ភ្នំពេញ៖ ថវិកាជាតិជាង៨ពាន់លានដុល្លារ សម្រាប់ចំណាយនៅក្នុងឆ្នាំ២០២០ ត្រូវបានរដ្ឋាភិបាលអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ តុលា។
កញ្ចប់ថវិកាជាតិឆ្នាំ២០២០ ដែលគណៈរដ្ឋមន្ត្រីបានអនុម័តនោះ គឺគ្រោងចំណាយថវិកាចំនួន៣៣,៣៣៩,៦៣៣លានរៀល ស្មើនឹងប្រមាណ៨,២២៣លានដុល្លារអាមេរិកសម្រាប់ការគ្រប់គ្រងរដ្ឋ។ នេះបើតាមហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំអនុម័តនោះ បានសរសេរបញ្ជាក់ថា ថវិកាឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកា (ផែនការលម្អិត) ដោយផ្ដោតការយកចិត្តទុកដាក់លើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូល ដែលរដ្ឋាភិបាលឱ្យនិយមន័យថា «ជាថវិកាយុទ្ធសាស្ត្រនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស»។
«ការទប់ទល់នេះ គឺតាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថេរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខាមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០»។ នេះជាការអះអាងរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលបានបន្ថែមថា ការដាក់ចេញយុទ្ធសាស្ត្រនេះ គឺស្របតាមគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ខណៈសភាពការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ ។ ជាពិសេសសំដៅទៅលើការរក្សាសន្តិភាព ស្ថេរភាព និងការទ្រទ្រង់ដំណើរការអភិវឌ្ឍឈានឡើងកម្ពុជា។
ថវិកាចំណាយសរុប ៣៣,៣៣៩,៦៣៣លានរៀល (ស្មើនឹងប្រមាណ៨,២២៣លានដុល្លារអាមេរិក)នេះ ស្មើនឹង២៨,០១ ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផសស) និងមានកំណើន២២,៧ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ ថវិកាទាំងនេះ ត្រូវចំណាយចរន្តថវិការដ្ឋ ចំនួន១៩,៨១៨,៣០៦លានរៀល ត្រូវជា១៦,៦៥ភាគរយ នៃផសស គឺមានកំណើន១០,៧ភាគរយធៀបនឹងច្បាប់ឆ្នាំ២០១៩ និងការចំណាយមូលធនថវិការដ្ឋមានចំនួន ១៣,៥២១,៣២៧លានរៀល ត្រូវជា១១,៣៦ ភាគរយនៃផសស គឺមានកំណើន៤៦,១ភាគរយធៀបនឹងឆ្នាំ២០១៩។នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្រសួងសេដ្ឋកិច្ច បានបន្ថែមថា ចំណូលចរន្តក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោង២៦ ៣៣៦ ៤៤៣លានរៀល ស្មើនឹង២២,១៣ភាគរយ នៃផសស និងមានកំណើន២៤,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ របាយការណ៍ក្រសួងសេដ្ឋកិច្ច បានសរសេរដូច្នេះថា៖«ក្នុងក្របខណ្ឌនៃគោលដៅខាងលើ រាជរដ្ឋាភិបាលត្រូវបង្កើនចំណូលសរុបថវិការដ្ឋ ឬចំណូលសរុបថវិកាជាតិឱ្យស្មើនឹង ៣២ ៦៣៩ ៦៣៣លានរៀល ក្នុងនោះចំណូលចរន្តថ្នាក់ជាតិឱ្យស្មើនឹង២៣,៨៩៩,៣២៤ លានរៀល (ដែលរួមមានចំណូលសារពើពន្ធរួមមាន២១,០៩១,១៤៥ លានរៀល និងចំណូលមិនមែនសារពើពន្ធ២,៨០៨,១៧៩លានរៀល)។ ដោយឡែកសម្រាប់ចំណូលមូលធនធានថវិការដ្ឋ ត្រូវបានគ្រោងចំនួន៦,៤៩៦,៥៣១លានរៀល ត្រូវជា៥,៤៦ភាគរយ នៃផសស គឺមានកំណើន១២,៧ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៩។ ក្នុងនោះចំណូលមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេសស្មើនឹងប្រមាណ១៩ភាគរយនៃចំណាយថវិកាសរុបរដ្ឋឆ្នាំ២០២០ប៉ុណ្ណោះ»។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងការចំណាយថវិកាជាតិ ៣៣,៣៣៩,៦៣៣លានរៀល (ស្មើនឹងប្រមាណ៨,២២៣លានដុល្លារអាមេរិក)នេះ ក៏មានកម្ចីបរទេស១៤០០លាន SDR (Special Drawing Right រង្វាស់ខ្នាតរបស់ International Monetary Fund) (ស្មើនឹង១,៩២៧លានដុល្លារ)។ ត្រង់ចំណុចនេះ ក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ការខ្ចីបរទេសសម្រាប់ការចំណាយសរុបនៅឆ្នាំ២០២០នេះ គឹរដ្ឋាភិបាលផ្អែកទៅលើ កំណើនតម្រូវការទុនវិនិយោគដ៏គំហុក ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ, គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០, ស្ថានភាពបំណុលស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម និងវែង នៅតែមានចីរភាព និងហានិភ័យកម្រិតទាប , ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងការអនុវត្តគម្រោង និងចុងក្រោយកម្ចីទាំងនោះសុទ្ធតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់។
ដើម្បីសម្រេចបំណងនៃគោលនយោបាយរដ្ឋាភិបាល ក៏ដូចជាការគ្រប់គ្រង់ថវិកាជាតិឱ្យមានប្រសិទ្ធភាពក្រសួងសេដ្ឋកិច្ច ក៏បានកំណត់ទិសដៅតាមគោលការណ៍អភិក្រមចំនួន៩រួមមាន គោរពឱ្យបាននូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច, ធានាចីរភាពនិងសមិទ្ធកម្មនៃចំណូល,ការផ្សាភ្ជាប់ការប្រមូលចំណូល ,ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងលទ្ធផលការងារជាមួយនឹងការវិភាជថវិកា ,ការកំណត់លំដាប់អទិភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃវិភាជថវិកា, ការយកចិត្តទុកដាក់លើមនុស្ស ,ការកំណត់តម្លៃជាក់ស្ដែងនៃកម្មវិធី /សកម្មភាព, ការផ្ទេរថវិកាដល់អង្គភាពអនុវត្ត, ការរក្សាតុល្យភាពនិងចីរភាពថវិកា និងការបន្តពង្រឹងភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសអំពីយន្តការដកហូតសិទ្ធិផ្គត់ផ្គង់ការប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ,ការបន្តមិនយកពន្ធលើដីស្រែចំការ និងប្រាក់បៀវត្សទាបបំផុត ,គម្រោងតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឆ្នាំ២០២០ និងផែនការពង្រាយបណ្ដាញអគ្គិសនីឲ្យបានគ្រប់ភូមិក្នុងរយៈពេល៥ឆ្នាំទៀត៕