អ្នកស្រី ម៉​ង់ ផា​វី​ណា​«​ដាំ​បន្លែ​មិន​ប៉ះ​ដី​»​ជិត​១០​ឆ្នាំ នៅ​កម្ពុជា
ជាតិ
សង្គមជាតិ
អ្នកស្រី ម៉​ង់ ផា​វី​ណា​«​ដាំ​បន្លែ​មិន​ប៉ះ​ដី​»​ជិត​១០​ឆ្នាំ នៅ​កម្ពុជា
27, Oct 2019 , 6:59 pm        
រូបភាព
អ្នកស្រី ម៉​ង់ ផា​វី​ណា កសិដ្ឋាន​បន្លែ​Hydroponics Kannika Modern Farm ម្ចាស់​ជាមួយនឹង​បន្លែ​សាឡាដ​តូចៗ កំពុង​លូតលាស់​នៅ​ចន្លោះ​បំពង់​ដែក​ជា​ជួរៗ ដែលមាន​ទឹក​ហូរ​ជាប្រចាំ​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​
អ្នកស្រី ម៉​ង់ ផា​វី​ណា កសិដ្ឋាន​បន្លែ​Hydroponics Kannika Modern Farm ម្ចាស់​ជាមួយនឹង​បន្លែ​សាឡាដ​តូចៗ កំពុង​លូតលាស់​នៅ​ចន្លោះ​បំពង់​ដែក​ជា​ជួរៗ ដែលមាន​ទឹក​ហូរ​ជាប្រចាំ​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​
​កណ្តាល​៖ រយៈពេល​៩​ឆ្នាំ​មកហើយ ដែល​អ្នកស្រី ម៉​ង់ ផា​វី​ណា (Mang Pavina) ដាំ​បន្លែ​នៅលើ​ទឹក តាមបែប​បច្ចេកទេស​ហា​យ​ដ្រូ​ប៉ូ​និក​(Hydroponics) ដោយ​មិន​ប្រើប្រាស់​ដី​សម្រាប់​ដាំ​ដុះ​ឬ​លូតលាស់​ឡើយ​។ បើតាម​ស្ត្រី​ជា​កូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​តាំងពី​កុមារភាព​រូបនេះ ការដាំ​បន្លែ​បែប​Hydroponics​នេះ គឺ​ចំណេញ​ពេលវេលា ចំណេញ​កម្លាំង​ពលកម្ម រីឯ​បន្លែ​គឺមាន​គុណភាព​ខ្ពស់​ជាមួយនឹង​រូបរាង​ស្រស់ស្អាត​។

 
Hydroponics គឺជា​បច្ចេកទេស​ទំនើប​ក្នុង​ការដាំ​បន្លែ​នៅលើ​ទឹក ដែលមាន​រៀប​ជា​ប្រព័ន្ធ​ទឹក​សម្រាប់​ដាំ​ដុះ​បន្លែ ដើរ​ដោយ​ថាមពល​អគ្គិសនី​ឬ​សូ​ឡា​។ ការដាំ​បន្លែ​បែប​Hydroponics​នេះ ប្រជាពលរដ្ឋ ពិសេស​ប្រជាកសិករ អាច​ដាំ​បន្លែ​បាន​គ្រប់​ទីកន្លែង មិន​ថា​អ្នកមាន​ផ្ទៃ​តូច​ឬ​ធំ​នោះទេ សូម្បី​នៅលើ​ដំបូលផ្ទះ​ក៏​អាច​ដាំ​បន្លែ​បានល្អ និង​មានគុណភាព​ផងដែរ​។



លើសពីនេះទៅទៀត ការដាំ​បន្លែ​តាម​បច្ចេកទេស​ទំនើប​នេះ មិន​ត្រឹមតែ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល  ថែមទាំង​អាច​កំណត់​ថ្ងៃ​ដាំ និង​ថ្ងៃ​ប្រមូលបាន​ទៅ​តាមរយៈ​ពេលដែល​ខ្លួន​ត្រូវការ ពិសេស​គឺ​ចំណាយ​កម្លាំង​ពលកម្ម​តិច​។ 
 
 
សាឡាដ​បរទេស​ពណ៌​បៃតង​ដែលអ្នកស្រី​ម៉​ង់ ផា​វី​ណា ដាំ​នៅលើ​ទឹកជា​ជួរ ក្នុង​ប្រអប់​ដែក ក្នុង​កសិ​ដ្ឋា​នប​ន្លែ Kannika Modern Farm​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​

