ជាតិ
សេដ្ឋកិច្ច
ជប៉ុន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​
26, Oct 2019 , 9:30 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម និងលោក Murayama Tsetuo នាយកក្រុម​ហ៊ុន​​ Top Planning Japan Co.Ltd រួម​ទាំង​មន្ត្រីពាក់​ព័ន្ធ​ទាំង​សងខាង​​​
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម និងលោក Murayama Tsetuo នាយកក្រុម​ហ៊ុន​​ Top Planning Japan Co.Ltd រួម​ទាំង​មន្ត្រីពាក់​ព័ន្ធ​ទាំង​សងខាង​​​
ដោយ:
​ភ្នំពេញ​៖ អ្នកវិនិយោគ​មកពី​ជប៉ុន គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​។ គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន Top Planning Japan Co., Ltd លើកឡើង​នៅក្នុង​ជំនួប​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី ២៤ ខែតុលា​។


​ផ្អែក​តាម​ការសិក្សា និង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ជប៉ុន​រួចមក ជា​លទ្ធផល​អ្នកវិនិយោគ​ជប៉ុន​បាន​កត់សម្គាល់ថា រសជាតិ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា មាន​រសជាតិ​ល្អ​ជាង​រសជាតិ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​វៀតណាម ឥណ្ឌា និង​អាហ្វ្រិក​។ ទាក់ទង​នឹង​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ លោក Murayama Tsetuo នាយក​ក្រុមហ៊ុន Top Planning Japan Co., Ltd បាន​បញ្ជាក់ថា ទោះបី​គ្រាប់ស្វាយចន្ទី​កម្ពុ​ជាមាន​រសជាតិ​ល្អ​ក៏ពិតមែន តែ​បរិ​មាណនៃ​ការដាំ​និង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ដែល​មិនទាន់​ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​នៅឡើយ​។ 
 
​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក Murayama Tsetuo បានបញ្ជាក់​ប្រាប់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម យ៉ាង​ដូច្នេះ​ថា​៖«​ជារួម​គុណភាព អនាម័យ បរិមាណ​ផលិត ការប្រើប្រាស់​បច្ចេកវិទ្យា​ដាំ​ដុះ និង​កែច្នៃ​ផលិតផល​គ្រាប់ស្វាយចន្ទី​នៅមានកម្រិត ហើយ​កត្តា​អវិជ្ជមាន​ទាំងនេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា​កម្រិតស្តង់ដារ​អន្តរជាតិ ធ្វើយ៉ាងណា​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ចំណុច​អវិជ្ជមាន​ទាំងនេះ ដើម្បី​ឈានទៅ​លើកកម្ពស់​បរិមាណ គុណភាព និង​អនាម័យ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ឲ្យ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពិភពលោក​នាពេល​អនាគត​»​។ 
 
​ដើម្បី​ឲ្យ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ​ប្រព្រឹត្ត​ទៅដោយ​ភាពជោគជ័យ​នឹង​សមស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ លោក Murayama Tsetuo នាយក​ក្រុមហ៊ុន Top Planning Japan Co., Ltd និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នឹង​សហការគ្នា ដើម្បី​ជំរុញ​ឲ្យ​ចង្វាក់​ខ្សែ​ផលិតកម្ម​មួយ​នេះ ប្រកបដោយ​ភាពជោគជ័យ​។ 
​ឆ្លើយតប​នឹង​បំណង​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​ចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា គម្រោង​នេះ គឺ​ស្រប​នឹង​គោលនយោបាយ​របស់​ក្រសួង ដែល​កំពុងតែ​ខិត​ឲ្យ​ចង្វាក់​ផលិតកម្ម មានការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដាំ​ដុះ កែច្នៃ និង​ការ​វេច​ខ្ចប់ ប្រកបដោយ​គុណភាព អនាម័យ​។ 
 
​លោក វេ​ង សាខុន  ក៏​ជឿជាក់ថា គម្រោង​នេះ​នឹង​អាច​ឆាប់​លេចចេញ​ជា​រូបរាង និង​ដំណើរការបាន​យ៉ាង​រលូន​។ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បានស្នើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន រៀបចំ​ផែន​ការដាំដុះ ឯកសារ​ផ្លូវច្បាប់ បច្ចេកទេស ចងក្រង​សហគមន៍​ផលិត និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ឲ្យ​ពលរដ្ឋ​ដែលជា​កសិករ មានការ​ងារ​ធ្វើ និង​រក​ចំណូល​ពី​ការដាំ​ស្វាយចន្ទី និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ក្រុមហ៊ុន និង​សេដ្ឋកិច្ចជាតិ​។ 
 
​ក្រៅពី​គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន​ក៏​កំពុងតែ​ពិចារណា​លើ ការដាំដុះ និង​កែច្នៃ​សណ្តែក​ផ្កាយ ការចិញ្ចឹម​ឃ្មុំ​ក្នង​ចម្ការ​ស្វាយចន្ទី និង​ការចិញ្ចឹម​ជ្រូក​សាច់​សរីរាង្គ​ផងដែរ​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ៤​កន្លែង​តែប៉ុណ្ណោះ ក្នុងនោះ​មាននៅ​ក្នុង​ខេត្ត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ព្រះវិហារ​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 
 
​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ដដែល នៅ​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ជាង​១៧​ម៉ឺន​ហិកតា ដែល​អាច​ផ្តល់​ផល​គ្រាប់ស្វាយចន្ទី​បាន​ជិត ១៣៧​ម៉ឺន​តោន​៕ 
 
 
 

Tag:
 ជប៉ុន​
  ​គ្រាប់ស្វាយចន្ទី​
 ​ សេដ្ឋកិច្ច​
 ​ កសិកម្ម
 ​ រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com