កីឡាជាតិ
ជាតិ
ក្រោយ​ជោគជ័យ​នៅ Taipei Open កីឡា​រាំ​រំពឹង​សាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
27, Oct 2019 , 7:59 pm        
រូបភាព
កីឡាការិនី ព្រាប ដានីអែលឡា ម្ចាស់មេដាយមាសក្នុងការប្រកួត Taipei Open
កីឡាការិនី ព្រាប ដានីអែលឡា ម្ចាស់មេដាយមាសក្នុងការប្រកួត Taipei Open
ដោយ:
 កីឡា​រាំ​នឹង​ទទួលបាន​មេដាយ​ណាមួយ​ពី​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ចុងឆ្នាំ​នេះ​។ នេះ​ជាការ​បង្ហាញ​ភាពជឿជាក់​របស់លោក​ស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ក្រោយ​ប្រភេទ​កីឡា​នេះ​ទើប​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​២​ពី​ការប្រកួត WDSF Taipei Open 2019 នៅ​ឆាយ​នី​យ​តៃប៉ិ​។​

​ក្រោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង តាមរយៈ​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​២​ពី​ព្រឹត្តិការណ៍ WDSF Taipei Open ប្រចាំឆ្នាំ​២០១៩​នៅ​ឆាយ​នី​ស​តៃប៉ិ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ជឿជាក់ថា កីឡាករ​ខ្លួន​នឹង​អាច​សាង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហព័ន្ធ ក៏ដូចជា​ប្រទេសជាតិ​ក្នុង​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំនេះ​។   
 
​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហ​ប​ព័ន្ធ​បានបង្ហាញ​ការជឿជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបី​ស៊ី​ហ្គេម​ធ្វើ​ឡើ​បាន​៣០​លើក ហើយ​កីឡា​រាំ​ទើប​ចូលរួម​លើកដំបូង​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការខិតខំ​របស់​ថ្នាក់​ដឹ​នាំ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី ក៏ដូចជា​បទពិសោធ​ប្រកួត​អន្តរជាតិ​ធំៗ​កន្លងមក ខ្ញុំ​ជឿជាក់ថា កីឡាករ​យើង​នឹង​បង្កើតបាន​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​ជាតិ​របស់ខ្លួន​នៅក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នេះ​»​។​
 
  
កីឡាករ ច័ន្ទ វិទ័រ ម្ចាស់មេដាយមាសនៅ Taipei Open

​កត្តា​ដែល​ធ្វើ​ឲ្យ​លោកស្រី ស៊ី​មន ជឿជាក់​ដូច្នេះ គឺ​ដោយសារ​កីឡាករ​កីឡាការិនី ដែល​សហព័ន្ធ​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​សុទ្ធសឹង​មាន​សមត្ថភាព​ខ្ពស់ និង​ជា​ម្ចាស់​មេដាយមាស និង​ប្រាក់​កម្រិត​អាស៊ី ដែល​ទើប​ដណ្តើម​កាលពីពេល​ថ្មីៗ​។ អគ្គលេខាធិការ​រូបនេះ​បាន​អះអាងថា ក្រុម​កីឡាករ​រាំ​កម្ពុជា​កំពុង​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​យ៉ាងសកម្ម​នៅ​ទីស្នាក់ការ​ខ្លួន​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។​
 
​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជា​លើកដំបូង សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៤​រូប​ឲ្យ​ចូលរួម​រួមមាន​កីឡាករ​ខ្មែរ​អ៊ុយ​ក្រែ​ន ច័ន្ទ វិ​ទ័​រ​, សេង សុ​គីម​, កីឡាការិនី​ខ្មែរ​អ៊ុយ​ក្រែ​ន ព្រាប ដា​នី​អែល​ឡា និង​កីឡាការិនី ម៉ូ​វ ដា​នី​តា​។ ពួកគេ​នឹង​ប្រកួត​លើ​៦​វិញ្ញាសា​ដូចជា Samba, Cha Chacha, Ruba, Paso Doble, Jive និង S,C,R,P,J​។  
 
  
លោកស្រី ហង់ ស៊ីមន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

​កីឡាករ​កីឡាការិនី​កូនកាត់​ខ្មែរ​អ៊ុយ​ក្រែ​ន​ទាំងពីរ​រួប ច័ន្ទ វិ​ទ័​រ និង ព្រាប ដា​នី​អែល​ឡា ទើប​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​២​ពី​ព្រឹត្តិការណ៍ WDSF Taipei Open 2019​។ មេដាយមាស​ដណ្តើមបាន​ក្នុងការ​ប្រកួត ADSF Asain Adult Open Latin Dance 2019 និង​មេដាយប្រាក់​ដណ្តើមបាន​ក្នុងការ​ប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble​។  
 
​ប្រតិភូ​កីឡា​រាំ​កម្ពុជា​បាន​ចាក​ចេញពី​ឆាយ​នី​ស​តៃប៉ិ មកដល់​មាតុភូមិ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការស្វាគមន៍​ពី​មន្ត្រី​សហព័ន្ធ និង​កីឡាករ​កីឡាការិនី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 
 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បញ្ជូន​ប្រភេទ​កីឡា​ចំនួន​៣០​ឲ្យ​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២៕  
 






Tag:
 កីឡា​រាំ​
  ហង់ ស៊ី​មន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com