​ស្ថិតនៅក្នុង​កសិដ្ឋាន​ប​ន្លែ​Hydroponics​លើ​ផ្ទៃដី​ប្រមាណ​កន្លះ​ហិកតា ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល របស់​អ្នកស្រី ម៉​ង់ ផា​វី​ណា  មាន​ពោរពេញ​ទៅដោយ​បន្លែ​តូច​-​ធំ​ជាច្រើន​ពិសេស​ប្រភេទ​សាឡាដ​បរទេស​ដែលមាន​ពណ៌​ស្វាយ បៃតង​ជាដើម កំពុង​លូតលាស់​ជា​គុម្ពៗ​ដោយមាន​គ​ន្លាត​ពីគ្នា​១០​សង់ទីម៉ែត្រ​នៅលើ​ដែក​ជា​ជួរៗ ដែលមាន​កម្ពស់​ផុតពី​ដី​ប្រហែល​១​ម៉ែត្រ​។ នៅក្នុង​តុ​សម្រាប់​ដាក់​កូន​បន្លែ​ដាំ ដែល​ធ្វើឡើង​ដោយ​ដែក​ឬ​ជ័រ​នោះ មានមុខ​កាត់​ទទឹង​ប្រហែល​៥​សង់ទីម៉ែត្រ និង​បណ្តា​យ​២០​ម៉ែត្រ គឺ​គ្មាន​ដី​សម្រាប់​ដាំ​បន្លែ​សូម្បីតែ​បន្តិច ពោល​គឺមាន​ចរន្តទឹក​តិច​ហូរ​ជាប្រចាំ​ទៅវិញ​។ 
 
​ក្រៅពី​មាន​បន្លែ​ជាច្រើន​កន្លែង​ដែល​កំពុង​ប្រជែង​គ្នា​លូតលាស់​នៅក្រោម​ពន្លឺព្រះអាទិត្យ ទាំង​ក្រៅ​និង​ក្នុង​ប្លា​ស្ទិ​ក​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​នោះ នៅក្នុង​កសិដ្ឋាន​បន្លែ​Hydroponics របស់​អ្នក​ផា​វី​ណា ក៏​នូវមាន​ឧបករណ៍​ជាច្រើន​ទៀត ដូចជា ម៉ូ​ទ័​រ​បូមទឹក ថាស​ជ័រ​សម្រាប់​ដាក់​បណ្តុះ​កូន​បន្លែ ទុយោ កេះ​ស្នោ អេ​ប៉ុង ដែក ជីគីមី អង្កាម និង​ប្រដាប់​ស្រេច​ទឹក​បន្លែ​ជាដើម​... សម្រាប់​ដំណើរការ​លូតលាស់​បន្លែ​ដោយ​មិន​ដាំ​បន្លែ​នៅលើ​ដី​ឡើយ​។ 
 
 
បន្លែ​ដាំ​នៅលើ​តុ​ដែក​១០​ជួរ មាន​កម្ពស់​ផុត​មួយ​ម៉ែត្រ ដែល​ហ៊ុមព័ទ្ធ​ដោយ​បា្ល​ស្ទិ​ក និង​ស្បៃ​ពណ៌​ស ក្នុង​កសិដ្ឋា​នប​ន្លែ Kannika Modern Farm​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​

​អ្នកស្រី ផា​វី​ណា បាន​រៀបរាប់​ពី​របៀប​ដាំ​បន្លែ​បែប​Hydroponics ប្រាប់​សារព័ត៌មាន​ThmeyThmey​ដូច្នេះ​៖«​ការដាំ​បន្លែ​តាម​បច្ចេកទេស​នេះ​គឺ​មិន​ភាពស្មុគស្មាញ​នោះទេ ដោយ​យើង​គ្រាន់តែ​យក​គ្រាប់ពូជ​បន្លែ​នីមួយៗ​ដែល​យើង​បានផ្តល់​សំណើរ​ក្នុង​រយៈពេល​១​ឬ​២​ថ្ងៃ [​អាស្រ័យ​ទៅតាម​ប្រភេទ​គ្រាប់​បន្លែ​នីមួយ​] មក​ចាប់​ដាក់​លើ​អេ​ប៉ុង ដែល​កំពុងត្រាំ​ក្នុង​ទឹក​នៅលើ​ថាស​ដែក​ឬ​ជ័រ ដោយ​យើង​ត្រូវ​រក្សាទុក​ក្នុង​រយៈពេល​២​ទៀត កុំឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បីឱ្យ​វា​លូតលាស់​ល្អ​»​។ បើតាម​អ្នក ផា​វី​ណា ដំណាក់កាល​នេះ គឺជា​វិធី​បណ្តុះ​គ្រាប់ពូជ​បន្លែ​។ 
 
