ជាតិ
សង្គមជាតិ
រូបសំណាក​ព្រះ​បរម​រតនៈ​កោដ្ឋ​ទ្រង់​ព្រះរាជសារ ក្នុង​សាលា​រចនា មាន​អត្ថន័យ​ដូចម្ដេច​?
27, Oct 2019 , 10:59 pm        
រូបភាព
រូប​សំណាក​ព្រះ​បរមរតនៈ​កោដ្ឋ តាំង​ក្នុង​បរិវេណ​សាលា​រចនា ដោយ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ព្រះ​រាជ​សារ
រូប​សំណាក​ព្រះ​បរមរតនៈ​កោដ្ឋ តាំង​ក្នុង​បរិវេណ​សាលា​រចនា ដោយ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ព្រះ​រាជ​សារ
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ គ្រោង​ព្រះ​ពស្ត្រ​បែប​ប្រពៃណី​ខ្មែរ បង្ហាញ​ពី​ព្រះកាយ​ដ៏​អង់អាច​ក្លាហាន​តែ​ទន់ភ្លន់ ក្នុង​ទម្រង់ ព្រះហស្ត​ឆ្វេង​ទ្រង់​ព្រះរាជសារ ហើយ​ព្រះហស្ត​ស្ដាំ​លើកឡើង​ឆ្ពោះទៅមុខ ដោយ​ព្រះ​នេត្រ​សំឡឹង​ឆ្ងាយ និង​មាន​វង់​ព្រះ​ភក្ត្រ​ញញឹម​នោះ ជា​រូបសំណាក​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​។ រូបសំណាក​ព្រះអង្គ ត្រូវបាន​គេ​កសាង​ដាក់​នៅក្នុង​បរិវេន​សាលា​រចនា​។ ក្នុង​ព្រះ​ឥរិយាបទ​បែបនេះ តើ​ជាងចម្លាក់​ចង់បង្ហាញ​អត្ថន័យ​អ្វី​?

 ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


 ​រូបសំណាក​ព្រះ​បរម​រតនៈ​កោដ្ឋ ដែលមាន​តួ​ព្រះកាយ​កម្ពស់​ប្រមាណ​ជា​២​ម៉ែត្រ ហើយ​កម្ពស់​គិតពី​ព្រះ​ទម្រ​ប្រមាណ​ជា​៤​ម៉ែត្រ តាំង​ក្នុង​បរិវេណ​សកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ ជា​ស្នាដៃ​របស់​និស្សិត​ប្រឡង​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ឯកទេស​ចម្លាក់​កាលពីពេល​កន្លងទៅ​។  
 
​សាស្ត្រាចារ្យ​ដឹកនាំ​ស្នាដៃ​នៃ​មហាវិទ្យាល័យ​សូន​រូបលោក សុ​ផុន សំខាន់ បាន​បកស្រាយ​ពី​អត្ថន័យ​រូបសំណាក​ព្រះ​បរម​រតនៈ​កោដ្ឋ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបសំណាក​នេះ​និស្សិត​ចង់បង្ហាញ​ពី​ការដោះស្រាយ​ព្រះរាជកិច្ច​របស់​ព្រះអង្គ ទាមទារ​ឯករាជ្យ​ពី​បារាំង កាលពី​ថ្ងៃទី​៩ វិច្ឆិកា​ឆ្នាំ​១៩៥៣ ធ្វើឡើង​ដោយ​សន្តិវិធី​។ 

 
រូប​សំណាក​ព្រះ​បរមរតន​កោដ្ឋតាំង​ក្នុង​បរិវេណ​សាលា​រចនាដោយ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ព្រះ​រាជ​សារ

​លោក សុ​ផុន សំខាន់ បាន​ពន្យល់​បន្ថែមថា​៖«​សិស្ស​បកស្រាយ​ថា ព្រះរាជសារ​ក្នុង​ព្រះហស្ត​ព្រះអង្គ  បាន​បញ្ជាក់ថា​ព្រះអង្គ​ដោះស្រាយ​បញ្ហា​ដោយ​មិន​ប្រើ​ហឹ​ង្សា​។ យើង​ដឹង​គ្រប់គ្នា​ថា​ព្រះអង្គ​មាន​ភាពទន់ភ្លន់ និង​រោះ​រាយ ដូច្នេះ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​មាន​ស្នាមញញឹម ហើយ​ព្រះកាយ​ព្រះអង្គ​មាន​ភាព​អង់អាច​ក្លាហាន​»​។​
 
​ក្រៅពី​ការទាមទារ​ឯករាជ​ពី​បារាំង កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​ពី​បញ្ហា​កម្ពុជា កាលពី​ថ្ងៃទី​២៣​តុលា​ឆ្នាំ​១៩៩១ ក៏​ព្រះអង្គ​បាន​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដែរ ដើម្បី​រក្សា​និង​ការពារ​អធិបតេយ្យភាព ឯករាជ បូរណភាព ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា បន្ទាប់ពី​ប្រទេស​ក៏​កម្សត់​មួយ​នេះ បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​អស់​ជាច្រើន​ទសវត្ស​រ៍មក​នោះ​៕

Tag:
 ព្រះ​បរម​រតនៈ​កោដ្ឋ​
  សាលា​រចនា​
  ចម្លាក់​
  សំណាក​
© រក្សាសិទ្ធិដោយ thmeythmey.com