អន្តរជាតិ
ប្រមុខក្រុមរដ្ឋឥស្លាម បំផ្ទុះខ្លួនឯង ក្រោយយោធាអាមេរិកតាមទាន់ មេដឹកនាំក្រុមរដ្ឋឥស្លាម អាប៊ី បាកើ អាល់-បាក់ដាឌី ពេលកំពុងប្រកាសបង្កើតក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤។ រូបភាព Xinhua
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែតុលា បានប្រកាសពីការស្លាប់របស់មេដឹកនាំក្រុមរដ្ឋឥស្លាម អាប៊ូ អាកើ អាល់-បាក់ដាឌី (Abu Bakr al-Baghdadi) ដែលត្រូវបានចាត់ទុកជាជនដែលត្រូវស្វែងរកតាមចាប់បំផុតរបស់ពិភពលោក។ លោក ត្រាំ បានហៅមេដឹកនាំក្រុមជ្រុលនិយមរូបនេះជាជនកំសាក។ មេដឹកនាំអាមេរិករូបនេះ បានកោតសរសើរកម្លាំងពិសេសអាមេរិកដែលធ្វើប្រតិបត្តិកណ្ដាលរាត្រីនៅក្នុងទឹកដីស៊ីរី។
ទីបំផុត អាមេរិកអាចប្រមាញ់មេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាមដែលអុកឡុកពិភពលោកប៉ុន្មានឆ្នាំមកនេះ។ អាប៊ូ អាកើ អាល់-បាក់ដាឌី ប្រមុខក្រុមរដ្ឋឥស្លាម បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន និងកូនចំនួនបីនាក់ទៀតក្នុងរូងក្រោមមួយកន្លែងក្នុងទឹកដីស៊ីរី ខណៈរត់គេចពីប្រតិបត្តិការរបស់យោធាពិសេសអាមេរិក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំភេរវករមួយនៅថ្ងៃទី២៧ ខែតុលា ប៉ុន្មានម៉ោងក្រោយប្រតិបត្តិការពេលរាត្រីបានបញ្ចប់។
ក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍ លោក ត្រាំ អះអាងថា ឧទ្ធម្ភាគចក្រចំនួន៨គ្រឿង បានចូលរួមក្នុងប្រតិបត្តិដ៏គ្រោះថ្នាក់មួយនេះ ហើយមានយន្តហោះចម្បាំងច្រើនគ្រឿងទៀត បានហោះពីលើទីតាំងធ្វើប្រតិបត្តិការក្នុងខេត្តអ៊ីដលីបរបស់ស៊ីរីផងដែរ។ យ៉ាងណាមិញ លោក ត្រាំ មិនបញ្ជាក់ពីចំនួនយោធាដែលចូលរួម ឬអង្គភាពទ័ពឡើយ តែបញ្ជាក់ថា ជាអង្គភាពទ័ពពិសេសរបស់អាមេរិក។ សត្វឆ្កែ និងមនុស្សយន្តបញ្ជា ក៏ចូលរួមក្នុងប្រតិបត្តិការប្រមាញ់នេះដែរ។
លោក ត្រាំ និយាយថា អាល់-បាក់ដាឌី ស្ថិតក្នុងការតាមដានអស់ពេលប៉ុន្មានសប្ដាហ៍មកហើយ ដោយមានក្រុមឃើដជួយផ្ដល់ព័ត៌មានទាក់ទងសកម្មភាពរបស់មេដឹកនាំរូបនេះ។ បន្ទាប់ពីបញ្ជាក់ទីតាំងលាក់ខ្លួនរួចហើយ យោធាអាមេរិកក៏ផ្ដើមធ្វើប្រតិបត្តិការនៅថ្ងៃទី២៧ ខែតុលាតែម្ដង។ ចេញពីបន្ទាយក្នុងទឹកដីអ៊ីរ៉ាក់ យោធាអាមេរិក ត្រូវឆ្លងកាត់ទឹកដីគ្រោះថ្នាក់ជាច្រើន ហើយដែនអាកាសែដែលគ្រប់គ្រងដោយតួកគី រុស្ស៊ី និងស៊ីរី។ បើតាមលោក ត្រាំ អាមេរិកបានស្នើសុំការសហការពីប្រទេសទាំងនេះ។
ទៅដល់ទីតាំង យោធាអាមេរិក បានបាញ់តទល់ជាមួយសកម្មជនរដ្ឋឥស្លាម ប៉ុន្តែមិនមានរបាយការណ៍ទាក់ទងការស្លាប់របស់យោធាអាមេរិកឡើយ។ ក្រោយបាញ់ទៅមកដែលសម្លាប់អ្នកគាំទ្រលោក អាល់-បាក់ដាឌីជាច្រើន និងប្រពន្ធម្នាក់ផងនោះ កម្លាំងពិសេសអាមេរិកក៏រកឃើញ អាល់-បាក់ដាឌី ដែលក្នុងអាគារជាមួយកូនៗបីនាក់។ បើតាមលោក ត្រាំ មេដឹកនាំក្រុមរដ្ឋឥស្លាម បានរត់តាមរូងក្រោមដីមួយ ខណៈយោធាអាមេរិក ក៏បានលែងឆ្កែដេញតាមផងដែរ។
«រូបគេបានរត់ដល់ផ្លូវទាល់ ហើយក៏បំផ្ទុះគ្រាប់បែកដែលដាក់ជាប់ចង្កេះសម្លាប់ខ្លួន និងកូនៗតែម្ដង។» នេះបើតាមការលើកឡើងរបស់លោក ត្រាំ ដែលបន្តថា តាមដានប្រតិបត្តិការនេះ ប្រៀបដូចមើលភាពយន្តដូច្នោះដែរ។ យោធាអាមេរិកក៏ចាប់ផ្ដើមវិភាគទិន្នន័យនានា ហើយដកថយវិញ និងយកព័ត៌មានដែលទទួលបានទៅវិភាគដើម្បីប្រាកដថា អាល់-បាក់ដាឌី ពិតជាស្លាប់មែន។ ពីទឹកដីអាមេរិក លោក ត្រាំ ក៏ប្រាប់ប្រជាជនអាមេរិក និងពិភពលោកឲ្យដឹងពីប្រតិបត្តិការនេះ៕
Tag:
អាមេរិក
ក្រុមរដ្ឋឥស្លាម
ដូណាល់ ត្រាំ
Abu Bakr al-Baghdadi
© រក្សាសិទ្ធិដោយ thmeythmey.com