ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​ហុង​គ្រី នឹង​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ចុងខែ​តុលា​នេះ
26, Oct 2019 , 6:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួបប្រធានធិបតីហុងគ្រី Janos ADER ក្នុងដំណើរទស្សនកិច្ចនិងចូលរួមសន្និសីទស្តីពី ទឹក នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួបប្រធានធិបតីហុងគ្រី Janos ADER ក្នុងដំណើរទស្សនកិច្ចនិងចូលរួមសន្និសីទស្តីពី ទឹក នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ប្រធាន​ធិបតី​ហុង​គ្រី លោក យ៉ា​ណូ​ស អា​ឌ័​រ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់​៣០ តុលា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ តុលា​នេះ​។​


​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​ហុង​គ្រី នឹង​ចូលគាល់​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហមុនី រួមទាំង​ជា​ពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា សម្ដេច សាយ ឈុំ និង​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ផងដែរ​។ ដោយឡែក​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន វិញ ប្រធានាធិបតី​ហុង​គ្រី នឹង​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​លើ​គ្រប់​វិស័យ​រួមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់​រួមគ្នា​។​
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ហុង​គ្រី ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព ក៏ដូចជា​បង្កើន​វិសាលភាព និង​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​»​។​
​ក្រៅពីនេះ ប្រធានាធិបតី​ហុង​គ្រី យ៉ា​ណូ​ស អា​ឌ័​រ និង​ភរិយា ក៏​នឹង​ទស្សនា​ប្រាសាទ​នានា នៅក្នុង​ឧទ្យាន​អង្គរ និង​កន្លែង​សំខាន់ៗ​ទៀត នៅក្នុង​ខេត្តសៀមរាប​ផង​។​
​កាលពី​ថ្ងៃទី​១៥ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទៅ​ចូលរួម​សន្និសីទ​ស្តីពី បញ្ហា​ទឹក នៅក្នុង​ប្រទេស​ហុង​គ្រី​ផងដែរ​។ ក្នុងជំនួប​ពិភាក្សាគ្នា​ទ្វេរ​ភាគី​រវាង​សម្ដេច ហ៊ុន សែន និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី ជេ​ណូ​ស អា​ឌឺ (Janos ADER) ក៏បាន​លើកឡើង​ពី​បញ្ហា​អនុគ្រោះ​ពន្ធ​(Everything But Arms) ផងដែរ​។ ក្នុង​ប្រធានាធិបតី ហុង​គ្រី សន្យា​បន្ត​គាំទ្រ​កម្ពុជា លើ​ការដោះស្រាយ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​៕
 

Tag:
 ហុង​គ្រី​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com