ភ្នំពេញ៖ អាជីវករលក់អំបុកខ្លះ ផ្ដើមមានក្តីរំពឹងថា អាចលក់អំបុកបានថ្លៃ ស្របពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៩ វិច្ឆិកា ទទួលទានអំបុកជុំគ្នា ជាពិសេសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ។ អាជីវករទាំងនោះ បាននាំគ្នាបញ្ជាទិញអំបុក សម្រាប់យកមកទុកលក់ទៀតផង។
ជាអាជីវករម្នាក់នៅក្នុងផ្សារបឹងត្របែក អ្នកស្រី ផឹក សំណាង បានត្រៀមអំបុក១តោន សម្រាប់យកមកលក់នៅក្នុងពិធីបុណ្យអំទូក ជាពិសេសចែកចាយបន្តឱ្យអាជីវករក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។ អ្នកស្រី សំណាង លក់តែអំបុកលីងប៉ុណ្ណោះ។ អំបុកលីងជាមួយបង្គានិងស្លឹកតយរបស់អ្នកស្រី សំណាង លក់តម្លៃ២៥,០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកអំបុកមិនទាន់លីង អ្នកស្រី សំណាង លក់ក្នុងតម្លៃ៩,០០០រៀលឡើងទៅ ក្នុងមួយគីឡូ សម្រាប់អតិថិជន ដែលបញ្ជាទិញតិច ឬច្រើន។
អ្នកស្រី ផឹត សំណាង អង្គុយលក់អំបុក នៅក្នុងផ្សារបឹងត្របែក
អង្គុយក្រោមឆ័ត្រពាក់មួកស ដៃច្រកអំបុកក្នុងថង់ឱ្យអតិថិជន ស្ត្រីអ្នកលក់អំបុកវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖««ខ្ញុំឱ្យអ្នកធ្វើអំបុក ធ្វើទុកឱ្យខ្ញុំ១តោន សម្រាប់លក់នៅអំឡុងពេលបុណ្យអុំទូកខាងមុខ ដោយក្នុងតម្លៃ៨,០០០រៀល ។ អំបុកនឹងឡើងថ្លៃនៅពេលបុណ្យអំទូកខាងមុខនេះ ទើបខ្ញុំឱ្យគេធ្វើទុក ជៀសវាងឡើងថ្លៃហើយ ពិបាករកទិញយកមកលក់។ សម្រាប់តម្លៃអំបុកលីងដែលខ្ញុំលក់ ប្រហែលអាចឡើងដល់ជាង៣ម៉ឺនរៀលក្នុងមួយគីឡូក្រាមនៅថ្ងៃអុំទូកនោះ»។
បើតាមអ្នកស្រី សំណាង ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់អំបុកបានចន្លោះពី១៥ ទៅ២០គីឡូក្រាម ខណៈតម្លៃអំបុកដែលអ្នកស្រីយកពីអ្នកផលិត តែ៧,០០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ។
ដោយសារឃើញឱកាសទីផ្សារអំបុកមកដល់ នៅក្នុងអំឡុងពេលបុណ្យអុំទូក និងថ្ងៃទី៩ វិច្ឆិកានោះ ទើបអ្នកស្រី សាយ បូណា បានត្រៀមអំបុក១០០គីឡូក្រាម សម្រាប់លក់ដូចអ្នកស្រី ផឹក សំណាង ដែរ។ សម្រាប់អ្នកស្រី បូណា ចំនួនអំបុក១០០គីឡូនេះ គឺកើនឡើងខុសពីថ្ងៃលក់ធម្មតា។
ជាអ្នកលក់អំបុកនៅផ្សារទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន ស្ត្រីវ័យ៤៣ឆ្នាំ ដែលបានតាមដានស្ថានការណ៍សង្គមរូបនេះ បាននិយាយដូច្នេះថា៖«ជិតដល់ថ្ងៃអុំទូក អំបុកនឹងឡើងថ្លៃ ជាពិសេសឆ្នាំនេះ មានការពិសារអំបុកជុំគ្នានៅថ្ងៃទី៩ វិច្ឆិកា។ ដូច្នេះអំបុកនឹងឡើងថ្លៃ។ ហើយខ្ញុំបានទិញអំបុកលីង៥ការុង (ក្នុងមួយការុង២០គីឡូ)ទុកសម្រាប់លក់រួចហើយ។ ប៉ុន្តែមិនដឹងថា (ចំនួនអំបុក១០០គីឡូ)លក់គ្រប់ឬមិនគ្រប់នោះទេ»។
