អត្ថបទពាណិជ្ជកម្ម
ដំណើរការ​នៃ​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​៖ ប្លង់​ទន់ និង​ប្លង់រឹង​
26, Oct 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ខណៈដែល​វិស័យ​អចលនទ្រព្យ កាន់តែ​បោះជំហាន​ទៅមុខ ការដោះដូរ និង​ទិញ​លក់​អចលនទ្រព្យ ក៏មាន​កាន់តែច្រើន​។ ជាទូទៅ​រាល់​ប្រតិបត្តិ​ការទិញ​លក់​ទាំង​អស់ អ្នកទិញ​ត្រូវតែ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ពី​ម្ចាស់​មុន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាថា ពួកគេ​មាន​សិទ្ធិ​ពេញលេញ ជា​ម្ចាស់​ស្របច្បាប់​លើ​អចលនទ្រព្យ​នោះ​។
​នៅមាន​មនុស្ស​ចំនួន​នៅតែមាន​ចម្ងល់ ពី​ការទិញ​-​លក់​អចលនទ្រព្យ ដោយ​មិនដឹងថា​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ ពី​អ្នកលក់​ទៅ​អ្នកទិញ ត្រូវធ្វើ​ដោយ​របៀប​ណា​? ត្រូវ​ដំណើរការ​យ៉ាងដូចម្តេច​? ត្រូវ​រៀបចំ​ឯកសារ​អ្វីខ្លះ​? ប្រើ​រយៈពេល​ប៉ុន្មាន​? ត្រូវធ្វើ​ជាមួយ​អាជ្ញាធរ ឬ​ស្ថាប័ន​ណាខ្លះ​? ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រហែល​ប៉ុន្មាន​ក្នុង​មួយ​លើក​?
​ខាងក្រោម​នេះ ជាការ​ណែនាំ​ពី​របៀប​ផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ ទាំង​ប្លង់​ទន់ និង​ប្លង់រឹង​។ នៅទីនេះ Realestate.com.kh នឹង​ណែនាំ​ពី​ការផ្ទេរសិទ្ធិ​ពី ប្លង់​ទន់​ទៅ​ប្លង់​ទន់ និង​ពី ប្លង់រឹង ទៅ​ប្លង់រឹង​៖
​ទីមួយ​៖ ការផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ​ប្រភេទ​ប្លង់​ទន់ ឬ​គ្មាន​ប័ណ្ណកម្មសិទ្ធិ (​ហៅថា «​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី​»)​។​
​ទី​ពីរ​៖ ការផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ​ប្រភេទ​ប្លង់រឹង មាន​ប័ណ្ណកម្មសិទ្ធិ ។​
 
១. ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែលមាន​ប្លង់​ទន់
 
 
​រាល់​ការទិញ​-​លក់​អចលនទ្រព្យ​ដែលមាន​ត្រឹម​ប្លង់​ទន់ ហើយ​ចង់​ផ្ទេរសិទ្ធិ​កាន់កាប់ អចលនទ្រព្យ​នោះ ត្រឹម​ប្លង់​ទន់ ទៅ​ឲ្យ​អ្នកទិញ​វិញ ត្រូវ​ធ្វើតាម​ការណែនាំ ដូចខាងក្រោម​នេះ​៖  
​សំណុំ​ឯកសារ ត្រូវ​រៀបចំ និង​មាន​ជាស្រេច មានដូចជា​៖ ពាក្យស្នើសុំ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី អត្តសញ្ញាណប័ណ្ណ​(​ថតចំលង​) សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ (​ប្រសិនបើជា​ទ្រព្យ​ប្តី​ប្រពន្ធ​) ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​(​នៅ​លីវ រៀបការ និង​លែងលះ​....) កិច្ចសន្យា​ទិញ​-​លក់ ឯកសារ​បញ្ជាក់​ប្រវត្តិ​ដី និង បង្កាន់ដៃ​បង់ពន្ធ​ជាដើម​។​
 
​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​មិនទាន់​ចុះបញ្ជី​មាន​ដូចខាងក្រោម​៖
​ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​សាលាស្រុក​-​ខណ្ឌ ដែល​ក្បាលដី​ស្ថិតនៅ​។ បន្ទាប់ពី​បានដាក់​ពាក្យ​ត្រឹមត្រូវ​ហើយ ខាង​ស្រុក​-​ខណ្ឌ នឹង​ជូនដំណឹង​ដល់​អ្នកស្នើសុំ​អំពី​ការចុះវាស់វែង​ដីធ្លី និង​ធ្វើ​កំណត់ហេតុ​អំពី​ការចុះវាស់វែង​។ ក្រោយពី​មន្ត្រី​ចុះ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ ខាង​ស្រុក​-​ខណ្ឌ នឹង​រៀបចំ​ឯកសារ ដើម្បី​ឲ្យ​អ្នកស្នើសុំ​យក​ឯកសារ ទៅ​បង់ពន្ធ​ប្រថាប់ត្រា ៤% នៃ​តម្លៃ​លក់​អចលនទ្រព្យ (​យោងតាម​តារាង​តម្លៃ​អចលនទ្រព្យ ដែល​បាន​វាយតម្លៃ​ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​)​។​
 
