កំណាព្យ៖ វាចា​ទន្លេសេសាន​
ពីនេះ ពីនោះ / មិនយល់...!
កំណាព្យ៖ វាចា​ទន្លេសេសាន​
26, Oct 2019 , 2:30 pm        
រូបភាព
​ត្រី​ព្រួល (​រូប​ខាងលើ​) និង​ត្រី​ត្រសក់ (​រូប​ខាងក្រោម ត្រី​មាន​ឆ្នូត​ខ្មៅ​តាម​បណ្តោយ​ខ្លួន​) នៅក្នុង​ផ្សារ​ស្ទឹងត្រែង​។
​ត្រី​ព្រួល (​រូប​ខាងលើ​) និង​ត្រី​ត្រសក់ (​រូប​ខាងក្រោម ត្រី​មាន​ឆ្នូត​ខ្មៅ​តាម​បណ្តោយ​ខ្លួន​) នៅក្នុង​ផ្សារ​ស្ទឹងត្រែង​។
 ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​អត្ថបទ​កំណាព្យ ចេញពី «​ទស្សនា​វ​ដ្តី ជលផល​កម្ពុជា​» មាន​ចំណងជើង​ថា «​វាចា​ទន្លេសេសាន​» បទ​ពាក្យ​៧ និពន្ធ​ដោយ​លោក គឹម ស៊ីណា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផលរ​តន​គិរី​។​

•​ ​ទន្លេ​ចុង​ដែន​ប៉ែក​ឦសាន​ ​ថ្លែងប្រាប់​សណ្តាន​ឲ្យ​បាន​ជ្រាប​
​គឺ​ដង​សេសា​នទី​ខ្ពង់រាប​ ​ភ្ជាប់​មក​ទំនាប​កម្ពុជា​។​
 
•​ ​សេ​សាន​បាន​ហូរ​កាត់​ស្រុកភូមិ​ ​ពុះ​ជ្រែក​ជួរ​ភ្នំ​ដង​ព្រឹក្សា​
​ហូរ​កាត់​ឆ្នេរ​ខ្សាច់​ផែន​ថ្មដា​ ​ធម្មជាតិ​រចនា​ល្អ​ឥតបី​។​
 
•​ ​ជូរ​ភ្នំ​អន្លាយ​ឆ្ងាយ​សន្លឹម​ ​ទឹក​ហូរ​រឹមៗ ប្រប​ដងព្រៃ​
​ក្រោម​ព្រះ​សូរិយា​ចាំង​រស្មី​ ​រសៀល​សូរ​រៃ​ច្រើន​អឹងកង​។​
 
•​ ​អន្លង់​ទឹក​ជ្រៅ​ត្រី​នៅ​កុំ​ ​ចម្រុះ​តូចធំ​ហែល​ត្រសង​
​មាន​ទាំង​មេ​ពូជ​ប្រុងប្រៀប​ពង​ ​ខ្លះ​ញាស់​ទាំង​ហ្វូង​ក្នុង​ជលសា​។​
 
•​ ​ខ្សែទឹក​ហូរ​កួច​នាំ​កូន​ត្រី​ ​ទើប​ពង​ញាស់​ថ្មី​ឆ្ងាយ​មេបា​
​ធ្លាក់ចូល​ព្រែក​បឹង​ស្ទឹង​នានា​ ​ដែនទឹក​កម្ពុជា​សម្បូរ​ត្រី​។​
 
•​ ​ឥឡូវ​សេសា​ន​ប្រែ​ខុស​មុន​ ​ពេល​ទឹកនាច​ជន់​ខុស​ប្រក្រតី​
​ដោយ​ប៉ែក​ខាងលើ​គេ​ទប់​ច្នៃ​ ​បិទ​បើក​យប់​ថ្ងៃ​អាស្រ័យ​គេ​។​
 
•​ ​ពេល​ជន់​ឡើង​ខ្លាំង​លិច​ខ្វាយខ្វល់​ ​ពេល​នាច​ស្រក​ដល់​បាតទន្លេ​
​អន្លង់​ត្រី​ពូជ​ក៏​ត្រូវគេ​ ​ចាប់យក​ត្រី​មេ​ជា​ចំណី​។​
 
•​ ​ចុងក្រោយ​សេសា​ន​សូមមេត្តា​ ​កុំ​ចាប់​មច្ឆា​មេ​ពូជ​ឆី​
​ទុក​ថ្ងៃក្រោយ​ទៅ​នៅមាន​ត្រី​ ​បើសិន​គិត​ខ្លី​ត្រី​ផុត​ពូជ​។​
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com