ទាំងអ្នកស្រី ផឹក សំណាង និងអ្នកស្រី សាយ បូណា សុទ្ធតែមានក្តីរំពឹងខ្ពស់ថា ខ្លួននឹងអាចរកចំណូលបានច្រើនពីការលក់អំបុកនៅឆ្នាំនេះ។
កាលពីថ្ងៃទី២២ តុលា សម្តេច ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ធ្វើជាថ្ងៃដែលកម្ពុជាត្រូវទទួលទានអំបុកនៅទូទាំងប្រទេស។ ការហូបអំបុកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់និយមន័យក្រោមពាក្យថា «ការពារជាតិ សាសនាព្រះមហាក្សត្រ»។ មិនតែប៉ុណ្ណោះសម្ដេច ហ៊ុន សែន បានប្រាប់ឱ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស រៀបចំអំបុកឱ្យបានអធិកអាធមទៀតផង។
តាមពិតទៅដើមចម ដែលនាំឱ្យមេដឹកនាំកម្ពុជា បង្កើតយុទ្ធនាការទទួលទានអំបុកនេះ គឺជាឆ្លើយតបនឹង លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសវិលត្រឡប់ចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
អ្នកស្រី សាយ បូណា កំពុងអង្គុយលក់អំបុកនៅផ្សារទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ប្រមុខរដ្ឋាភិបាល បានប្រកាសដូច្នេះថា៖ «ខ្ញុំសុំប្រកាសយកថ្ងៃទី៩វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង តភ្ជាប់ជាមួយបុណ្យអុំទូក អកអំបុក សំពះព្រះខែ ធ្វើជាថ្ងៃរួមគ្នាទទួលទានអំបុកខ្មែរទូទាំងប្រទេស»។
បើតាមសម្ដេច ហ៊ុន សែន ការរៀបចំពិធីអកអំបុកទូទាំងប្រទេសនេះ ក៏ជាការរួមចំណែកធ្វើឱ្យផលិតផលខ្មែរឡើងថ្លៃផងដែរ។ «ព្រោះអំបុក វាត្រូវការស្រូវ យកមកបុក បានទៅជាអំបុក ស្រូវក៏ឡើងថ្លៃ អំបុកក៏ឡើងថ្លៃ ដូងក៏ឡើងថ្លៃ ចេកក៏ឡើងថ្លៃ ស្ករផែនក៏ឡើងថ្លៃ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
គួរបញ្ជាក់ថា នៅពេលដែលរដូវប្រមូលផលច្រូតកាត់ស្រូវបានមកដល់ហើយនោះ ប្រជាកសិករកម្ពុជាភាគច្រើន ដែលរស់នៅតាមទីជនបទតែងតែនិយមដាល់អំបុក។ ជាពិសេសនោះគឺ ស្របពេលដែលប្រទេកម្ពុជាប្រារព្ធព្រះរាជពិធីអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ។ អំបុក ជាចំណីអាហារប្រពៃណីរបស់ខ្មែរមួយ ដែលធ្វើឡើងពីប្រភេទស្រូវថ្មី និងប្រភេទដ៏ទៃ ទៀតតាមចំណង់ចំណូលចិត្តរបស់អ្នកពិសារ។
ពលរដ្ឋភាគច្រើនបាននិយមជ្រើសយកប្រភេទស្រូវថ្មីមកដាល់ធ្វើជាអំបុក ពីព្រោះស្រូវប្រភេទនេះ អាចធ្វើឱ្យអំបុកមានក្លិនក្រអូបឈ្ងុយគួរឱ្យចង់ពិសារ។ ក្រៅពីប្រភេទស្រូវថ្មី គេក៏អាចយក ប្រភេទស្រូវដំណើប ស្រូវខ្សាយផងដែរ ប៉ុន្តែជាធម្មតា គេប្រើតែស្រូវដំណើបជាងស្រូវខ្សាយ ព្រោះស្រូវដំណើបអាចធ្វើសាច់អំបុកស្អិតល្អ៕