អត្ថបទ៖ ស៊ីធី
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកនិងជាម្ចាស់ក្លិប Cambodian Top Team ដាក់គោលការណ៍ទទួលកីឡាករវ័យក្មេងជំនាន់ក្រោយដើម្បីស្នងតំណែងគុនខ្មែរ និង គុនចម្រុះក្នុងគោលដៅទៅប្រកួតលើកឆាកអន្តរជាតិឲ្យកាន់តែមានលទ្ធផលល្អប្រសើរ។
ម្ចាស់ក្លិប Cambodian Top Team ប្រាប់ថា៖«បាទបង... យើងហាត់សុខភាពផង ប៉ុន្តែ មិនភ្លេចចំពោះកូនសិស្សអាជីពនោះទេ។ កូនសិស្សអាជីពខ្ញុំទទួលហាក់រើសបន្តិច មិនមែនចេះតែយកៗទេ។ បច្ចុប្បន្ន ខ្ញុំមានកីឡាករវ័យក្មេង ៣ នាក់ដែលមើលទៅមានទេពកោសល្យល្អ។ ឥឡូវនេះមានកូនសិស្សក្មេង មត្ស្យ ច័ន្ទរាជ្យ ទើបអាយុ ១០ ឆ្នាំ ប៉ុន្តែឡើងប្រកួតបានចំនួន ៤ ដង ឈ្នះ ២ និង ចាញ់ ២ដង។ គេមានវ៉ៃមានក្បាច់ល្អ និង ទេពកោសល្យល្អ»។
ការដាក់គោលដៅរើសកីឡាករក្មេងៗនេះ ដើម្បីបន្ថែមពីលើកូនសិស្សដែលមានស្រាប់ ដូចជា រិន សារ័ត្ន, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, និង ចាន់ សំអាត ជាដើម។ គ្រូបង្វឹកដដែលសង្កត់ធ្ងន់ថា ៖«ក្មេងៗខ្លះ គេចង់ហាត់ណាស់ហើយអាណាព្យាបាលក៏ចង់ឲ្យហ្វឹកហាត់ដែរ ប៉ុន្តែ ពួកគេធ្វើតេស្តធ្លាក់ ដូច្នេះខ្ញុំសម្រេចអត់យកមកហាត់ទេ។ មិនថាឥឡូវ ឬ ឆ្នាំថ្មី ខ្ញុំនៅបន្តរើសកុមារតូចៗមកហ្វឹកហាត់ទៀតនៅក្លិបរបស់ខ្ញុំជាបន្តបន្ទាប់បើសិនមានដុង»។
ជាមួយគ្នានោះ កីឡាករវ័យក្មេង មត្ស្យ ច័ន្ទរាជ្យ មានត្រឹមវ័យ ១០ ឆ្នាំមកពីស្រុកសំរោងទងខេត្តកំពង់ស្ពឺបានបង្ហើបថា៖«ឳពុកម្ដាយរបស់ខ្ញុំស្រលាញ់ប្រដាល់ គាត់ជំរុញខ្ញុំហ្វឹកហាត់។ ខ្ញុំចង់ល្បីដូច សុខ ធី ព្រោះគាត់ខ្លាំង ហើយ ខ្ញុំចង់ចេញទៅប្រកួតនៅក្រៅប្រទេសដូចគាត់ដែរ។ ខ្ញុំមកហាត់នៅក្លិបប្រហែល ១ ឆ្នាំមកហើយ។ ខ្ញុំចង់ឡើងប្រកួត ហើយសប្បាយចិត្ត»។
ក្រៅពីបង្ហាត់កីឡាករអាជីព Cambodian Top Team ក៏កំពុងបង្ហាត់កូនសិស្សដែលមកហាត់សុខភាពជាង ៣០ នាក់ផងដែរជារៀងរាល់ថ្ងៃនាពេលល្ងាចដល់ម៉ោង ៨ យប់បន្ទាប់កូនសិស្សអាជីពហ្វឹកហាត់ចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ៦ ល្ងាច។ ថ្មីៗនេះ លោក ហ៊ុន ច័ន្ទរាជ្យ មិនត្រឹមតែរវល់ច្រើនក្នុងការបង្ហាត់កូនសិស្សទេ ប៉ុន្តែថែមទាំងមមាញឹកក្នុងតួនាទី Promoter នាំកីឡាករទៅប្រកួតនៅក្រៅប្រទេស ដូចជាថៃ , មីយ៉ាន់ម៉ា និង កម្មវិធី ONE Championship ជាដើម។
ក្លិប Cambodian Top Team ត្រូវបានបង្កើតឡើងយដោយលោក ហ៊ុន ច័ន្ទរាជ្យ នៅឆ្នាំ ២០១៣ ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមនរាជធានីភ្នំពេញ ដោយទំហំទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ។ បើមានកូនសិស្សចង់ហ្វឹកហាត់អាជីព ឬ ហាត់ដើម្បីសុខភាពមាំមួន ឬ ចង់ចេះក្បាច់គុន សូមទាក់ទងតាមរយៈលេខទូរសព្ទពីរខ្សែ មានភាសាខ្មែរ 012 282 282 និង និយាយជាភាសាអង់គ្លេសតាមរយៈលេខ 089 333 705។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