ជាតិ
សង្គមជាតិ
អូ​ឌី​ស៊ី រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​អក្ខរកម្ម​ទិន្នន័យ​»​ដើម្បី​ចូលរួម​បង្កើន​ប្រសិទ្ធភាព​នៃ​ការបើកចំហ​ព័ត៌មាន
27, Oct 2019 , 11:31 am        
រូបភាព
រូបភាព៖ ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍
រូបភាព៖ ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍
ដោយ: ថ្មីៗ
​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ហៅ​កាត់​ថា អូ​ឌី​ស៊ី បានរៀបចំ​កម្មវិធី​ប​ណ្តុះ​បណ្តាល​មួយ​ស្តីពី​«​អក្ខរកម្ម​ទិន្នន័យ​» ដល់​សិក្ខាកាម​ជាង​៣០​នាក់ មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា រួមមាន​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​, អ្នកស្រាវជ្រាវ​, អ្នកសារព័ត៌មាន និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​អ្នកធ្វើការ​ឯករាជ្យ​ជាដើម​។ 

 
​លោក គុណ ចិន្តា ប្រធាន​កម្មវិធី និង​មាតិកា នៃ​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​មាន​គោលបំណង​ឲ្យ​អ្នកចូលរួម ដែលជា​អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាដើម​នោះ ចេះ​ប្រើប្រាស់​ទិន្នន័យ ក្នុងការ​រាយការណ៍​ព័ត៌មាន​របស់គាត់​ឲ្យ​កាន់តែ​ស៊ីជម្រៅ  និង​ឲ្យ​ពួកគាត់​ចេះ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ប្រាប់​ទៅ​សាធារណជន​ថា រឿងរ៉ាវ​ទាំងឡាយ​នៅក្នុង​សង្គម គឺ​កើតចេញ​ដោយមាន​ភស្តុតាង​ច្បាស់លាស់ ហើយ​វា​ជាទ​ណ្ហី​ករ​ណ៍​ឲ្យ​ពលរដ្ឋ សម្រេចចិត្ត​ប្រកបដោយ​តម្លាភាព​។  
 
 
  រូបភាព៖ ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍
​លោក គុណ ចិន្តា បន្ថែម៖«​ពួកគាត់ ពិសេស​អ្នកសារព័ត៌មាន គាត់​មាន​មធ្យោបាយ​ផ្សព្វផ្សាយ​របស់គាត់​។ អ៊ីចឹង​យើង​សង្ឃឹមថា​គាត់​នាំ​រឿងរ៉ាវ​ដែល​កើតឡើង​ក្នុងសង្គម ទៅដល់​អ្នក​ដែល​គ្មាន​លទ្ធភាព​ទទួលបាន​ព័ត៌មាន​។ មួយទៀត​វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​ផ្តោតលើ​អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នកតាក់តែង​គោលនយោបាយ​ដែរ ព្រោះ​គាត់​ជា​បុគ្គល​ក​សំខាន់​ក្នុង​ការផ្តល់​មតិយោបល់ ផ្តល់​ជា​សូ​ចនាករ និង​ផ្តល់​ជា​ព័ត៌មាន ទៅក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់គាត់​ដែល​វា​មាន​ឥទ្ធិពល​ដល់​ការតាក់តែង​គោលនយោបាយ​»​។ 
 
 
  រូបភាព៖ ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍
​សូមជម្រាបថា កម្មវិធី​បណ្តុះបណ្តាល​នេះ ត្រូវធ្វើឡើង​៤ វគ្គ​ផ្សេងគ្នា ដោយ​វគ្គ​ទី​១ ត្រូវបាន​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៥ ខែតុលា នៅ​រាជធានី​ភ្នំពេញ ផ្តោតលើ​ប្រធានបទ​«​ភស្តុតាង​ទៅជា​អត្ថបទ និង​ការស្វែងរក​ទិន្នន័យ និង​ទម្រង់​ទិន្នន័យ​»​។ ចំណែក​វគ្គ​ទី​២ នឹងត្រូវ​រៀបចំឡើង​ពីថ្ងៃ​ទី ២ ដល់​៦​ធ្នូ ឆ្នាំ​២០១៩ ដោយ​ផ្តោតលើ​«​ការយល់​ពី​ទិន្នន័យ និង​ការបង្ហាញ​ទិន្នន័យ​ជា​រូបភាព​»​។ ហើយ​វគ្គ​ទី​៣ នឹងត្រូវ​ធ្វើឡើង​នៅ ថ្ងៃទី​១៣ ដល់ ទី​១៧ ខែមករា ឆ្នាំ​២០២០ ផ្តោតលើ​ប្រធានបទ​«​ការគិត​ដូចជា​អ្នកសារព័ត៌មាន​ទិន្នន័យ​»​។ រីឯ​វគ្គ​ទី​៤ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២​។  អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ រំពឹងថា សិក្ខាកាម​ដែល​ចូលរួម នឹង​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល ទៅ​អនុវត្ត​ផ្ទាល់​ទៅក្នុង​គម្រោង​របស់​ពួកគេ ដើម្បី​ចូលរួមចំណែក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៃ​ការបើកចំហ​ព័ត៌មាន ទៅកាន់​សាធារណជន​៕
 

រូបភាព៖ ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍



© រក្សាសិទ្ធិដោយ thmeythmey.com