ជាតិ
សង្គមជាតិ
អ្នក​ដាំ​ស្មៅ​បារាំង​លក់ បាន​ផលចំណេញ​ជាង​ដាំ​ស្រូវ​?
28, Oct 2019 , 7:59 am        
រូបភាព
 ភ្នំពេញ​៖ ស្មៅ​បារាំង​កំពុង​ក្លាយជា​របរ​ដាំ​ដុះ​ដ៏​ពេញនិយម​សម្រាប់​កសិករ​នៅ​កម្ពុជា​។ អ្នក​ដាំ​ស្មៅ​បារាំង​សម្រាប់​ឲ្យ​គោ​ស៊ី អះអាងថា ស្មៅ​ប្រភេទ​នេះ បានផ្ដល់​ផលចំណេញ​ជាង​ដាំ​ស្រូវ រហូតដល់​អ្នក​ដាំ​ស្មៅ​ខ្លះ ហ៊ាន​ជួល​ដី​រាប់​ហិកតា សម្រាប់​ដាំ​ស្មៅ​នេះ​ទៀតផង​។

 
​ស្មៅ​បារាំង​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ ដើម​មូល​មាន​រោម​នៅតាម​ថ្នាំង​នីមួយ ដែលមាន​ទំហំ​ប៉ុន​ចុង​ចង្កឹះ ត្រូវបាន​លោក សេង នី ច្រូត​ចង​ជា​បាច់ៗ​យកមក​លក់​ឲ្យ​ឈ្មួញកណ្ដាល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជា​រៀងរាល់​ព្រឹក​លោក សេង នី វ័យ​៥៥​ឆ្នាំ តែងតែ​ដឹក​ស្មៅ​ពី​ចម្ការ​យកមក​លក់ ។ លោក នី បាន​ជួល​ដី​គេ​ទំហំ​៥​ហិកតា សម្រាប់​ដាំ​ស្មៅ​ប្រភេទ​នេះ​។ តម្លៃ​ដី​ដែល​លោក បាន​ជួល គឺ​មួយឆ្នាំ​២៥០​ដុល្លារ​ក្នុង​មួយ​ហិកតា នៅក្នុង​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។​
 
លោក សេង នី ដឹកស្មៅមកលក់បន្តឲ្យឈ្មួញក្នុងខណ្ឌដង្កោ

​ដៃជើង​ប្រឡាក់​ភក់ លោក សេង នី ឈរ​ក្បែរ​ម៉ូតូ​បន្ទាប់ពី​ទម្លាក់​ស្មៅ​ហើយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចាប់ពី​ខែមករា​ដល់​ខែឧសភា លោក​អាច​លក់​ស្មៅ​បាន​ពី​៨០​ទៅ​៩០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ផុតពី​ខែ​នេះ​ទៅ លោក លក់បាន​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​ដល់​ខែ​សម្បូរ​ស្មៅ ហើយ​លក់​មិនសូវ​ដាច់ គួបផ្សំ​នឹង​តម្លៃ​ទាប ដោយ​ស្មៅ​មួយ​បាច់​តម្លៃ​៨​០០រៀល​ប៉ុណ្ណោះ​។​
 
 
អ្នកទិញស្មៅ កំពុងអង្គុយលើម៉ូតូ និងអ្នកលក់ស្មៅ អ្នកស្រី ឆេង វួចលីម ពាក់អាវខៀវ

«​ដាំ​ស្មៅ​នេះ ទទួលបាន​ផលចំណេញ​ជាង​ដាំ​ស្រូវ​។ ស្មៅ​ស្រួល​ដាំ គ្រាន់តែ​ភ្ជួរ​ដី បូមទឹក​ដាក់ ហើយ​ដាក់​ស្មៅ​ភ្ជួរ​រាស់​គឺ​រួច​។ រយៈពេល​តែ​ជិត​១​ខែ គឺអាច​ច្រួត​លក់បាន ហើយ​ដី​៥​ហិកតា​ហ្នឹង ច្រូត​ឆ្លាស់​កន្លែង​គ្នា​គឺ​យើង​ច្រូត​បាន​រាល់ថ្ងៃ​។ ច្រូត​បី​ទៅ​បួន​ដង ពេល​ស្មៅ​មិនសូវ​ល្អ យើង​បាច​ជី​បន្តិច​ទៅ​ស្មៅ​ល្អ​ហើយ​។ តែបើ​ដាំ​ស្រូវ​វិញ​ជួល​គេ​ច្រើន​ដំណាក់កាល​និង​ពិបាក​ថែ និង​ប្រមូល​ផល​មិនបាន​ចំណូល​ច្រើន​ដូច​ដាំ​ស្មៅ​ទេ​»​។ នេះ​ជាការ​អះអាង​របស់លោក សេង នី​។​
 