​បញ្ជាក់​៖ ការបង់ពន្ធ​ប្រថាប់ត្រា​សម្រាប់​អចលនទ្រព្យ​ដែល​មិនទាន់បាន​ចុះបញ្ជី គឺជា​លក្ខខណ្ឌ​តម្រូវ តាម​គោលការណ៍​នៃ​សេចក្តីណែនាំ​លេខ ៨៧២៦ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ដោយបាន​ចែងថា ចំពោះ​អចលនទ្រព្យ​ដែល​ពុំទាន់​បាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណ កម្មសិទ្ធិ​) នៅពេល​អចលនទ្រព្យ​នោះ ត្រូវបាន​ផ្ទេរសិទ្ធិ​កាន់កាប់​នូវ​ចំណែក​ទាំងស្រុង ឬ​ចំណែក ណាមួយ​នៃ​អចលនទ្រព្យ (​ការ​ពុះ​ជា​ឡូត៍ ឬ​ការ​បំបែក​ក្បាលដី​) អ្នកទទួល​សិទ្ធិ​កាន់កាប់ មាន កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា តាម​អត្រា ៤% ស្របតាម​ច្បាប់​ជា​ធរមាន ដូច​អចលនទ្រព្យ​ដែល បាន​ចុះបញ្ជី (​មាន​ប័ណ្ណកម្មសិទ្ធិ​) ដែរ ។ 
 
​ក្រោយពី​បាន​បង់ពន្ធ​រួចរាល់​ហើយ អ្នកស្នើសុំ​ត្រូវយក​បង្កាន់ដៃ​បង់ពន្ធ​រួចរាល់​នោះ ទៅ​ស្រុក​-​ខណ្ឌ​វិញ ដើម្បី​ដាក់​ឲ្យ​ស្រុក​-​ខណ្ឌ ពិនិត្យ និង​សម្រេច ដើម្បី​បញ្ចប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ជូន​អ្នកទិញ ត្រឹម​ថ្នាក់ស្រុក​-​ខណ្ឌ​។ ពេលនោះ​លោក​-​អ្នកនឹង​ទទួល​សំណុំ ឯកសារ​នៃ​ការផ្ទេរសិទ្ធិ អចលនទ្រព្យ​ដែល​បាន​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ​ឲ្យ​ទៅ​ឈ្មោះ​អ្នកទិញ ដោយមាន​ទាំង ឯកសារ​បញ្ជាក់​ពី​ការបង់ពន្ធ​ប្រថាប់ត្រា ៤% ។​
 
២. ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច (​មាន​ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង​)

 
​ដោយឡែក សម្រាប់​ការផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ ដែលមាន​ប្លង់រឹង (​គឺ​ដី​ដែលមាន​៖ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនទ្រព្យ​) ត្រូវ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​៖
 
​សំណុំ​ឯកសារ​ចាំបាច់​មាន​៖ ប័ណ្ណ​ដី (​ច្បាប់ដើម​) កិច្ចសន្យា​ទិញ​-​លក់ អត្តសញ្ញាណប័ណ្ណ​គូភាគី សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ (​ប្រសិនបើជា​ទ្រព្យ​ប្តី​ប្រពន្ធ​) ឯកសារ​បញ្ជាក់ ភាព​នៅ លីវ រៀបការ ឬ លែងលះ​....) លិខិត​លក់​ផ្តាច់ ឯកសារ​-​លិខិត​ផ្ទេរសិទ្ធិ សៀវភៅ គ្រួសារ ។​ល​។​
 
​ដំណើការ​នៃ​ការផ្ទេរសិទ្ធិ​៖ ត្រូវដាក់​ពាក្យស្នើសុំ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំ ណង់ និង​សុរិយោដី ខេត្ត​/​ក្រុង ឬ​នៅ​ការិយាល័យ​ភូមិបាល​ស្រុក​-​ខណ្ឌ​ក៏បាន ដែល​អចលនទ្រព្យ​ស្ថិតនៅ ដោយ​លោក​-​អ្នក​គ្រាន់តែ​បំពេញ​ព័ត៌មាន​លើ​លិខិត​លក់​ផ្តាច់ និង​លិខិត​ផ្ទេរសិទ្ធិ និង​សំណុំ​ឯកសារ​ស្នើសុំ ហើយ​ផ្តិតមេដៃ​នៅ​ចំពោះមុខ​មន្ត្រី​សុរិយោដី​។ 
​បន្ទាប់មក​ត្រូវយក​ឯកសារ​ទាំងនោះ ទៅសុំ​ហត្ថលេខា និង​បោះត្រា​ពី​មេភូមិ មេឃុំ​-​ចៅសង្កាត់ ដែលជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។ 
 
