ជាតិ
សង្គមជាតិ
និស្សិត​ផ្នែក​ចម្លាក់ ឈិន ពិសិដ្ឋ​៖ «​លោក Beat Richner បានឱ្យ​ជីវិត​ទី​២​ដល់​ខ្ញុំ​»
26, Oct 2019 , 10:59 pm        
រូបភាព
 រូប​សំណាក​លោក​Beat Richner កាន់​ទារក​ក្នុង​ដៃ តាំង​ក្នុង​បរិវេណ​សាលា​រចនា
រូប​សំណាក​លោក​Beat Richner កាន់​ទារក​ក្នុង​ដៃ តាំង​ក្នុង​បរិវេណ​សាលា​រចនា
​ភ្នំពេញ​៖ លោក ឈិន ពិសិដ្ឋ គឺជា​អតីត​កុមារា​ដែល​ធ្លាប់​ទទួលបាន​ការព្យាបាល​ជំងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ លោក ឈិន ពិសិដ្ឋ បានសម្រេច​ចិត្ត​ឆ្លាក់​រូបលោក Beat Richner  សម្រាប់​ស្នាដៃ​បញ្ចប់​ថ្នាក់​បរិ​ញ្ញា ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​នៃ​ការជួយ​សង្គ្រោះ​លោក ។ រូបចម្លាក់​លោក Beat Richner ក្រោម​ប្រធានបទ​”​វីរៈបុរស​មនុស្សធម៌​” ជា​ស្នាដៃ​រួម​របស់​និស្សិត ឈិន ពិសិដ្ឋ និង​និស្សិត ព្រិច ពៅ​។


​លោក ឈិន ពិសិដ្ឋ ដែល​រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប ឯកទេស​ចម្លាក់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ចំពោះ​រូបសំណាក​លោក Beat Richner ថា ការលះបង់​រប​ស់បុរ​សជន​ជាតិ​ស្វី​សរូប​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កុមារ​និង​ប្រជាជន​កម្ពុជា​។


 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



​ស្ថិតក្នុង​វ័យ​២៦​ឆ្នាំ បុរស​ដែល​ធ្លាប់​ទៅ​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​កុមារភាព​លោក ឈិន ពិសិដ្ឋ  បានបញ្ជាក់​ដូច្នេះ​៖«​លោក Beat Richner មិន​ត្រឹមតែ​ជា​វីរៈបុរស​របស់ខ្ញុំ​ឡើយ ប៉ុន្តែ​លោក​គឺជា​វីរៈបុរស​សម្រាប់​កុមារ​កម្ពុជា​គ្រប់រូប​។ មាតាបិតា​ជាច្រើន​មាន​ក្ដីសង្ឃឹម​និង​ស្នាមញញឹម​ឡើងវិញ ដោយសារ​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។​
 
​ចំណែក​លោក ព្រិច ពៅ បាន​ពន្យល់​ពី​បច្ចេកទេស​នៃ​ការ​ឆ្លាក់​រូបលោក Beat Richner ដោយមាន​តែមួយ​កំណាត់​ខ្លួន និង​មានតែ​ដៃ​ឆ្វេង​មួយ​ចំហៀង​៖«​សិល្បៈ​បែប​ទំនើប​គេ​ផ្ដោតទៅលើ​អត្ថន័យ ចៀស​ជាង​ការ​ឆ្លាក់​ឱ្យ​ដូច​រូប​ពិត​ទាំងស្រុង​។ យើង​ចង់ឱ្យ​អ្នកមើល គាត់​ផ្ដោតអារម្មណ៍​លើ​អ្វីដែល​ពួកយើង​ចង់បង្ហាញ​»​។

   
 សាស្ត្រា​ចារ្យ​ដឹក​នាំ​ស្នាដៃ រួម​ទាំង​សាស្ត្រា​ចារ្យ​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ថត​នៅ​មុខ​រូប​សំណាក​លោក Beat Richner ក្នុង​បរិវេណ​សាលា

​គោលបំនង​សំខាន់​ដែល​និស្សិត​ទាំងពីរ​ចង់បង្ហាញ តាមរយៈ​ស្នាដៃ​ចម្លាក់​របស់ខ្លួន​នេះ គឺ​ពួកគេ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ចងចាំ​ពី​វីរភាព និង​ការលះបង់​របស់លោក Beat Richner សម្រាប់​កុមារ​កម្ពុជា និង​ប្រជាជន​កម្ពុជា​គ្រប់រូប​។ និស្សិត​ទាំងពីរ​ក៏បាន​សំណូមពរ​ដល់​សាធារណជន ផងដែរ លើ​ការចូលរួម​ជួយ​ជ្រោមជ្រែង​មន្ទីរពេទ្យ​គន្ធបុប្ផា​៖«​ប្រជាជន​គ្រប់រូប​អាចជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​ការបរិច្ចាគ​នៅតាម​ធុង​មូលនិធិ​នានា​។ យើង​មិនចាំបាច់​ធ្វើ​រាល់ថ្ងៃ​ទេ ប៉ុន្តែ​យើង​អាច​ចូលរួម​នៅពេលដែល​មានការ​រៃអង្គាស​»៕
​ 

Tag:
 និស្សិត​
 ​ប្រឡង​
  ចម្លាក់​
  Beat Richner
  គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com