សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលគៀរហ្ស៊ីសុីស្ថាន ពឹងសិល្បករឲ្យជួយអប់រំពលរដ្ឋលើបញ្ហាហិរញ្ញវត្ថុ
× ធនាគារកណ្តាលគៀរហ្ស៊ីសុីស្ថានបានអំពាវនាវដល់ក្រុមអ្នកចម្រៀងប្រពៃណីឲ្យដល់ខ្លួន លើការអប់រំពលរដ្ឋទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ជាពិសេសអត្រាប្រាក់កម្ចី និងការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារជាដើម។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Epoch Times។
«មិនមែនជារឿងងាយស្រួលនោះឡើយក្នុងការណែនាំមនុស្សធម្មតាឲ្យយល់ពីការងាររបស់យើង»។ ធនាគារកណ្តាលគៀរហ្សីសុីស្ថាន បានអះអាងយ៉ាងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយយល់ឃើញថា ការប្រើប្រាស់មធ្យោបាយបែបបុរាណ និងប្រវត្តិសាស្ត្រ តាមរយៈសិល្បករ នឹងមានឥទ្ធិពលច្រើនលើប្រជាជន។
ស្ថាប័នថ្នាក់ជាតិមួយនេះ បានរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានការចូលរួមពីក្រុមអ្នកចម្រៀងប្រជាប្រិយ ដែលតុបតែង ពាក់មួក និងមានសម្លៀកបំពាក់បែបប្រពៃណី ជាមួយនឹងការប្រគំឧបករណ៍ភ្លេង Komuz។ ក្នុងពាណិជ្ជកម្មដំបូង លោក Baian Akhmatov អ្នកចម្រៀងប្រពៃណីដ៏ល្បីល្បាញ ច្រៀងពន្យល់ទាក់ទងនឹងអត្ថន័យ អតិផរណា និងណែនាំឲ្យពលរដ្ឋយល់ដឹងពីការប្រើប្រាស់លុយ និងក្រេឌីត ជាដើម។
មន្ត្រីធនាគារកណ្តាល បានពន្យល់ថា ការអប់រំតាមរយៈអ្នកចម្រៀង ពិតជាបានធ្វើឲ្យពលរដ្ឋយល់ដឹងច្រើន ក្នុងនោះដូចជា ការពន្យល់ពីអត្រាការប្រាក់ នយោបាយហិញ្ញប្បទាន ទាំងពីរការគ្រប់គ្រងថវិកាគ្រួសារ។ កន្លងមក អត្រាប្រាក់កម្ចី បានឡើងជាង២០ភាគរយ ដែលធ្វើឲ្យពលរដ្ឋមិនសប្បាយ រហូតដល់មានការតវ៉ានៅមុខធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
បញ្ហាទាំងនេះហើយ ដែលធនាគារកណ្តាលគៀរហ្ស៊ីសុីស្ថានត្រូវការជំនួយជាចាំបាច់ពីក្រុមសិល្បករ ដើម្បីឲ្យពួកគេជួយពន្យល់ពលរដ្ឋទាក់ទងនឹងមូលហេតុជុំវិញការឡើងអត្រាការប្រាក់ ពីព្រោះភាគីខាងធនាគារហាក់ដូចជានិយាយមិនចូលត្រចៀកពួកគេនោះឡើយ។
គៀរហ្ស៊ីសុីស្ថាន ជាប្រទេសទីពីរដ៏ក្រជាងក្នុងចំណោមប្រទេសចំនួន១៥ដែលធ្លាប់ស្ថិតក្រោមសាធារណរដ្ឋសូវៀត។ ក្នុងចំណោមពលរដ្ឋប្រមាណ៦លាននាក់ មានជាងពាក់កណ្តាលរស់ក្រោមបន្ទាត់នៃភាពក្រីក្រ ហើយរាប់ពាន់នាក់ធ្វើអន្តោប្រវេសន៍ទៅរុស្ស៊ី និងប្រទេសដទៃដើម្បីធ្វើការងារ៕
Tag:
ធនាគារ
គៀរហ្ស៊ីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com