អន្តរជាតិ
រដ្ឋាភិបាលប្រជុំកោះសូលូម៉ុន ថាការជួលកោះឲ្យក្រុមហ៊ុនចិនអភិវឌ្ឍគឺ«ខុសច្បាប់» កោះ Tulagi (ប្រភពរូប៖ New York Times)
× រដ្ឋាភិបាលប្រជុំកោះសូលូម៉ុន បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយខេត្តមួយរបស់ខ្លួនក្នុងការជួលកោះ Tulagi ទាំងមូលឲ្យក្រុមហ៊ុនចិន គឺ ខុសច្បាប់ ហើយគួរតែបញ្ចប់។ ហេតុផលនោះគឺថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយគ្មានវត្តមានរដ្ឋាភិបាល។
ព័ត៌មានលម្អិតជុំវិញកិច្ចសន្យាជួលរយៈពេលវែងដ៏ចម្រូងចម្រាសរវាងខេត្តកណ្តាលរបស់កោះសូលូម៉ុន និងក្រុមហ៊ុន China Sam Enterprise Group បានបែកធ្លាយជាសាធារណៈភ្លាមៗក្រោយប្រជាជាតិប៉ាស៊ីហ្វិកនេះ បានបោះបង់ចំណងការទូតជាមួយតៃវ៉ាន់ហើយទៅចងជាមួយចិនវិញក្នុងខែកញ្ញា ។
អគ្គរដ្ឋអាជ្ញានៃប្រជុំកោះសូលូម៉ុន លោក Johnn Muria លើកឡើងថា ខេត្តនោះ និងក្រុមហ៊ុនចិន គ្មានសិទ្ធិស្របច្បាប់ណាមួយក្នុងការបង្កើតកិច្ចព្រមព្រៀងជួលបែបនេះដោយពុំមានការចូលរួមពីសំណាក់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា លោក Muria និយាយបែបនេះ៖«កិច្ចព្រមព្រៀងនេះ មិនត្រូវបានត្រួតពិនិត្យដោយអង្គជំនុំជម្រះអគ្គរដ្ឋអាជ្ញា នៅមុនពេលចុះហត្ថលេខានោះទេ»។ ដោយហេតុនេះ លោក សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺ ខុសច្បាប់, ពុំអាចអនុវត្តបាន និងត្រូវតែបញ្ចប់ភ្លាមៗតែម្តង។
ជាសមាជិកហត្ថលេខីមួយក្នុងកិច្ចព្រមព្រៀងនេះ អភិបាលខេត្តកណ្តាលនៃប្រជុំកោះសូលូម៉ុន លោក Stanley Manetiva បានប្រាប់ Reuters ថា លោកនឹងគោរពតាមយោបល់របស់រដ្ឋាភិបាល។ ត្រង់នេះ លោក បញ្ជាក់បែបនេះ៖«យើងត្រូវតែអនុវត្តតាមនីតិវិធីត្រឹមត្រូវ»។
កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃ២២ កញ្ញា បើកផ្លូវឲ្យក្រុមហ៊ុនធំៗរបស់ចិនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើកោះ Tulagi និងប្រជុំកោះផ្សេងទៀតក្បែរៗនោះ។ មានទីស្នាក់ងារកណ្តាលក្នុងទីក្រុងប៉េកាំង ក្រុមហ៊ុន Sam Group របស់ចិន កឺជាក្រុមហ៊ុនធំខាងផ្នែកថាមពល វិនិយោគ និងបច្ចេកវិទ្យា។ បង្កើតឡើងក្នុងឆ្នាំ១៩៨៥ វាជាសហគ្រាសកាន់កាប់ដោយរដ្ឋ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលក្រុងប៉េកាំងបានពង្រីកឥទ្ធិពលទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយ ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាកន្លែងរឹងមាំខាងការទូតសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ កោះ Tulagi គឺជាកោះដ៏សំខាន់មួយដែលបានរៀបចំមូលដ្ឋានទ័ពអាមេរិកនៅក្នុងសង្គ្រាមលោកលើកទី ២ ហើយក៏ជាអតីតរដ្ឋធានីរបស់ទីក្រុង Solomons មុនពេលត្រូវផ្លាស់ទៅកោះ Guadalcanal វិញ៕
Tag:
ចិន
ប្រជុំកោះសូលូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com