បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
គម្រោង​ណូរី​ស​ជួយ​​ស្ដ្រី​ទទួលបាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​បញ្ចៀស​ពី​ភាព​ក្រិន​របស់​ទារក​
26, Oct 2019 , 8:59 am        
រូបភាព
សៀមរាប​៖ កម្មវិធី​អាហារូបត្ថម្ភ​និង​អនាម័យ​របស់​គម្រោង ណូរី​ស បានរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​និង​អប់រំ​ឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ទទួលបាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ ក៏ដូចជា​ចេះ​ធ្វើ​អនាម័យ ដើម្បី​រួមចំណែក​ជួយ​ឱ្យ​កុមារ​បង្ការ​ពី​ភាព​ក្រិន​។ កម្មវិធី​នេះ​បាន​ជួយ​ស្ដ្រី​នៅតាម​ជនបទ​ដែល​ធ្លាប់​អនុវត្តន៍​ការរស់នៅ​បែប​ប្រ​ណៃ​ណី ខ្វះ​អនាម័យ ឱ្យ​យល់ដឹង​ពី​សុខភាព​ចាប់ពី​ពេល​មាន​ផ្ទៃពោះ​រហូតដល់​កូន​មាន​អាយុ​២​ឆ្នាំ ដែលជា​អំឡុងពេល​សំខាន់​ក្នុងការ​វិវត្តន៍​រាងកាយ​របស់​កុមារ​។​

 
​ចង់ដឹងថា គម្រោង​នេះ​បាន​ជួយ​ស្ដ្រី​អ្វីខ្លះ​ដើម្បី​បង្ការ​កុមារ​ពី​ភាព​ក្រិន សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

 
​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូច្នេះ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មិនទាន់​ល្អប្រសើរ​ទាំងស្រុង​ឡើយ​។ បញ្ហា​អនាម័យ​បរិស្ថាន ជា​អ្វីដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ស្ដារ​ឱ្យមាន​ភាពប្រសើរ​ឡើងវិញ ដ្បិតថា​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខ​ភាពល្អ នឹង​ជំរុញ​ឱ្យ​សង្គម​មួយ​មាន​ធនធាន​រឹងមាំ​នាពេល​អនាគត​។ 
 
​គម្រោង​ណូរី​ស​របស់​អង្គការ សង្គ្រោះ​កុមារ ឬ Save The Children ក៏​បាននិងកំពុង​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សុខុមាលភាព និង​អាហារូបត្ថម្ភ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ គម្រោង​នេះ​បាន​ចុះ​អនុវត្តន៍​តាម​ទីជនបទ​ក្នុងប្រទេស​កម្ពុជា ដោយបាន​បង្រៀន​ស្ដ្រី​មាន​ផ្ទៃពោះ​ឱ្យ​ចេះ​ថែទាំ ហូប​អាហារ​ចម្រុះ និង​ជួយ​ឱ្យមាន​សុខភាព​ល្អ​ដល់​ទារក​។ នេះ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​កុមារ​បង្ការ​ពី​ភាព​ក្រិន​ពេល​កើតមក​។​
 
 
​ប្រធាន​បច្ចេកទេស​គម្រោង ណូរី​ស របស់​អង្គការ Save The Children  លោក ផន យឿ​ម បានឱ្យដឹងថា ការបង្ការ​ភាព​ក្រិន​របស់​កុមារ​បាន គឺ​មានតែ​អំឡុងពេល​១​ពាន់​ថ្ងៃ​ដំបូង​រាប់​ចាប់ពី​ស្ដ្រី​ផ្តើម​មាន​ផ្ទៃពោះ ដល់​កុមារ​មាន​អាយុ​២​ឆ្នាំ​។ ភាព​ក្រិន​របស់​កុមារ គឺជា​បញ្ហា​ស្មុគស្មាញ​របស់​កម្ពុជា​ដែល​បណ្ដាលមកពី​ការបរិភោគ​ទឹក​មិន​ស្អាត កង្វះ​អនាម័យ កង្វះ​អាហារូបត្ថម្ភ ក៏ដូចជា​ការ​ឆាប់​ផ្ដាច់ដោះ​ទារក​ជាដើម​។​
 
