រភពរូប៖ AFP
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​ថ្មី បានដាក់​ពាក្យសុំ​លាលែង​តំណែង ក្រោយ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ល្មើសច្បាប់​បោះឆ្នោត ដោយ​ផ្តល់​លុយ និង​អំណោយ​ដល់​អ្នកបោះឆ្នោត​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា​។​



​លោក អ៊ី​ស៊ូ ស៊ូ​ហ្កា​វ៉ា​រ៉ា (Isshu Sugawara) រង​ថ្ម​បាក់​ក្រោយ​ទស្សនា​វ​ដ្តី​ក្នុងស្រុក​ជប៉ុន​មួយ បាន​ចុះផ្សាយ​ថា លោក​រង​ការសង្ស័យថា​បរិច្ចាគ​លុយ​២​ម៉ឺន​យ៉េន (១៨៥​ដុល្លារ​) ដល់​គ្រួសារ​មួយ​ដែល​បាត់បង់​សមាជិកគ្រួសារ​ខ្លួន​ក្នុង​មណ្ឌលបោះឆ្នោត​លោក​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo លោក​រដ្ឋមន្ត្រី​រូបនេះ​ក៏​ត្រូវបាន​រាយការណ៍​ថា បានផ្តល់​កាដូ​ដល់​អ្នកបោះឆ្នោត​ផ្សេងទៀត ដែល​ក្នុងនោះ​មាន ផ្លែ​ឪឡឹក​ថ្លៃ និង​សូម្បីតែ​ក្តាម​។  ការរាប់​បញ្ចូល​នេះ ទោះបី​តូច​ក៏ដោយ អាចជា​ការបំពានច្បាប់​បោះឆ្នោត​ការិយាល័យ​សាធារណៈ​របស់​ជប៉ុន​។​

​លោកនាយក​រដ្ឋមន្ត្រី អា​បេ បញ្ជាក់​ឲ្យ​ដឹងថា លោក ស៊ូ​ហ្កា​វ៉ា​រ៉ា បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ក្រោយ​ជំនួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ ហើយ​លោក បាន​ទទួលយក​សំណើ​នេះ​។ លោក មានប្រសាសន៍​បែបនេះ​៖«​ខ្ញុំ​ព្រម​ទទួលខុសត្រូវ​ក្នុងការ​តែងតាំង​បុគ្គល​រូបនេះ​។ ខ្ញុំ​សុំទោស​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ជប៉ុន​។

​បើតាម​លោក អា​បេ លោក ស៊ូ​ហ្កា​វ៉ា​រ៉ា នឹងត្រូវ​ជំនួស​ដោយ​លោក ហ៊ី​រ៉ូ​ស៊ី កា​ជី​ម៉ា​យ៉ា (Hiroshi Kajimaya) ដែលជា​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​អភិវឌ្ឍ​សហគមន៍​នៅ​ទីជនបទ​ជប៉ុន​។ ប្រាប់​អ្នកសារព័ត៌មាន នៅ​អគារ​សភា​ជប៉ុន នា​ក្រុង​តូ​ក្យូ នៅ​ថ្ងៃ ២៥ តុលា លោក ស៊ូ​ហ្កា​វ៉ា​រ៉ា និយាយ​ដូច្នេះ​៖« «​វា​មិនមែនជា​ចេតនា​របស់ខ្ញុំ​ដែលថា​ការជជែក​ដេញដោល​តំណាងរាស្ត្រ​ជាប់គាំង (​ដោយសារតែ​រឿងអាស្រូវ​)»​។​

​សូមបញ្ជាក់ថា លោក ស៊ូ​ហ្កា​វ៉ា​រ៉ា ទើបត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្មីៗ​នេះ ប៉ុន្តែ​ពុំ​កាន់​តួនាទី​សំខាន់​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។ កិច្ចការ​ចរចា​នេះ ជា​បន្ទុក​របស់​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម Toshimitsu Motegi ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីការបរទេស​៕

Tag:
 ជប៉ុន​
  រដ្ឋមន្ត្រី​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com