«​បន្ទាប់ពី​រយៈពេល​២​ថ្ងៃ​នៃ​ការបណ្តុះ​បន្លែ​រួច យើង​ត្រូវយក​កូន​បន្លែ​ទាំងនោះ​ដាក់​នៅលើ​ទុយោ​២​សប្តាហ៍​ទៀត ដែលមាន​ប្រព័ន្ធ​បង្ហូរទឹក ដែលមាន​ទឹក​ហូរ​តិចៗ ដើម្បីឱ្យ​កូន​បន្លែ​ទាំង​លូតលាស់​កាន់តែ​រឹងមាំ​។ ពិសេស​យើង​អាច​មើល​និង​ជ្រើសរើស​កូន​បន្លែ​ណា​ដែលមាន​គុណភាព​និង​រឹងមាំ យកមក​ដាំ​តែម្តង​។ លុះ​បាន​រយៈពេល​១០​ថ្ងៃ​ហើយ​នោះ យើង​យក​កូន​នោះ​ដាក់​នៅក្នុង​កញ្ចែ​ង​តូចៗ សម្រាប់​ដាក់​នៅក្នុង​បំពង់​បង្ហូរ នៅតាម​ចន្លោះ​នីមួយៗ ជា​ជួរៗ ដែលមាន​រយៈ​២​សប្តាហ៍​ទៀត ទើប​អាច​ប្រមូល​ផល​បាន​»​។ នេះ​បើតាម​អ្នកជំនាញ​ដាំ​បន្លែ​លើទឹក​អស់​រយៈ​ជិត​១០​មកនេះ ដែល​បាន​បន្ថែមថា ជាទូទៅ​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ មុននឹង​ប្រមូល​ផល​នោះ គឺ​ត្រូវ​ប្រើ​ជី​ab សម្រាប់​ផ្តល់ជំនួយ​និង​បំពេញ​សារធាតុចិញ្ចឹម​របស់​ប​ន្លែ​ទាំង​ឱ្យបាន​គ្រប់គ្រាន់  មានគុណ​ភាព និង​រសជាតិ​ផ្អែម​ឆ្ងាញ់​។  


កូន​បន្លែ​កំពុង​ដាំ​តាម​ច្ចេកទេស​ទំនើប​ដោយ​មិន​ប្រើដី​ក្នុង​ការដាំដុះ នៅ​កសិដ្ឋាន​បន្លែ​Hydroponics Kannika Modern Farm​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​

​ក្នុង​ការដាំដុះ​បន្លែ​Hydroponics នេះ គឺ​ត្រូវការ​ថាមពល​អ​គិ្គ​ស​នី ឬ​សូ​ឡា ជា​ចាំបាច់​សម្រាប់​ដំណើរ​នៃ ប្រព័ន្ធ​បង្ហូរទឹក​ជាប្រចាំ​តាមរយៈ​ម៉ូ​ទ័​រ​បូ​ប​ទឹក​។ បើតាម​អ្នកស្រី ផា​វី​ណា បន្លែ​ដាំ​នៅលើ​ទឹក​នេះ ក៏​អាច​នៅលើ​កេះ​ស្នោ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​អគ្គិសនី​ទេ ប៉ុន្តែ​គ្រាន់តែ​មិនសូវ​ល្អ​។​
 
​អ្នកស្រី ម៉​ង់ ផា​វី​ណា បាន​លើកឡើងថា បន្លែ​Hydroponics គឺជា​បន្លែ​សុវត្ថិភាព​ដែលមាន​ស្តង់ដារ​ខ្ពស់ បើ​ធៀប​នឹង​បន្លែ​សុវត្ថិភាព​ដែល​ដាំ​នៅលើ​ដី​ផ្ទាល់ ប៉ុន្តែ​មិនអាច​ក្លាយជា​បន្លែ​សរីរាង្គ​(Organic)​បានទេ ព្រោះ​បន្លែ​ដែល​អនុវត្ត​តាមបែប​Hydroponics គឺ​ត្រូវការ​ជីគីមី​ជាប្រចាំ​ដែល​លាយ​នៅក្នុង​ទឹក​សម្រាប់​ការលូតលាស់​។ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​ឡើយ​។