​នៅក្នុង​ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប គម្រោង​ណូរី​សបាន​ចូលមក​នៅ​ឆ្នាំ​២០១៦ ដោយ​ក្នុង​នោះបាន​ជួយ​អ្នកភូមិ​ឱ្យ​អនុវត្តន៍​ឥរិយាបថ​មួយចំនួន​ដើម្បី​បង្ការ​កុមារ​ពី​ភាព​ក្រិះ​ក្រិន ដូចជា​ការបរិភោគ​អាហារ​ត្រឹមត្រូវ ការធ្វើ​ម្សៅ​ត្រី ហើយ​ការងារ​នេះ​អនុវត្តន៍​បាន​តាមរយៈ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ដែល​ដើរតួ​យ៉ាងសំខាន់​លើ​គម្រោង​នេះ​។​
 
​គម្រោង ណូរី​ស បានធ្វើការ​គ្របដណ្ដប់​ចំនួន ៥៦៥ ឃុំ​ទូទាំង​៣​ខេត្ត​រួមមាន​ខេត្ត ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប​។ ក្នុងនោះ​មាន​អ្នកទទួលផល​ដោយផ្ទាល់​និង​ប្រយោល​មាន​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ ហើយ​សម្រាប់​ក្រុម​ម្ដាយៗ​មាន​ចន្លោះ​ពី​៣​ទៅ​៤​ម៉ឺន​នាក់​។ រីឯ​នៅ​ខេត្តសៀមរាប គម្រោង​នេះ​បាន​ជួយ​២​ឃុំ មាន​ឃុំ​ដាន​រុន និង​ឃុំ​កំពង់​ឃ្លាំង​។​
 
 
​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ស្ដ្រី​និង​កុមារ​ឃុំ​ដាន​រុន អ្នកស្រី ឈន់ វង់ ដែល​ដើរតួ​សំខាន់​ក្នុង​គម្រោង​ណូរី​ស​នេះ​បាន​និយាយថា រាល់ថ្ងៃ​អ្នកស្រី​ហៅ​ក្មេងៗ​អាយុ​ក្រោម​២៣​ខែ​ឱ្យ​ថ្លឹង​គីឡូ រីឯ​ស្ដ្រី​មាន​ផ្ទៃពោះ​ផ្សព្វផ្សាយ​ឱ្យ​យល់​ពី​សារប្រយោជន៍​នៃ​ការថែទាំ​ផ្ទៃពោះ ឱ្យ​ពិនិត្យ​ទៀងទាត់ ណែនាំ​ឱ្យ​ហូប​អាហារ​ចម្រុះ​គ្រប់មុខ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ផ្តល់​សុខភាព​ដល់​ខ្លួនឯង​និង​កូន​ក្នុង​ពោះ​។ ក្នុងនោះ អ្នកស្រី វង់ ក៏​ចុះ​អប់រំ​ពី​ការប្រើប្រាស់​បង្គន់​អនាម័យ និង​ការសម្អាត​អនាម័យ​ខ្លួនប្រាណ​ផងដែរ​។ ក្រោយ​មាន​គម្រោង​នេះ​ចូលដល់​ភូមិ មានការ​កត់សម្គាល់ថា ស្ដ្រី​ក្នុងភូមិ​មានការ​ផ្ដាស់​ប្ដូរ​ច្រើន ដោយបាន​គិតគូរ​ពី​សុខភាព​រស់នៅ ពិសេស​យកចិត្តទុកដាក់​លើ​កូនៗ​ឱ្យមាន​ការហូបចុក​ត្រឹមត្រូវ និង​រស់នៅ​ស្អាត​។​
 
​យ៉ាងណាក៏ដោយ អ្នកស្រី វង់ ដែលជា​ចាស់ទុំ​ម្នាក់​ក្នុង​សហគមន៍ ទទួលស្គាល់ថា ការងារ​នេះ​មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ​។ អ្នកស្រី​ថា ទម្រាំ​ឱ្យ​អ្នកភូមិ​យល់​ពី​ការថែរក្សា​កូនៗ គឺ​ត្រូវ​និយាយ​អប់រំ​ច្រើនដង អ្នកខ្លះ​ក៏​មិន​យក​ចិ​ត្ដ​ទុកដាក់​ដោយ​យក​លេស​រវល់​ការងារ​ជាដើម​។ បញ្ហា​នេះ​ក៏​ត្រូវបាន​កាត់បន្ថយ បន្ទាប់ពី​ស្ដ្រី​ទាំងនោះ​មើលឃើញ​ពី​ការវិវត្តន៍​របស់​កូនៗ​ខ្លួន និង​ផ្តើម​យកចិត្តទុកដាក់​ឡើងវិញ​។ 
 
