ជាតិ
សង្គមជាតិ
ទោះបី​គ្មាន​ទីផ្សារ កញ្ញា អយុធ្យា នៅតែ​ស្រឡាញ់​របរ​គំនូរ​បុរាណ​
27, Oct 2019 , 9:30 pm        
រូបភាព
 ​ភ្នំពេញ​៖ យុវតី​ពហុ​ជំនាញ​សិល្បៈ ជិន អយុធ្យា បានបញ្ចប់​ថ្នាក់​គំនូរ​បុរាណ​រយៈពេល​៥​ឆ្នាំ នៅ​សាលា សិល្បៈ​សូន​រូប នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​។ យុវតី​វ័យ​១៨​ឆ្នាំ​រូបនេះ មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ស្រាប់ ដោយ​ឳ​ពុក​របស់​កញ្ញា អយុធ្យា គឺជា​សិល្បករ និង​ជា​អ្នក​ដឹក​ភាពយន្ត ហើយ​លោកឳពុក គឺជា​អ្នកគាំទ្រ ឲ្យ​អយុធ្យា​ចាប់យក​ជំនាញ​សិល្បៈ​គំនូរ​បុរាណ​នេះ​។  ដ្បិតថា នៅ​សាកលវិទ្យាល័យ មិនមាន​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​សិល្បៈ​គំនូរ​បុរាណ យុវតី អយុធ្យា ក៏បាន​សម្រេច​ជ្រើសរើស​ជំនាញ រចនា​ក្រា​ហ្វិ​ច នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

 
​បទពិសោធ​ការងារ​រយៈពេល​ជាង ៣​ឆ្នាំ​ផ្នែក​គំនូរ​បុរាណ កញ្ញា ជិន អយុធ្យា ធ្លាប់​ស្ម័គ្រចិត្ត​គូរគំនូរ នៅតាម​ជញ្ជាំង​ព្រះវិហារ​ខ្ពស់ៗ និង​វត្ត​អារាម​នានា​តាម​បណ្ដា​ខេត្ត​មួយចំនួន​ផងដែរ​។ ការងារ​ជា​វិចិត្រករ គំនូរ​បុរាណ​វ័យក្មេង បានធ្វើ​ឲ្យ​កញ្ញា អយុធ្យា ឃ្លាតឆ្ងាយ​ពី​ផ្ទះ និង​គ្រួសារ ព្រមទាំង​អាច​ប្រឈម​នឹង គ្រោះថ្នាក់​ជាយថាហេតុ ដ្បិត​ការងារ​នេះ​ត្រូវ​គូ​រលើ​ជញ្ជាំង​ខ្ពស់ៗ​។ កញ្ញា អយុធ្យា ប្រាប់​សារព័ត៌មាន​ថ្មីៗ ទាំង​ទឹកមុខ​ក្រៀម​ស្រពោន​ដូច្នេះ​ថា​៖ «​អ្នកខ្លះ​គិតថា មនុស្ស​ស្រី​ពិបាក​រៀន​គំនូរ​បុរាណ ព្រោះ​គំនូរ បុរាណ គូរ​នៅតែ​តាម​វត្ត​នោះទេ ហើយ​ពិបាក​សម្រាប់​មនុស្ស​ស្រី​ឡើងទៅ​គូស​។ ហើយ​គំនូរ​បុរាណ មិនសូវមាន ទីផ្សារ​នោះទេ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ជំនាញ​នេះ ហើយ​ជម្នះ​ការងារ​ដែល​គេ​ថា​លំបាក​សម្រាប់ ស្ត្រី​»​។​
 
 
«​យើង​ជា​ស្រី យើង​បែក​ពី​ផ្ទះ មក​ឆ្ងាយ​ដើម្បី​គូរគំនូរ​បុរាណ​ម្នាក់ឯង ពេលខ្លះ​វា​ពិបាក តែ​និយាយ​ទៅ​ខ្ញុំ ខំប្រឹង​តស៊ូ​»​។ នេះ​ជាការ​រំឭក​អារម្មណ៍​របស់​កញ្ញា អយុធ្យា កាល​ឈ្លាស​ពេលទំនេរ​ពី​ការសិក្សា ទៅ​គូរ គំនូរ​នៅ​ខេត្តកំពង់ស្ពឺ រយៈពេល​៣​ខែ​ម្នាក់ឯង​។  
 
