ជាតិ
នយោបាយជាតិ
អតីតតំណាងរាស្ត្រ CNRP លោក គង់ បូរ៉ា ក្លាយជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គង់ បូរ៉ា ផ្តល់បទសម្ភាសដល់សារព័ត៌មាននាពេលដែលលោកក្លាយជាសមាជិកផ្លូវការ CPP កាលពីថ្ងៃទី១០ ខែកក្កដា។ រូបថត ហ្វេសប៊ុក Bora Kong
× លោក គង់ បូរ៉ា អតីតអ្នកតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែតុលា លោក គង់ បូរ៉ា ដែលជាកូនប្រុសមួយរបស់លោក គង់ គាំ អតីតមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រឆាំងផងដែរ នោះ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពោលគឺរយៈពេល១៦ថ្ងៃ ក្រោយដែលលោកត្រូវបានទទួលស្គាល់ជាផ្លូវការជាសមាជិកគណបក្សប្រជាជនកម្ពុជា នាពិធីផ្លូវការនៅទីស្នាក់ការគណបក្ស។
លោក គង់ បូរ៉ា ស្ថិតក្នុងចំណោមអតីតមន្ត្រីជាន់ខ្ពស់១១៨នាក់របស់សង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយរយៈពេល៥ឆ្នាំ រួមជាមួយនឹងការប្រកាសរំលាយ CNRP ដោយតុលាការកំពូល។ ក្រោយមកលោកបានសម្រេចចិត្តតាមលោក គង់ គាំ ដែលជាឪពុកក្នុងការស្នើសុំសិទ្ធិនយោបាយឡើងវិញ ខណៈ លោក គង់ សភា ដែលជាបងប្រុសរក្សាជំហរជាមួយលោក សម រង្ស៊ី និង CNRP ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com