 
«​ចុះ​អប់រំ​រាល់ថ្ងៃ ព្យាយាម​លើ​ម្ដាយ ខ្ញុំ​សួរ​គាត់​ថា​ស្រឡាញ់​កូន​អត់ គាត់​ថា​ស្រឡាញ់ ខ្ញុំ​ថាបើ​ស្រឡាញ់​កូន​យើង ត្រូវ​ចេះ​ថែទាំ​ពី​យើង​មាន​ផ្ទៃពោះ​រហូត​សម្រាលកូន​បាន​២៣​ខែ អំឡុង​ពេលនោះ​ជា​ឱកាស​មានឱកាស​ប្រាក់​ឱកាស​ពេជ្រ​សម្រាប់​កូន​យើង ជា​អនាគត​កូន​យើង​ទៅមុខ បើសិន​អត់​យកចិត្តទុកដាក់​ទេ កូន​អត់​មាន​អនាគត​ល្អ​ពីព្រោះ​កូន​យើង​អត់​ឆ្លាត និង​ក្រិះ​ក្រិន​។ ពីមុន​ដល់​សព្វថ្ងៃ ផ្លាស់ប្ដូរ​ច្រើន ពីមុន​គាត់​ថែរក្សា​កូន​ទៅតាម​ធម្មតា​ដែល​គាត់​ធ្លាប់ធ្វើ​តៗ​គ្នា តែមាន​គម្រោង​ណូរី​ស គាត់​កែប្រែ​ច្រើន ហើយ​ក្មេងៗ​កាត់បន្ថយ​អត្រា​ឈឺ​...​មាន​សុខភាព​ល្អ​ជាង​មុន​»​។ នេះ​ជា​ពន្យល់​បន្ថែម​របស់​អ្នកស្រី វង់​។​
 
 
​លោក ផន យឿ​ម ក៏​កត់សម្គាល់​ឃើញថា គម្រោង​ណូរី​ស បាន​ជួយ​កាត់បន្ថយ​អត្រា​ភាព​ក្រិះ​ក្រិន​នៅ​កម្ពុជា​បាន​មួយផ្នែក​។ ក្នុងនោះ តាម​ការសិក្សា​ដំណាលគ្នា​នៅក្នុង​ឆ្នាំ​២០១៣ និង​២០១៤ ការស្រាវជ្រាវ​នៅ​កម្រិត​ថ្នាក់ជាតិ គឺមាន​អត្រា​ក្រិន​លើ​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំមាន​៣២​ភាគរយ ដោយឡែក​ក្នុង​តំបន់​ដែល​គម្រោង​អនុវត្តន៍​ថយចុះ​ប្រមាណ​៥​ទៅ​៦​ភាគរយ​ឯណោះ​។ ជាមួយគ្នា​នោះ អត្រា​ការ​បំបៅ​ដោះ​ម្ដាយ​នៅ​ម៉ោង​ដំបូង ការប្រើប្រាស់​បង្គន់​អនាម័យ ការទទួលបាន​នូវ​អាហារូបត្ថម្ភ​ត្រឹមត្រូវ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ​។​
 
​ជា​អ្នក​អប់រំ​ក្នុង​សហគមន៍​មួយរូប​ដែល​យល់​ពី​សារសំខាន់​នៃ​ការថែទាំ​សុខភាព​ម្ដាយ​និង​ទារក អ្នកស្រី វង់ ចង់ឱ្យ​ស្ដ្រី​បន្ត​ការយកចិត្តទុកដាក់​ដ​ល់​កូនៗ កុំឱ្យ​មានការ​ស្ដាយក្រោយ​ពេល​កូន​មាន​បញ្ហា​សុខភាព​៕
 




Tag:
 ណូរី​ស​
  Save the Children
  ឃុំ​ដាន​រុន​
© រក្សាសិទ្ធិដោយ thmeythmey.com