ជាតិ
សង្គមជាតិ
ផ្លូវ​ទាំង ៣៤ ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ ចាប់ផ្ដើម​ស្ថាបនា​
26, Oct 2019 , 3:33 pm        
រូបភាព
 រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
 ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញ លើផ្លូវ​សរុប ៣៤ ខ្សែ ប្រវែង​ជាង ៨៤​គីឡូម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ បានចាប់ផ្ដើម​អនុវត្ត​ជា​បណ្ដើរៗ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

 
​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជាក់ថា ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ គឺមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍ ក្នុងនោះ​មាន​កងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ ប្រវែង ៩.៣៦៥​ម ចំនួន ០១ ខ្សែ​។ កងវិស្វកម្ម លេខ ១៧៨ ស្ពាន​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ ប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនា ប្រវែង​សរុប ២៣.៣៦០​ម ចំនួន ០៥​ខ្សែ​។ ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ស្ថាបនា មហាវិថី​រាម​លេខ ៤៥ និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ ៧០៥ ប្រវែង​សរុប ១១.៦០៣​ម ចំនួន ០២​ខ្សែ​។  ក្រុមហ៊ុន សារ​ជីវ​កម្ម ពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែង​សរុប ១២.៥៧២​ម​. ចំនួន ០៩​ខ្សែ ។ ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ លេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម ចំនួន ១​ខ្សែ និង ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែង​សរុប ៥.៥៦២​ម ចំនួន ០៥ ខ្សែ​។​
 
  
រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន 
​តាម​ផែនការ​គ្រោងទុក «​មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ផ្លូវបំបែក​រាម មកកាន់​ក្រុងព្រះសីហនុ ដោយ​ចំណាយ​រយៈពេល​ក្រោម ៣០​នាទី​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​
 
​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​រង​ការខូចខាត​ទាំងស្រុង ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក​របស់​ជនជាតិ​ចិន​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​ត្រូវការ​ពេលវេលា​ប្រមាណ​ជា ៨​ខែ ឬ​១​ឆ្នាំ ដើម្បី​ស្ថាបនា​ផ្លូវ​ទាំងនោះ​ឡើងវិញ​។ 
 
  
រូបពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន

​បើតាម​លោក ភារ​ម្យ ក្រៅពី​បញ្ហា​ផ្លូវថ្នល់ ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ក៏​កំពុង​ជួប​បញ្ហា​ជាច្រើន​ទៀតផង​ដែរ បញ្ហា​សំរាម ប្រព័ន្ធ​លូ​រំដោះ​ទឹក អាង​ចម្រោះ​ទឹកស្អាត និង​បញ្ហា​សន្តិសុខ​ជាដើម​ផងដែរ​។​
 
« ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ នឹង​ភ្ញាក់ផ្អើល​ជាមួយ​ស​មិ​ទ្ឋ​ផល​ថ្មី ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​កើតមាន​នៅពេល​ខាងមុខ​នេះ​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​តាម​ផែនការ គឺ​មិនមែន​ត្រឹម​អាជ្ញាធរខេត្ត​ទេ គឺ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ឲ្យ​អស់​ល​ទ្ឋ​ភាព ដើម្បី​ប្រែក្លាយ​ទីក្រុង​មួយ​នេះ ឲ្យ​ទៅជា​ទីក្រុង​បៃតង និង​ជាទី​ក្រុង​ទេសចរ​ណ៏​ដ៏​ទំនើប សម្រាប់​បងប្អូន​កម្ពុជា មក​កម្សាន្ត​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​៕






Tag:
 ហេដ្ឋារចនាសម្ព័ន្ធ​
  ថវិកាជាតិ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com