សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​ខាងជើង​សំបូរ​សាកលវិទ្យាល័យ​ល្អៗ ខណៈ​អាស៊ី មាន​២​នៅ​សិង្ហ​បុរី និង​១​នៅ​ចិន​
26, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​សារព័ត៌មាន​អាមេរិក U.S. News បានបង្ហាញ​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ល្អ​ចំនួន​៥០​សម្រាប់​ឆ្នាំ​២០២០ (The 50 Best Global Universities)​។ ការវាយតម្លៃ​ផ្អែកលើ​គុណភាព​នៃ​ការស្រាវជ្រាវ និង​គុណ​តម្លៃ​ផ្សេងៗ​របស់​សាលា និង​សិស្ស​ដែល​បញ្ចប់​ការសិក្សា​។​

​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​៥០​សម្រាប់​ឆ្នាំ​២០២០ សារព័ត៌មាន U.S. News រកឃើញថា ៣២​សាកលវិទ្យាល័យ​ស្ថិតនៅ​អាមេរិក​ខាងជើង ១២​ស្ថិតនៅ​អឺរ៉ុប ៣​នៅ​អាស៊ី និង​៣​ទៀត​នៅ​អូស្ត្រាលី ដោយ​រួមមាន​ទាំង​សាលា​រដ្ឋ និង​ឯកជន​។​
 
​នៅ​អាមេរិក​ខាងជើង សាកលវិទ្យាល័យ​ភាគច្រើន​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក ដោយ​គ្រឹះស្ថាន​ឯកជន​ដូចជា Harvard University ឈរ​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ បន្ត​ដោយ Massachusetts Institute of Technology រីឯ​សាលា​រដ្ឋ​ដូចជា University of California-Berkeley និង University of Washington ជាដើម​នៅតែ​ស្ថិត​ជា​ជម្រើស​ដ៏​ល្អ​។​
 
 
 
​សាកលវិទ្យាល័យ​ដល់​ទៅ​៦​នៅ​ទ្វីបអឺរ៉ុប ស្ថិតក្នុង​ចំណោម Top 10 ជាពិសេស University of Oxford និង University of Cambridge​។ សាកលវិទ្យាល័យ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​បង្ហាញ​វត្តមាន​នៅក្នុង Top 50 មានដូចជា University of Amsterdam របស់​ហូ​ឡង់ និង Sorbonne Université របស់​បារាំង​។ សាកលវិទ្យាល័យ​ផ្សេងទៀត មាននៅ​អាល្លឺម៉ង់ ស្វី​ស និង​ដា​ណឺ​ម៉ាក​។​
 
​អាស៊ី មាន​សាកលវិទ្យាល័យ​ចំនួន​៣​ដែល​ស្ថិត​ក្នុងចំណោម Top 50 ដែល​ក្នុងនោះ​មាន National University of Singapore និង Nanyang Technoliogical University របស់​សិង្ហ​បុរី និង Tsinghua University របស់​ចិន​។ រីឯ​អូស្ត្រាលី មាន​ចំនួន​៣ គឺ University of Melbourne, University of Sydney និង University of Queensland Australia​។​
 
 
 
​សាកលវិទ្យាល័យ​កំពូលៗ​ជាច្រើន​ស្ថិតនៅ​តំបន់​ទីក្រុង ដូចជា Tsinghua University និង University of Sydney ។ សាកលវិទ្យាល័យ​ស្ថិតនៅ​តំបន់​ដែលមាន​ពលរដ្ឋ​តិចជាង​១៥០ ០០០​នាក់ មានដូចជា University of Michigan-Ann Arbor របស់​អាមេរិក និង Ecole Polytechnique Federale of Lausanne របស់​ស្វី​ស ជាដើម​៕
 

 

 

Tag:
 អប់រំ​
  សាកលវិទ្យាល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com