 
អ្នកស្រី បាន ចន្ថាកំពុងចងស្មៅជាបាច់

​ដើមឡើយ​បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ គឺជា​ឈ្មួញ​ទិញ​ចេក និង​ដាំ​ស្រូវ​លក់​ទេ ប៉ុន្តែ​ក្រោយពី​មើលឃើញ អ្នកភូមិ​ប្រក​បរបរ​ដាំ​ស្មៅ​បារាំង​នេះ ផ្ដល់​ផល​ល្អ​នោះ លោក ក៏​សម្រេចចិត្ត​មក​ដាំ​ប្រភេទ​នេះ​តែម្ដង​។ «​ខ្ញុំ​ឃើញ​គេ​ច្រូតស្មៅ​លក់ និង​អ្នកខ្លះ​ដាំ​លក់​ច្រូត​លក់បាន​រាល់ថ្ងៃ ខ្ញុំ​ក៏​សាកសួរ​គេ​បន្ត​ក្នុងភូមិ ហើយ​បាន​ដាំ​ស្មៅនេះ អស់​រយៈពេល​៥​ឆ្នាំ​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក នី ដែល​បាន​ប្រកប​របរ​នេះ ៥​ឆ្នាំ​មកហើយ​។​
 
​ចំពោះ​បញ្ហា​ប្រឈម​នៃ​ការដាំ​ស្មៅ​បារាំង គឺ​នៅពេល​ទឹក​ឡើង​ខ្លាំង ដែល​បណ្ដាលឱ្យ​លិច​ស្មៅ​រលួយ ។ ប៉ុន្តែ​បញ្ហា​នេះ មិនសូវ​កើតមាន​ញឹកញាប់​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី បាន ចន្ថា ដែល​បាន​អះអាងថា ស្មៅ​បារាំង ដែល​ច្រូត​បាន​ច្រើន​កាលណា គឺ​ឈ្មួញកណ្ដាល​ប្រមូល​ទិញ​ទាំងអស់​គ្មាន​សល់​។​
 
 
អ្នកស្រី បាន ចន្ថា និង ម្ដាយ កំពុងច្រូតស្មៅ

​ស្ត្រី​វ័យ​៣៦ ឆ្នាំ ដែល​បាន​ប្រកប​របរ​ដាំ​ស្មៅ​៦​ឆ្នាំ​មកនេះ បាន​បញ្ជក់​ដូច្នេះ​ថា​៖««​ដាំ​ស្មៅ​នេះ យើង​ច្រូត​បាន​រាល់ថ្ងៃ​។ ក្បាលដី​ជាង​៤០​ម៉ែត្រ​និង​បណ្ដោយ​ជាង​៦០​ម៉ែត្រ ចំណាយ​ប្រចាំថ្ងៃ​ក្នុង​ហ្នឹង ខ្ញុំ​នៅសល់​ទិញ​អង្ករ​បាន​ពី​រកា​រ៉ុង​ទៀត ។​តែបើ​កាលពី​ខ្ញុំ​ដាំ​ស្រូវ ខ្ញុំ​ត្រូវ​ជួល​គេ​គ្រប់យ៉ាង​ហើយ​លក់​ត្រូវបាន​តម្លៃ​ទាប ចំណាយ​ប្រចាំថ្ងៃ​មិន​គ្រប់​ហើយ​អង្ករ​ហូប​វិញ​ក៏​មិន​គ្រាន់​»​។​
 
​ជា​ឈ្មួញ​ប្រមូល​ទិញ​ស្មៅ​បារាំង​នៅ​ភូមិ​តំណាក់​ដង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អ្នកស្រី ឆេង វួ​ច​លីម បាន​ទិញ​ស្មៅ​ជាង​១០០០​បាច់​ឡើង នៅក្នុង​ចន្លោះ​ខែមករា ដល់​ខែឧសភា សម្រាប់​យកទៅលក់​បន្ត​ឱ្យ​ម្ចាស់​កសិក​ដ្ឋា​ន ឬ​អ្នក​ចិញ្ចឹម​គោ​ស៊ី​ជា​លក្ខណៈ​គ្រួសារ​ផ្ទាល់​តែម្ដង​។ ជា​ឈ្មួញ​រកស៊ី​ទិញ​ស្មៅ​លក់​ជិត​២០​ឆ្នាំនេះ អ្នកស្រី លឹម បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខែ​នេះ លក់បាន​ជាង​៥០០​បាច់​ប៉ុណ្ណោះ​(​ព្រោះ​ស្មៅ​ធម្មជាតិ​ក៏​សំបូរ​ច្រើន​) ហើយ​ចំណេញ បាន​១០០​ទៅ​២០០​រៀល ក្នុង​មួយ​បាច់​។​
 
ម្ដាយ អ្នកស្រី ចន្ថា សម្រាកពីច្រូតស្មៅ

​ទាំង​លោក សេង នី និង​អ្នកស្រី បាន ចន្ថា សុទ្ធតែ​អះអាងថា របរ​ដាំ​ស្មៅ​បារាំង​លក់​នេះ បាន​ផ្លាស់ប្ដូរ​ជីវភាព​ខ្លួន ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​៕
 


Tag:
 ខេត្តកណ្តាល​
  ដាំ​ស្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com