អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី ស៊ូជី ខកចិត្តដែលអន្តរជាតិមិនសូវខ្វល់ខ្វាយភេរវកម្មនៅរ៉ាឃីន លោកស្រី អ៊ុងសាន ស៊ូជី និយាយនៅក្នុងវេទិការជំនួញ នៅកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានកាលពីឆ្នាំ ២០១៨, រូបភាព៖ AFP
× មីយ៉ាន់ម៉ា សោកស្តាយណាស់ ដែលអន្តរជាតិខ្វះការត្រួតពិនិត្យទៅលើក្រុមជ្រុលនិយម និងក្រុមភេរវកម្មនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលា។ បញ្ហានៅមានមតិអន្តរជាតិជាច្រើន បានរិះគន់សកម្មភាពយោធានៅក្នុងរដ្ឋរ៉ាឃីន ដែលបានបង្ក្រាបទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។
ជាការបញ្ចេញមតិនៅក្រោយសកម្មភាពយោធាបង្ក្រាបនៅក្នុងរដ្ឋរ៉ាឃីន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសាន ស៊ូជី បាននិយាយយ៉ាងដូច្នេះថា៖ «វាប្រាកដណាស់ថាមានពួកជ្រុលនិយម ដែលមិនចង់បានសន្តិភាពនៅក្នុងរដ្ឋរ៉ាឃីន...ដោយសារក្រុមភេរវកម្មច្រើន បញ្ហាគឺកំពុងតែធំធាត់យ៉ាងឆាប់រហ័ស»។ នោះគឺជាមូលហេតុ ដែលក្រុមយោធាមីយ៉ាន់ម៉ា បានវាយប្រហារទៅលើក្រុមបះបោររ៉ូហ៊ីងយ៉ានៅក្នុងឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រាប់ទីកាសែតជប៉ុន Nikkei នៅថ្ងៃទី២៤ ខែតុលា ប្រធានក្រុមប្រឹក្សារដ្ឋ ស៊ូជី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ា មានការខកចិត្តជាខ្លាំង ដែលសហគមន៍អន្តរជាតិមិនខ្វល់ខ្វាយពីបញ្ហាភេរវកម្ម ប៉ុន្តែបែបជាចាប់អារម្មណ៍តែការលុបបំបាត់ចោលពូជសាសន៍ទៅវិញ។ ជាពិសេស វាមិនមានត្រឹមតែក្រុមរ៉ូហ៊ីងយ៉ាទេ សូម្បីតែក្រុមអ្នកកាន់ព្រះពុទ្ធសាសនា ក៏កំពុងប៉ះទង្គិចគ្នាជាមួយក្រុមយោធាដែរ។
ជាមនុស្សម្នាក់ដែលទទួលបានពានរង្វាន់សន្តិភាពនៅក្នុងឆ្នាំ ១៩៩១ និងជាមនុស្សមានម្នាក់មានមុខមាត់នៅលើឆាកអន្តរជាតិ លោកស្រីស៊ូជី បានបាក់មុខជាខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា។ បន្ថែមពីលើនេះ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យក្រុមអ្នកជំនាញ ធ្វើការស៊ើបអង្កេតថាតើបទឧក្រិដ្ឋទាំងនេះ មានជាប់ពាក់ព័ន្ធជាមួយលោកស្រីក្រុមប្រឹក្សារដ្ឋឬទេ។
សូមបញ្ជាក់ថា ដោយសារតែមានការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន អាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់មីយ៉ាន់ម៉ា ហើយក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានចោទសកម្មភាពទាំងនោះថាជា«អំពើប្រល័យពូជសាសន៍»។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ប្រជាជនប្រមាណជា ៧៥ម៉ឺននាក់ បានភៀសខ្លួនទៅនៅបង់ក្លាដែស ហើយមនុស្សជាច្រើននាក់ត្រូវបានគេសម្លាប់។
Tag:
មីយ៉ាន់ម៉ា
អ៊ុងសាន ស៊ូជី
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com