ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក លី កុសល៖ កីឡាវាយសីត្រូវការឈ្នះពីឥឡូវ កុំចាំទាល់តែឆ្នាំ២០២៣
25, Oct 2019 ,
4:47 pm
រូបភាព
លោក លី កុសល ប្រធានសហព័ន្ធកីឡវាយសីកម្ពុជា
×
ដោយ:
សហព័ន្ធកីឡាជាតិនីមួយៗបានដាក់ចេញផែនការយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស ក្នុងគោលដៅស្វែងរកជ័យជម្នះនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ថា កីឡាវាយសីត្រូវការជ័យជម្នះពីឥឡូវ មិនមែនចាំដល់ឆ្នាំ២០២៣ នោះទេ។ ការលើកឡើងបែបនេះ គឺដើម្បីក្រើនរំលឹក និងជំរុញឲ្យកីឡាករបង្កើនការហ្វឹកហាត់ ពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរថែមទៀត។
នាពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកាលពីពេលកន្លងទៅថ្មីៗ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក លី កុសល បានជំរុញឲ្យកីឡាករកីឡាការិនី បង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ ជាគោលដៅរបស់ លោក គឺចង់ឲ្យកីឡាករកីឡាការិនីទទួលបានជោគជ័យពីឥឡូវ ដោយចាំបាច់ដល់ឆ្នាំ២០២៣។
«គោលដៅយើងមិនមែនចាំឈ្នះដល់ស៊ីហ្គេមឆ្នាំ២០២៣ នោះទេ គឺត្រូវឈ្នះពីឥឡូវទៅ។ ដើម្បីឈ្នះត្រូវធ្វើម៉េច? គឺទាល់តែហ្វឹកហាត់ឲ្យបានដល់កម្រិត ហើយដើម្បីហាត់ឲ្យដល់កម្រិត ត្រូវស្តាប់គ្រូ ត្រូវគោរពវិន័យ ត្រូវមានអត្តចរិត ក្រមសីលធម៌ល្អ ម៉ឺងម៉ាត់ ទន់ភ្លន់ សុភាពរាបសា ដែលនេះជាវីរភាពរបស់យើង»។ នេះជាការលើកឡើងរបស់លោក លី កុសល ដែលចង់ក្រើនរំលឹកដល់កីឡាករទាំងទទួលបានជ័យលាភី និងមិនជ័យលាភីក្នុងការប្រកួតថ្នាក់ជាតិ ឲ្យបន្តការខិតខំរបស់ខ្លួន ដើម្បីឈានទៅដណ្តើមជ័យជម្នះនៅលើឆាកអន្តរជាតិនៅពេលខាងមុខ។
លោក ជាម សុភា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាវាយសីកម្ពុជា
លោកបានបន្ថែមថា៖«ខ្ញុំសូមផ្តាំផ្ញើដល់ក្មួយៗ និងអ្នកមិនទាន់ដណ្តើមបានមេដាយក្តី សូមកុំបង្អង់ គឺត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកីឡាករមានសមិទ្ធផលខ្ពស់ គឺទាំងកីឡាករ គ្រូបង្វឹក និងចៅក្រម ដើម្បីយើងមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះ ស្មើមុខ ស្មើមាត់ នៅលើឆាកអន្តរជាតិ»។
សម្រាប់លោក លី កុសល មិនមែនទាល់តែកងកម្លាំង មន្ត្រីរាជការ ឬមនុស្សអស្ចារ្យទើបអាចលើកមុខមាត់ប្រទេសជាតិបាននោះទេ ប៉ុន្តែកីឡាករគ្រប់រូបសុទ្ធតែអាចធ្វើបាន តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតដណ្តើមមេដាយឲ្យបាននៅលើឆាកអន្តរជាតិ។ លោកបាននិយាយដូច្នេះថា៖«ជ័យជម្នះនៅលើឆាកអន្តរជាតិ គឺជាការលើកតម្កើងមុខមាត់ប្រទេសជាតិ ដែលកីឡាករ កីឡាការិនីគ្រប់រូបអាចធ្វើបាន គឺមិនមែនទាល់តែជាមនុស្សអស្ចារ្យ មកពីណា ឬមិនចាំបាច់ត្រូវបំពាក់អាវុធ ដូចកងកម្លាំង ទើបអាចធ្វើបាននោះទេ»។
លោក ជាម សុភា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាវាយសីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំថា បានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺពុំមានរឿងអសកម្ម ឬតវ៉ាណាមួយបានកើតឡើងនោះទេ។ លោកបានបន្ថែមថា សមត្ថភាព និងបច្ចេកទេសរបស់កីឡាករកីឡាការិនីទៀតសោត ក៏មានភាពរីកចម្រើនផងដែរ បើធៀបនឹងឆ្នាំមុន។
កត្តានេះបានធ្វើឲ្យអគ្គលេខាធិការស្តីទីរូបនេះរំពឺងថា កីឡាករខ្លួននឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ តែយ៉ាងណា លោក បានដាស់តឿនឲ្យកីឡាករបង្កើនការហ្វឹកហាត់ទ្វេរដងក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍នេះ។
បើតាមលោក ជាម សុភា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ មានអត្តពលិកចំនួន២២៨នាក់មកពី១៩ក្លិប-សមាគមចូលរួម ដោយកើនឡើង៤៤នាក់បើធៀបនឹងឆ្នាំមុន។ ក្រោយឆ្លងការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃនៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ អត្តពលិកក្រសួងមហាផ្ទៃឈរលំដាប់លេខ១ ក្រោយឈ្នះមេដាយមាស៤ និងប្រាក់២ ដែលតាមពីក្រោយដោយក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ជាមួយមេដាយមាស៣ និងប្រាក់២។
ចំណែកក្រុមអត្តពលិកខេត្តកំពង់ឆ្នាំង ឈរលំដាប់ទី៣ ក្រោយឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ រីឯអត្តពលិកខេត្តកំពង់ចាមឈរលេខ៤ក្រោយឈ្នះមេដាយមាស១ និងប្រាក់១ ខណៈខេត្តព្រះសីហនុទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ១ និងខេត្តប៉ៃលិនបានមេដាយប្រាក់១ និងសំរឹទ្ធ២។ ក្លិបពហុកីឡដ្ឋានជាតិ បានមេដាយប្រាក់១ រីឯខេត្តបាត់ដំបង បានមេដាយសំរឹទ្ធ២ ខណៈខេត្តសៀមរាប, ក្លិប 1 2 play និងខេមរៈមហានគរបានមេដាយសំរឹទ្ធ១ដូចគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វាយសី
លី កុសល
ជើងឯកថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម