ជាតិ
សង្គមជាតិ
លោកយាយ ឈឿន ម៉ៃ ឃើញ​រូបថត​នឹក​ក្របី​ដែល​បាត់ទៅ​ឆ្ងាយ​
26, Oct 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ ក្រុមចោរ​មកពី​តំបន់​ឆ្ងាយ បាន​ចូល​លួច​ក្របី​របស់​អ្នកភូមិ​បុស្ស​ធំ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង អស់​ជាច្រើន​ក្បាល​។ លោកយាយ ឈឿន ម៉ៃ ម្នាក់​ក្នុងចំណោម​អ្នកភូមិ​ឯទៀត​ដែល​បាត់​ក្របី បាន​រៀបរាប់ថា ការបាត់​ក្របី​នេះ​ធ្វើឱ្យ​លោកយាយ​បាត់បង់​ចំណូល​ប្រចាំឆ្នាំ ដែល​ធ្លាប់​លក់​សម្រាប់​ដោះ​ទាល់​ជីវភាព​។ សព្វថ្ងៃ ក្របី​ដែល​បាត់​នោះ នៅសល់​ត្រឹម​រូបថត​តែប៉ុណ្ណោះ​។​

 
​ការ​នឹករឭក​ដល់​ក្របី​មេ​ទាំង​៦​ក្បាល បាន​កើតឡើង​សាជាថ្មី បន្ទាប់ពី​ផ្ទាំង​រូបថត​សត្វ​ក្របី អមដោយ​ចៅៗ​២​នាក់​កំពុង​ដឹក​ចេញពី​ស្រែ ដែល​ត្រូវបាន​ជាង​ថត​មួយរូប ផ្តិត​បាន​កាលពី​ជិត​២​ឆ្នាំមុន​។ លោកយាយ ម៉ៃ បាន​ផ្ចិតផ្ចង់​ទៅនឹង​រូបភាព​នោះ​យ៉ាង​យកចិត្តទុកដាក់ និង​ដោយ​អារម្មណ៍​នឹង​រឭក​ក្របី​ជាខ្លាំង​។ ការ​ឃ្លាតឆ្ងាយ​នៅពេលនេះ មិនមែន​ដោយសារ​ការលក់ដូរ​ទេ តែ​ត្រូវ​ក្រុមចោរ​មួយក្រុម​ចូល​លួច​កាលពី​ដើមខែ កក្កដា កន្លងទៅ ដែល​ធ្វើឱ្យ​លោកយាយ ម៉ៃ សោកសៅ​ជាខ្លាំង​។​
 
 
 
​លោកយាយ ម៉ៃ ពោលថា​៖« ពេល​បាត់​មាន​អារម្មណ៍​ស្ដាយ កើតជា​ឈឺ គិត​អត់​ឃើញ​ទេ វា​អស់​ច្រើនពេក​»​។ លោកយាយ​បន្តថា  យប់​ថ្ងៃកើតហេតុ​ខ្លួន​បាន​គេង​នៅលើ​គ្រែ​ក្រោមផ្ទះ និង​បាន​ក្រោក​មើល​ជាប្រចាំ​ដោយ​គ្មាន​សកម្មភាព​អ្វី​សោះ លុះដល់​ម៉ោង​៣​ក្រោយពេល​លោកយាយ​ឆ្លៀត​គេង​មួយ​ភ្លែត ក៏​បាត់​ក្របី​ទាំង​១០​ក្បាល​តែម្ដង​។ ភ្លាមៗ គ្រួសារ​លោកយាយ ម៉ៃ បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ចុះ​រក​ទាំងយប់ ក៏​ប្រទះឃើញ​ក្របី​៤​ក្បាល ដែល​រួច​ពី​ការ​ឃ្វៀល​របស់​ចោរ​មកវិញ​។ យ៉ាងណា ក្របី​ដែល​មកវិញ ជា​ក្រ​បីកូនៗ ឯ​៦​ក្បាល​ដែល​បាត់ សុទ្ធតែ​មេ​ធំៗ​។​
 
«​វា​ខាតបង់​ច្រើន ដូចជា ធ្លាប់មាន​ចិញ្ចឹម​ទៅ ម៉ា​ឆ្នាំ​ខ្ញុំ​លក់បាន​១​ឬ​២ ខ្ញុំ​ចេះតែ​ចិញ្ចឹម​ចៅ ចិញ្ចឹម​កូន​វា​ទៀត ដល់ពេល​វា​បាត់អស់​ចឹ​ង​ទៅ ក៏មាន​អ៊ី​ហ្នឹង​ចិញ្ចឹម​ទៀត​។ បើ​ខ្ញុំ​លក់ មួយ​ក្បាល​អាច​បាន​៩០០​ទៅ​១០០០​ដុល្លារ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកយាយ ម៉ៃ​។ 
 
 
 
​អភិបាលស្រុក​ប្រាសាទបាគង លោក សូរ ប្លា​តុង ប្រាប់ថា ពិតជា​មាន​ករណី​បាត់គោ​ក្របី​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​មែន ប៉ុន្តែ​ជនល្មើស​ត្រូវ​ចាប់បាន​ហើយ​កន្លងទៅ​ប្រមាណ​២​ខែ​មកនេះ ហើយក៏​លែងមាន​ករណីនេះ​ទៀត​ដែរ​។ លោក​អភិបាលស្រុក​មិនបាន​បញ្ជាក់​ពី​ចំនួន​គោក្របី​ដែល​បាន​បាត់​ក្នុងភូមិ​សាស្ដ្រ​លោក​ទេ តែ​ថា​មាន​ច្រើន​ក្បាល​និង​ច្រើន​ករណី​ដែរ​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ដែល​បាន​ចាប់បាន​ក្នុង​ក្រុង​សៀមរាប មេខ្លោង​ក្នុងករណីនេះ​គឺ​ឈ្មួញ​រកស៊ី​គោ​នៅ​ខេត្តពោធិ៍សាត់​។​
 
​តាម​ការលើកឡើង​រប​ស់លោក​យាយ ម៉ៃ មុន​នោះ​ប្រមាណ​ថ្ងៃ ផ្ទះ​ប្អូន​លោកយាយ​ដែល​នៅក្បែរនោះ ក៏បាន​បាត់​ក្របី​៣​ក្បាល និង​ផ្ទះ​ប្អូនថ្លៃ​ដែល​នៅ​ភូមិ​ជិតគ្នា​នោះ ធ្លាប់​បាត់​៥​ក្បាល​ផងដែរ​។ អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​លោកយាយ ម៉ៃ​ថា ឱ្យ​ចេះ​ថែរក្សា​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង ព្រោះថា​កម្លាំង​មិនអាច​ចុះ​ការពារ​តាម​ផ្ទះ​អស់​បានទេ​៕
 
 
 

 

 

Tag:
 ភូមិ​បុស្ស​ធំ​
  ក្របី​
  ឈឿន ម៉ៃ​
© រក្សាសិទ្ធិដោយ thmeythmey.com