អាជ្ញាធរ កំពុងស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម
ជាតិ
សង្គមជាតិ
អាជ្ញាធរ កំពុងស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម
28, Oct 2019 , 1:55 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
អាជ្ញាធរ បន្តស្វែងរកនារីជនជាតិអង់គ្លេសម្នាក់ Bambridge Amelia Louise ដែលបាត់ខ្លួន ដោយពុំដឹងមូលហេតុ នៅកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។ គិតមកដល់ថ្ងៃទី២៨នេះ មានរយៈពេល៥ថ្ងៃហើយ នារីជនជាតិអង់គ្លេសនោះ បានបាត់ខ្លួន ហើយសមត្ថកិច្ចរកឃើញត្រឹមតែកាបូប និងសម្ភារមួយចំនួននៅលើផ្ទាំងថ្មប៉ុណ្ណោះ។



លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ចាប់តាំងពីថ្ងៃទី២៤ មកដល់ថ្ងៃ២៨ ខែតុលានេះ សមត្ថកិច្ចនៅតែបន្តស្វែងរកនារីជនជាតិអង់គ្លេសនោះ។ លោក បញ្ជាក់ថា៖«ចាប់តាំងពីថ្ងៃបាត់ខ្លួន ដល់ថ្ងៃនេះ កម្លាំងជំនាញពុំទាន់រកឃើញនារីដែលបាត់ខ្លួននៅឡើយទេ។ សមត្ថកិច្ច នឹងខិតខំបន្តទៀត ចំពោះករណីនេះ»។

កាលពីថ្ងៃទី២៧តុលា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះស្វែងរកនារីជនជាតិអង់គ្លេសនោះ។ កិច្ចប្រតិបត្តិការនេះ បានចុះរកតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុងសន្លឹម និងកន្លែដែលនារីនោះបានទៅលេង។ លើសពីនេះ ក៏មានទាំងក្រុមមុជទឹកផងដែរ។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម កាលពីល្ងាចថ្ងៃទី១៩ខែតុលា ហើយចូលស្នាក់នៅផ្ទះសំណាក់ Ness Beach។ កម្លាំងជំនាញថា គេប្រទះឃើញនាងចុងក្រោយនៅក្នុងកម្មវិធីជប់លៀង នៅឆ្នេរកោះរ៉ុងសន្លឹមប្រមាណម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ឆ្នាំ២០១៩។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានរកឃើញកាបូប និងសម្ភារមួយចំនួន នៅលើផ្ទាំងថ្មក្បែរឆ្នេរជិតកន្លែងជប់លៀង៕

Tag:
 ជនជាតិអង់គ្លេសបាត់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com