អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ សហការ​ជាមួយ​ក្រុមហ៊ុន Raintree និង Smart Axiata រៀប​កម្មវិធី Tiny Coding Cats
26, Oct 2019 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ដ្រ សហគ្រិនភាព និង​បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​មាន​មោទកភាព​លើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Raintree និង​ក្រុមហ៊ុន Smart Axiata ក្នុងការ​បង្កើត​កម្មវិធី Saturday Kids ពី​ប្រទេស​សិង្ហ​បុរី មក​រៀបចំ​ជា​កម្មវិធី​មួយ​ឈ្មោះថា Tiny Coding Cats ។ នេះ​ជា​កម្មវិធី​សរសេរ​កូដ​ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​កុមារ​ដើម្បី​គាំទ្រ​ភាព​ចង់​ចេះ​ចង់ដឹង​របស់​ពួកគេ និង​ដើម្បី​ធនធាន​ផ្នែក​បច្ចេកវិទ្យា​របស់​កុមារ​។​

​កុមារ​ឆ្លាតៗ​ទាំង​១០០​រូប​ដែលមាន​អាយុ​ចន្លោះ​ពី ៨ ទៅ​១២​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សរសេរ​កូដ​របស់​យើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ថ្ងៃទី​៥ ខែតុលា ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​ទីតាំងនៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​។ ពួកគេ​មានឱកាស​ដុះខាត់​បញ្ញា​លើ​ការដោះស្រាយ​បញ្ហា​បច្ចេកទេស​ដោយ​ប្រើប្រាស់​គំនិត​ឆ្នៃប្រឌិត តាមរយៈ​ការសរសេរ​កម្មវិធី​កុំព្យូទ័រ​។​
 
​គោលបំណង​របស់​យើង​តែមួយគត់​គឺជា​ការ​សាបព្រោះ​ចំណេះដឹង និង​ការបណ្ដុះ​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ​តាមរយៈ​បច្ចេកវិទ្យា​។​ ​យើង​ផ្ដល់ជូន​កម្មវិធី​សរសេរ​កូដ​ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្ដល់ឱកាស​ស្មើភាព​គ្នា​ដល់​កុមារ​គ្រប់រូប​ដោយ​មិន​គិតពី​ជីវភាព​គ្រួសារ​របស់​ពួកគេ​។ ក្មេងៗ​ត្រូវ​ឆ្លងកាត់​វគ្គ​ជ្រើសរើស ដោយ​មិន​ប្រកាន់​ពីបទ​ពិសោធន៍​នៃ​ការសរសេរ​កម្មវិធី​កុំព្យូទ័រ​ឡើយ​។ ក្រោយពី​បញ្ចប់​កម្មវិធី​នេះ ក្មេងៗ​មាន​សមត្ថភាព​បង្កើត​ហ្គេម និង​គំនូរជីវចល​។​
 
​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​មាន​សេចក្ដី​សោម​ន្ស​រីករាយ​ក្នុងការ​គាំទ្រ​កម្មវិធី​បែប​អប់រំ ខណៈពេល​និស្សិត​ព័ត៌មានវិទ្យា​បួនរូប​របស់​យើង បាន​ក្លាយជា​អ្នក​បណ្ដុះបណ្ដាល​សម្រាប់​ក​ម្ម​វិធី​នេះ​ផងដែរ​។ ពួកគេ​មានឱកាស​អភិវឌ្ឍ​វិធីសាស្ដ្រ​នៃ​ការបណ្ដុះបណ្ដាល​កុមារ និង​បែបបទ​នៃ​ការរៀបចំ​ថ្នាក់រៀន ដោយមាន​ការចង្អុលបង្ហាញ​ពី​អ្នកជំនាញ និង​ក្រុមការងារ​បច្ចេកទេស​ដ៏​ស្វិតស្វាញ​របស់​ក្រុមហ៊ុន Raintree​។​
 
​ក្រៅពី​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ទីក្រុង មូលហេតុ​សំខាន់​មួយ​ដែល​ក្រុមការងារ​សម្រេចចិត្ត​រៀបចំ​កម្មវិធី​នេះ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ  គឺ​ដោយសារតែ​ការផ្ដល់ជូន​នូវ​អ៊ី​ន​ធ័​រ​ណែ​ត​ល្បឿន​លឿន​ក្នុង​បរិវេណ​សាកលវិទ្យាល័យ ដែល​បច្ចុប្បន្ន​និស្សិត​ទាំងអស់​អាច​ប្រើប្រាស់​បាន​ដោយ​សេរី ។ អ៊ី​ន​ធ័​រ​ណែ​ត​ល្បឿន​លឿន​គឺជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​កម្មវិធី​សរសេរ​កូដ ហើយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​គឺជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម​កន្លែង​បណ្តុះបណ្តាល​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ផ្តល់ជូន​នូវ​សម្ភារៈ​រូបវ័ន្ដ​ដូចជា បន្ទប់​សិក្សា និង​អ៊ី​ន​ធ័​រ​ណែ​ត​ដោយ​ឥតគិតថ្លៃ​សម្រាប់​ក្មេងៗ​១០០​នាក់​ក្នុង​កម្មវិធី​នេះ​។​
 
​កន្លងមក ការរៀបចំ​កម្មវិធី​សរសេរ​កូដ​នេះ​ទទួលបាន​ភាពជោគជ័យ​លើ​កុមារ​ជាង​៥០០០​នៅក្នុង​ប្រទេស​សិង្ហ​បុរី និង​ជប៉ុន​។ ដូច្នេះ​ការចូលរួម​របស់​និស្សិត​យើង​ក្នុងនាម​ជា​អ្នក​បណ្ដុះបណ្ដាល រួមជាមួយ​អ្នក​អភិវឌ្ឍ​កម្មវិធីសិក្សា​បែប​ឌី​ជី​ផល​មកពី​ប្រទេស​ទាំងពីរ​ក្នុង​កម្មវិធី Tiny Coding Cats សបញ្ជាក់​ឲ្យ​ឃើញថា​សេវាកម្ម​អប់រំ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ ប្រកបដោយ​គុណភាព និង​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ​៕

(ព័ត៌មានពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com