​បន្ទាប់មកទៀត ត្រូវយក​លិខិត​លក់​ផ្តាច់ ប័ណ្ណ​ដី ច្បាប់ដើម និង​ឯកសារ​ផ្ទេរសិទ្ធិ​ទៅ​ថ្នាក់ស្រុក​-​ខណ្ឌ ដើម្បី​ចុះហត្ថលេខា និង​បោះត្រា​បញ្ចប់​ការផ្ទេរសិទ្ធិ​ត្រឹម​ស្រុក​-​ខណ្ឌ​។ នៅទីនេះ លោក​-​អ្នក​ត្រូវ​ចំណាយ​ប្រហែល​២០​ម៉ឺន​រៀល សម្រាប់​តម្លៃ​រដ្ឋបាល​ស​ម្រា​ប់​ដី​មួយ​ប័ណ្ណ ហើយ​សម្រាប់​រយៈពេល​ធ្វើ ប្រហែល ១-២ អាទិត្យ នៅ​ថ្នាក់ស្រុក​-​ខណ្ឌ​។ 
 
​ក្រោយពី​ការ​ដំណើរការ​ចប់សព្វគ្រប់​នៅ​ថ្នាក់ស្រុក​-​ខណ្ឌ រួចហើយ​ត្រូវ​នាំយក​ឯកសារ​ទាំងអស់​ទៅ​ដា​ក់នៅ​មន្ទីរ សុរិយោដី​ខេត្ត​-​ក្រុង ដើម្បី​បន្ត​នីតិវិធី​ផ្ទេរ​ប្លង់រឹង​ឲ្យ​បាន​ស្របច្បាប់ និង​ត្រឹមត្រូវ ដោយ​ត្រូវ​បង់ថ្លៃ​សេវា​សុរិយោដី​ប្រហែល ៦០​ម៉ឺន​រៀល ក្នុង ១​ក្បាលដី​/​ប័ណ្ណ សម្រាប់​ដី​ក្នុង​ក្រុងភ្នំពេញ​។​
 
​រង់ចាំ​រយៈពេល​ប្រហែល ៦០ ថ្ងៃ នៅ​មន្ទីរ​សុរិយោដី លោក​-​អ្នក នឹង​ត្រូវបាន​ទំនាក់ទំនង​ឲ្យ​ទៅយក​ឯកសារ ពី​មន្ទីរ​សុរិយោដី ដើម្បី​យកទៅ​បង់ពន្ធ​ប្រថាប់ត្រា ៤% នៅ​ពន្ធដា​ខេត្ត​-​ក្រុង ឬ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ នៅទីនេះ ត្រូវ​ប្រើ​រយៈពេល​ប្រហែល ១-២ អាទិត្យ ដើម្បី​បញ្ចប់​ការបង់ពន្ធ​ប្រថាប់ត្រា​។ 
 
​ក្រោយពី​បានដាក់​លិខិត​បង់ពន្ធ​ប្រថាប់ត្រា​រួចហើយ ខាង​ពន្ធដារ និង​ចុះ​វាស់វែង​ជាក់ស្តែង​ដល់ទី​តាំង​អចលនទ្រព្យ ដើម្បី​វាយតម្លៃ​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ (​បញ្ជាក់​៖​ពន្ធ​ប្រថាប់ត្រា ៤% គឺ​គេ​គិត​៤% នៃ​តម្លៃ​អចលនទ្រព្យ​ដោយ​ផ្អែកលើ​តារាង​តម្លៃ អចលនទ្រព្យ​ដែល​បាន​វាយតម្លៃ​ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ កាលពី​ឆ្នាំ​២០១០)​។ 
 
​បន្ទាប់ពី​បញ្ចប់​ការបង់ពន្ធ​ប្រថាប់ត្រា​រួចរាល់ ត្រូវ​នាំយក​ឯកសារ​ទាំងអស់ ត្រឡប់​ទៅ​មន្ទីរ​សុរិយោដី​វិញ ដើម្បី​ឲ្យ​មន្ទីរ​សុរិយោដី​ចេញ​ប័ណ្ណ​ថ្មី ដែលមាន​ការផ្ទេរសិទ្ធិ​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​អចលនទ្រព្យ មក​ឈ្មោះ​របស់​អ្នកទិញ សរុប​រយៈពេល​រត់កា​រ​ផ្ទេរសិទ្ធិ​កាត់ឈ្មោះ​ប្លង់រឹង នៅ​មន្ទីរ​សុរិយោដី​ខេត្ត​-​ក្រុង ត្រូវ​ប្រើ​រយៈពេល​ប្រហែល ៣-៤​ខែ និង​ត្រូវ​ចំណាយ​អស់​ប្រហែល ៦០​ម៉ឺន​រៀល បូក​នឹង​ពន្ធ​ប្រថាប់ត្រា ៤% និង​កម្រៃ​សេវា​រដ្ឋបាល​ក្នុង​មន្ទីរ​មួយចំនួន​៕
 
(​ប្រភព​៖ https://www.realestate.com.kh/km/guides/land-title-in-cambodia/)
 
​អត្ថបទ​ពាណិជ្ជកម្ម​
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com