កីឡាជាតិ
ជាតិ
វិសាខា​ត្រូវការ​ឈ្នះ​ណាហ្គា​វើ​ល ដើម្បី​បាន​លេខ​២ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​សងសឹក​ភ្នំពេញ​ក្រោ​ន​
26, Oct 2019 , 11:59 am        
រូបភាព
ដោយ:
ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២៥ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួលភ្ញៀវ​ណាហ្គា​វើ​ល​នៅ​ម៉ោង​៦​ល្ងាច ខណៈ​ក្រសួងការពារជាតិ​ប៉ះ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។

 
​វិសាខា​ត្រូវការ​ឈ្នះ​ណាហ្គា​វើ​ល​នៅថ្ងៃនេះ ដើម្បី​គ្រង​តំណែង​ជើងឯក​រង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ដែលមាន​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ម្ចាស់​ជើងឯក​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត និង​តានតឹង​បំផុត ដ្បិត​ណាហ្គា​វើ​ល ក៏​ត្រូវការ​ជ័យជម្នះ​ដើម្បី​ឡើងឈរ​លេខ​២​បណ្តោះអាសន្ន ក៏ដូចជា​សងសឹក​វិសាខា ដែល​បានធ្វើ​ឲ្យ​ពួកគេ​រង​ការខកចិត្ត​ជាមួយ​លទ្ធ​ផល ៣-២ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​ផងដែរ​។​
 
​បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៥៤​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៥១​ពិន្ទុ​។ បើសិន​វិសាខា​ទទួលបាន​ជ័យជម្នះ ឬ​ស្មើ​នៅថ្ងៃនេះ នោះ​ពួកគេ​នឹង​ក្លាយជា​ជើងឯក​រង​នៅ​រដូវ​នេះ​តែម្តង ទោះបី​ពួកគេ​នៅសល់​ការប្រកួត​មួយទៀត​ក៏ដោយ​។ ប៉ុន្តែ​បើ​ជ័យជម្នះ​ធ្លាក់​ទៅលើ​ណាហ្គា​វើ​ល នោះ​តំណែង​ជើងឯក​រង​ត្រូវ​រងចាំ​ជំនួប​កាត់សេចក្តី​នៅ​សប្តាហ៍​ទី​២៦ ដោយ​វិសាខា​ប៉ះ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រីឯ​ណាហ្គា​វើ​ល​ត្រូវ​តតាំង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​នេះដែរ កីឡដ្ឋាន​ស្តា​ត​ចាស់ នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រសួងការពារជាតិ​ជាមួយ​អគ្គិសនី​កម្ពុជា​។ នេះ​គ្រាប់​តែ​ជា​ជំនួប​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​អស់​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​សូម្បីតែ​លេខ​៣​។ តែ​វា​ជា​ឱកាស​សងសឹក​សម្រាប់​អគ្គិសនី បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រសួងការពារជាតិ ៣-០ នៅ​ជើង​ទី​១​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​នៅ​លេខ​រៀង​ទី​៧​មាន​៣៥​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ស្ថិតនៅ​លេខ​១២ មាន​១៦​ពិន្ទុ​។ 
 
​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ នេះ​ក៏​ជា​ជំនួប​ដ៏​ជក់ចិត្ត​មួយ​ផងដែរ ដ្បិត​អង្គ​រថា​យ​ត្រូវការ​ឈ្នះ ដើម្បី​ជម្រះបញ្ជី​ចាស់​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​ធ្វើ​ឲ្យ​ពួកគេ​រង​ការខកចិត្ត​ក្នុង​លទ្ធផល ១-០ នៅ​ជើង​ទី​១ នា​ជំនួប​ក្រៅ​ដី​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ក៏​ត្រូវការ​ជ័យជម្នះ​ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​៤​បណ្តោះអាសន្ន​ផងដែរ​។ បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៤៥​ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៦​មាន​៤១​ពិន្ទុ​៕  
 
  

Tag:
 Cambodian League 2019
  វិសាខា​
  ណាហ្គា​វើ​ល​
  អង្គ​រថា​យ​ហ្គឹ​រ​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com