ជាតិ
សិល្បះ
លោក យាង វណ្ឌី៖«យើងចាយប្រាក់ផ្ទាល់ខ្លួន ព្រោះការស្រាវជ្រាវនេះមានតម្លៃសម្រាប់ជាតិ Front. Cre. ទស្សនិកជនកំពុងអង្គុយរង់ចាំទស្សនាការចាក់បញ្ចាំងភាពយន្តកាលទសវត្សរ៍ឆ្នាំ៦០ ក្នុងសាលCKCC នៃកម្មវិធីមួយម៉ឺនអាល័យ រៀបចំដោយក្រុមពរះសុរិយា
× ភ្នំពេញ៖ ជនជាតិខ្មែរមួយចំនួន តែងគិតថាសិល្បៈមិនមានសារសំខាន់ បានត្រឹមតែសប្បាយឬគ្រាន់តែជាគ្រឿងកំដរអារម្មណ៍។ ប៉ុន្តែជាការពិតដែលមិនអាចប្រកែកបាន នៅពេលមនុស្សពិបាកចិត្តឬជួបវិបត្តិអ្វីមួយ ពួកគេតែងតែស្វែងរកសិល្បៈដើម្បីព្យាបាល។ ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីស្រាវជ្រាវភាពយន្តទសវត្សរ៍ឆ្នាំ៦០ ស្ថាបនិកក្រុមព្រះសុរិយាលោក យាង វណ្ឌី ថាកិច្ចការទាំងនោះមានតម្លៃសម្រាប់ជាតិ។
ប្រាប់សារព័ត៌មានថ្មីៗ ក្នុងថ្ងៃបើកម្មវិធី ”មួយម៉ឺនអាល័យ” លើកទី៥នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ កាលពីថ្ងៃទី២២ខែតុលា លោក យាង វណ្ឌី កត់សម្គាល់ឃើញថា មនុស្សភាគច្រើនតែងគិតថា សិល្បៈមិនមានតម្លៃ មិនមានប្រយោជន៍ គេមិនថែរក្សា តែពេលដែលមនុស្សពិបាកចិត្តគ្រប់គ្នាបែរជាត្រូវការសិល្បៈ។ ចាយប្រាក់ផ្ទាល់ខ្លួនក្នុងដំណើរការស្រាវជ្រាវភាពយន្តទសវត្សរ៍ទី៦០ ស្ថាបនិកក្រុមព្រះសុរិយារូបនេះ ថាក្រុមរបស់ខ្លួនសប្បាយចិត្តនឹងធ្វើកិច្ចការនេះ។
លោក យាង វណ្ឌី ស្ថាបនិកក្រុមព្រះសុរិយាឈរថ្លែងសុន្ទរកថាក្នុងថ្ងៃបើកកម្មវិធីមួយម៉ឺនអាល័យលើកទី៥នៅCKCC
«គេអាចគិតថាពួកយើងធ្វើរឿងដែលគ្មានប្រយោជន៍ ប៉ុន្តែសម្រាប់យើងវាពិតជាមានតម្លៃណាស់។ ទោះបីយើងមានប្រាក់រាប់លានដុល្លារ យកមកថតរឿងទាំងនោះឡើងវិញ ក៏យើងមិនអាចទៅគាស់សិល្បករ ដូចជាលោក គង់ សំអឿន លោក ណុប ណែម អ្នកស្រី វិជ្ជរា ដានី ជាដើម ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ឱ្យមកសម្ដែងឡើងវិញបានដែរ។ ១០០ឆ្នាំក្រោយភាពយន្តទាំងនោះនឹងមានតម្លៃ ដូចជាប្រាសាទអង្គវត្ត ឬសម្បត្តិបេតិកភណ្ឌជាតិផ្សេងៗទៀតដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យាង វណ្ឌី។
តាំងពីឆ្នាំ២០១០មក ក្រុមព្រះសុរិយាបានស្រាវជ្រាវឃើញចំណងជើងភាពយន្ត កាលពីទសវត្សរ៍ឆ្នាំ៦០ចំនួនប្រមាណ៥០០រឿង។ ភាពយន្តជាហ្វាលឌីជីថលមានចំនួន៤០រឿង។ ក្រៅពីនោះនៅមានហ្វីល១៨ដុំ គិតជាភាពយន្តមានចំនួន១២រឿង។ ភាពយន្តភាគច្រើនត្រូវបានរកឃើញនៅប្រទេសថៃ។ សម្រាប់គុណភាពរឿង ក្នុងចំណោមភាពយន្តដែលក្រុមព្រះសុរិយាមានក្នុងដៃសរុប ភាពយន្តដែលមានគុណភាពច្បាស់មានប្រមាណតែ២ទៅ៣ភាគរយតែប៉ុណ្ណោះ៕
Tag:
សិល្បៈ
ភាពយន្ត
ក្រុមព្រះសុរិយា
© រក្សាសិទ្ធិដោយ thmeythmey.com