 
កូន​បន្លែ​កំពុង​ដាំ​តាម​ច្ចេកទេស​ទំនើប​ដោយ​មិន​ប្រើដី​ក្នុង​ការដាំដុះ នៅ​កសិដ្ឋាន​បន្លែ​Hydroponics Kannika Modern Farm​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​

​មែនទែនទៅ ម្ចាស់​កសិក​ដ្ឋា​នប​ន្លែ​Hydroponics វ័យ​៥០​ឆ្នាំ​រូបនេះ គឺជា​អតីត​បុគ្គលិក​ដែលមាន​ប្រាក់ខែ​២០០០​ដុល្លារ នៅ​សមាគម​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា​។ ប៉ុន្តែ​ដោយសារតែ​ការស្រលាញ់​លើ​វិស័យ​កសិកម្ម និង​មើលឃើញថា​ការដាំ​បន្លែ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិនទាន់​អនុវត្ត​ការដាំដុះ​បែប​Hydroponics​នេះ ខណៈ​ដែលមាន​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​អនុវត្ត​ការដាំដុះ​បន្លែ​តាម​បច្ចេកទេស​ទំនើប​នេះ​ជាច្រើន​មកហើយ ក៏​អ្នកស្រី​ផា​វី​ណា សម្រេចចិត្ត​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​កសិកម្ម​មួយកន្លែង​នៅ​ប្រទេស​ថៃ ហើយ​បោះបង់​ការងារ​របស់ខ្លួន ងាក​មក​ដាំ​បន្លែ​និង​ចែករំលែក​ចំណេះដឹង​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ដាំ​បន្លែ​Hydroponics ដល់​ពលរដ្ឋ​ខ្មែរ ក្នុងអំឡុង​ឆ្នាំ​២០១០ រហូតដល់​ពេលនេះ​។ 
 
 
អ្នកស្រី ផា​វី​ណា កំពុង​ពិ​និត្យ​មើល​សាឡា​ដដែល​មិនល្អ មាន​ស្នា​អុច​ខ្មៅ​តូចៗ នៅលើ​ស្លឹក​។​រូបថត​៖  លោក ទូច សុវណ្ណ​ឌី​។​

​បច្ចុប្បន្ន ក្នុង​កសិក​ដ្ឋា​នប​ន្លែ​Hydroponics អ្នកស្រី ផា​វី​ណា  មាន​តូប​បន្លែ​ចំនួន​១៥​តូប អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ពី​៥០០-៦០០​គីឡូក្រាម​។ ដោយឡែក ក្នុង​ខែត្រជាក់​វិញ ចាប់ពី​ខែវិច្ឆិកា​-​កុម្ភៈ អ្នកស្រី​អាច​អ្នក​ផលិត​បន្លែ​បាន​រហូត​១​តោន​ក្នុង​ខែ ហើយ​បន្លែ​Hydroponics ដែល​អ្នកស្រី​ផលិត​បាន​នេះ គឺ​មិន​គ្រប់​នឹង​តម្រូវការ​ទីផ្សារ​នោះទេ​។ នេះ​បើតាម​អ្នកស្រី ម៉​ង់ ផា​វី​ណា​។  ជាមួយនឹង​ដំណើរការ​នៃ​ការដាំ​បន្លែ​តាមបែប​បច្ចេកទេស​ទំនើ​ប​នេះ ស្រី្ត​ដែលមាន​ដើមកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ ក៏បាន​បង្រៀន​បច្ចេកទេស​ដាំ​បន្លែ​បែប​Hydroponics ដល់​ប្រជាជន​កសិករ​នៅតាម​បណ្តា​ខេត្ត​-​ក្រុង​នានា​បាន ជាង​១០០០​នាក់​ផងដែរ​៕ 
 
 
  ​កូន​សាឡាដ ដែល​គេ​ដាក់​នៅក្នុង​កូនកញ្ច្រែង សម្រាប់​ដាំ​នៅលើ​ទឹក​។ រូបថត​៖ លោក ទូច សុវណ្ណ​ឌី​។​
 
 






Tag:
 បន្លែ​
  Hydroponic
  ThmeyThmey25
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com