​ដោយមាន​លោកឪពុក​ជា​អ្នក​លើកទឹកចិត្ត និង​ជាម​នុស្ស​គំរូ កញ្ញា អយុធ្យា បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ខ្លាច​ខ្ពស់​ណាស់ ប៉ុន្តែ​ថ្ងៃមួយ​ខ្ញុំ​នឹកឃើញ​ប៉ា​របស់ខ្ញុំ​។ ប៉ា​ជា​អ្នក​ខេត្តកំពង់ស្ពឺ ហើយ​ធ្លាប់​កម្សត់កម្រ នៅ​ទីនោះ​។ អ៊ីចឹង ខ្ញុំ​បាន​ទៅ​គូរគំនូរ​បុរាណ​នៅ​សាលាឆទាន​មួយ​នៅ​កំពង់ស្ពឺ ដោយ​មិន​យកប្រាក់ កម្រៃ​»​។ កញ្ញា អយុធ្យា ខំប្រឹង​តាំងពី​ពេល​នោះមក ដើម្បី​យក​បទពិសោធ ការ​លាប​ពណ៌​លើ​ជញ្ជាំង និង​វិធីសាស្ត្រ​គូរគំនូរ​លើ​ជញ្ជាំង​ជិត​កន្លះ​ឆ្នាំ​។
 

 
​ដ្បិតតែ​កំពុង​សិក្សា​បរិញ្ញាបត្រ​ជំនាញរ​ច​នាក្រា​ហ្វិ​ច ឆ្នាំ​មូលដ្ឋាន ក៏ពិតមែន កញ្ញា អយុធ្យា មិន​បោះបង់ ជំនាញ​គំនូរ​បុរាណ​នោះទេ ដោយសារតែ​ខ្លួន​ចូលចិត្ត ផ្នែក​គំនូរ​បុរាណ​នេះ ហើយ​លោកឳពុក​គាត់​ចូលចិត្ត គំនូរ​បុរាណ​ខ្លាំង​ទៀតផង​។ កញ្ញា អយុធ្យា បាន​រំឭក​អំពី​ការងារ​ជាជាង​គំនូរ​បុរាណ​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន ចេញ​គូរគំនូរ​បុរាណ​នេះ តាំងពី​ថ្នាក់​ទី​៩ ជាមួយ​សិស្ស​ច្បង​។ ពេលខ្លះ​ពួកគាត់ នាំទៅ​គូរ​នៅតាម​វត្ត​បុ​ទុម កាលពី​ឆ្នាំ​២០១៦»​។ 
 
 

ការ​គូរគំនូរ​បុរាណ វា​ពិបាក​។  អ្វីដែល​ពិបាក​ជាងគេ គឺ​ការ​កាត់​ក្បាច់​ហ្នឹង កាត់​ធ្វើ​យ៉ាងដូចម្ដេច ឲ្យ​ឆ្មារ ឲ្យ​ស្អាត អីចឹង​។ គូស​គំនូរ ត្រូវការ​ភាពស្ងប់ស្ងាត់ អារម្មណ៍​មូល ទើប​គូរ​ស្អាត​»​។ នេះ​ជា​លើកឡើង របស់​កញ្ញា អយុធ្យា​។ ការ​គូរគំនូរ​បុរាណ ត្រូវការ​ពេលវេលា​ច្រើនណាស់ និង​ភាព​អត់ធ្មត់​ថែមទៀត ដើម្បី​គូរគំនូរ​បុរាណ​បាន​។ ទោះបីជា មានការ​ពិបាក​ក៏ពិតមែន កញ្ញា អយុធ្យា នៅតែ​ព្យាយាម អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​របរ​គំនូរ​បុរាណ​នេះ​។  
 
 
 
​ការងារ ជា​វិចិត្រករ​គំនូរ​បុរាណ​មិនមាន​ភាពងាយស្រួល​នោះទេ​សម្រាប់​យុវតី​វ័យក្មេង​រូបនេះ​។ ដ្បិតតែ គំនូរ​នីមួយៗ ត្រូវ​ចំណាយពេល​ច្រើន និង​ធ្វើការ​ជា​ក្រុម​ថែមទៀត​។ កញ្ញា អយុធ្យា បាន​អះអាង​ដូច្នេះ​ថា​៖ «​ការខ្វែងគំនិត​គ្នា ការមិនយល់​ស្របគ្នា​តែងតែមាន​។ ប៉ុន្តែ​គូរគំនូរ​បុរាណ​ជា​ក្រុម យើង​សម្របសម្រួល​គ្នា និង​ផ្លាស់ប្ដូរ​គំនិត រួច​យកគំនិត​រួមមួយ​ដែល​ល្អ​»​។ អនាគត កញ្ញា អយុធ្យា គ្រោង​នឹង​បង្កើត​ក្រុមការងារ ជាក់លាក់​ផ្នែក​គំនូរ​បុរាណ​មួយ ជាមួយ​រាមច្បង​របស់​កញ្ញា​។ ប៉ុន្តែ​ក្រុមការងារ​នោះ មានតែ​យុវតី​វ័យក្មេង រូបនេះ​ទេ ជា​ស្ត្រី​៕
 

 

 

Tag:
 គំនូរ​បុរាណ​
  ជិន អយុធ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com