ភ្នំពេញ៖ ការចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធផែនការលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មិនមែនជាការរំលោភសិទ្ធិមនុស្សឡើយ ប៉ុន្តែជាកិច្ចការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ប្រទេស។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិជាតិ និងអន្តរជាតិ ដែលរិះគន់ចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរ ដែលចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងជាបន្តបន្ទាប់ នៅក្នុងរយៈពេលចុងក្រោយ។
រដ្ឋមន្ត្រីមហាផ្ទៃ បានបកស្រាយសកម្មភាពនៃការវិលត្រឡប់របស់លោក សម រង្ស៊ី នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ គឺក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល និងទម្លាក់ព្រះមហាក្សត្រ ដែលផ្ទុយពីសកម្មភាពមាតុភូមិនិវត្ត កាលពីឆ្នាំ២០១៣។ ក្នុងន័យនេះសម្ដេច ស ខេង ព្យាយាមពន្យល់ថា ការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្សី កាលពីអាណត្តិទី៥នោះ គឺដោយសារទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីធ្វើជាប្រធានបក្សនយោបាយស្របច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ដោយសារយល់ឃើញបែបនេះ ទើបសម្ដេច ស ខេង អះអាងថា រាល់សកម្មភាពពាក់ព័ន្ធផែនការលោក សម រង្ស៊ី គឺត្រូវទប់ស្កាត់។
តាមរយៈហ្វេសប៊ុកផ្លូវការ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរដូច្នេះថា៖«ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីម្តងទៀតថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឱ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ »។
សម្រាប់ប្រមុខក្រសួងមហាផ្ទៃរូបនេះ សកម្មលោក សម រង្ស៊ី អំពាវនាវឱ្យកងទព័ជាតិផ្ដាច់ខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល, ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់, ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ,ការថ្លែងជាសាធារណៈទាមទារឱ្យព្រះមហាក្សត្រដាក់រាជ្យ នោះគឺ សកម្មភាពខុសច្បាប់ ។
រយៈពេលចុងក្រោយនេះ សកម្មជន មន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធផែនការលោក សម រង្ស៊ី ។ហើយពួកគេភាគច្រើន ត្រូវបានតុលាការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។
គិតត្រឹមថ្ងៃទី១៨ តុលា មានសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ៤៩នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរងការចោទប្រកាន់ពីតុលាការ។ ជាពិសេសករចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់ទៀត។ ក្នុងចំណោមអ្នកទាំង៤៩នាក់នោះ មានស្ត្រី៦នាក់ផងដែរ។ នេះបើតាមព័ត៌មានរបស់អ្នកស្រី មួ សុខហួរ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបានសរសេរTwitter ខ្លួនថា ការចាប់ខ្លួនមន្ត្រីអតីតបក្សខ្លួន គឺជាសកម្មខុសច្បាប់រំលោភសិទ្ធិមនុស្ស ក្នុងការចាប់ខ្លួនតាមអំពើចិត្ត។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការចាប់ខ្លួនសកម្មជនអតីតបក្សប្រឆាំងនេះ វាមិនមែនជាការរឹតបន្ដឹង និងអនុវត្តច្បាប់ទេ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងជម្លោះផ្ទាល់ខ្លួន របស់អ្នកនយោបាយប៉ុណ្ណោះ។ សម្រាប់លោក សឹង សែនករុណា ការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់នេះ វាបង្ហាញពីរូបភាពនៃការរឹតដ្បិតសិទ្ធិសេរីភាពពលរដ្ឋទៅវិញទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗកន្លងមក មន្ត្រីជាន់ខ្ពស់អង្គការអាដហុករូបនេះ បាននិយាយដូច្នេះថា៖«បើយើងពិនិត្យមើលអំពើប្រព្រឹត្តរបស់អ្នក(សកម្មជន) ទាំងអស់ហ្នឹង គឺជាសកម្មភាពនៃការសម្ដែងមតិនៃផ្នែកនយោបាយរបស់ពួកគាត់ ដែលគាត់ធ្វើឡើងវាស្របជាមួយនឹងរដ្ឋធម្មនុញ្ញនៃប្រទេសយើង ដែលប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស អាស្រ័យលើការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ចិកាខាងមុខ។ មុនចូលស្រុកនេះ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋគាំទ្រខ្លួន និងកងទ័ពធ្វើចលនាទម្លាក់ប្រមុខរដ្ឋាភិបាលផងដែរ។
ដោយសារពាក្យសម្តីរបស់មេដឹកនាំរូបនេះ ទើបតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៉ី និងមនុស្ស៨ទៀត រួមមានលោក អេង ឆៃអ៊ាង,លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រឺ, លោក ម៉ែន សុថាវរិន្ទ្រ, លោក នុត រំដួល និងភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរ៉ា ព្រមទាំងគូកន ក្រោមបទចោទឧបឃាត ដោយយោងតាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ៕