ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុន​មក​ខ្មែរ លោក សម រង្ស៊ី ប្រាប់​បរទេស​ថា «​ប្រហែល​លើកចុងក្រោយ​ហើយ អ្នកឃើញ​ខ្ញុំ មាន​សេរីភាព​»
28, Oct 2019 , 3:27 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងក្នុងសមាជ ALDE
លោក សម រង្ស៊ី ថ្លែងក្នុងសមាជ ALDE
ដោយ: ថ្មីៗ
​ខណៈ​ផែនការ​នៃ​ការវិល​មក​កម្ពុជា​នៅសល់តែ​ជាង​១០​ថ្ងៃ​ទៀត លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង បាន​ថ្លែង​ទៅកាន់​មិត្ត​បរទេស​ថា ការជួបគ្នា​នេះ ប្រហែលជា​ឱកាស​ចុងក្រោយ​ហើយ ដែល​ពួកគេ បានឃើញ​លោក ជា​មនុស្ស​មាន​សេរីភាព​។ ការ​ថ្លែង​របស់លោក សម រង្ស៊ី គឺធ្វើឡើង​ក្នុង​សមាជ​លើក​ទី​៤០ នៃ​អង្គការ​នយោបាយ​អន្តរ​ជាតិ​មួយ ហៅថា​សម្ព័ន្ធ​អ្នក​សេរីនិយម​និង​អ្នកប្រជាធិបតេយ្យ​សម្រាប់​អឺរ៉ុប (ALDE) ដែល​រៀបចំ​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក​។



​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​លើ​ Twitter របស់​ខ្លួន នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោក សម រង្ស៊ី និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​វា ប្រហែលជា​ពេលវេលា​ចុងក្រោយ​ហើយ ដែល​អ្នក​បានឃើញ​ខ្ញុំ​ជា​មនុស្ស​មាន​សេរីភាព ពីព្រោះ​ខ្ញុំ នឹង​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា [​ឆ្នាំ​២០១៩] ហើយ​លោកនាយក​រដ្ឋមន្ត្រី [​ហ៊ុន សែន​] ចង់​ចាប់​ខ្ញុំ​…​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក [ALDE] ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការប្រើ​អំពើហិង្សា និង​ដើម្បី​ឲ្យ​មាន​ការគោរព​សិទ្ធិ​មន​ស្ស​»​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ប្រកាស​កន្លងមក​ថា លោក មិន​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់​លោក​ងាយៗ​នោះទេ​។ លោក ថែមទាំង​ប្រាប់​សាធារណជន​ទៀតថា លោក​ទេ ដែល​នឹង​ចាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​លោក សម រង្ស៊ី ទើបនឹង​បានផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី​២៧ ខែតុលា ថា គម្រោង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា នឹងមិន​ផ្តាស់​ប្តូរ​ឡើយ បើទោះបីជា​រង​ការ​គំរាម​ចាប់​ខ្លួប​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដោយ​។

​ថ្មីៗ​នេះ លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខ​ហួរ ដែល​ចាត់ទុកថា​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់ ​ក្នុងការ​រៀបចំ​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​និវត្ត បាន​ចូល​មកដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ប៉ុន្មាន​ថ្ងៃមុន អ្នកស្រី មូរ សុខហួរ បម្រុង​នឹង​ហោះ​ចេញពី​ម៉ាឡេស៊ី ចូលមក​ថៃ ប៉ុន្តែ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ថៃ​នៅ​ព្រលានយន្តហោះ ហាមឃាត់​។ ក្រោយមក អ្នកស្រី ក៏​សម្រេចចិត្ត វិល​ទៅ​អាមេរិក​វិញ ហើយ​ប្រកាសថា​នឹង​មក​អាស៊ី​ម្តងទៀត (មុន​ថ្ងៃទី​៩ ខែវិច្ឆិកា​)​។

​ចំណែក លោក អេង ឆៃអ៊ាង ក៏បាន​បង្ហើប​តាម​សារព័ត៌មាន​ដែរ​ថា លោក កំពុងតែ​ស្ថិតក្នុង​ប្រទេស​ដែល​នៅ​ជិត​កម្ពុជា​។ លោក ថា លោក កំពុង​រៀបចំ​កិច្ចការ​សម្រាប់​ការវិល​មក​កម្ពុជា​។

​គេដឹងថា ទឹកដី​ថៃ គឺជា​គោលដៅ​ចម្បង ដែល​លោក សម រង្ស៊ី និង​បក្សពួក ចង់​យកធ្វើជា​កន្លែង​ឈរជើង ដើម្បី​ប្រមូលផ្តុំ​កម្លាំង​ពលករ ហើយ​នាំគ្នា​ដើរ​ឆ្លងកាត់​ព្រំដែន​ចូល​កម្ពុជា​។ លោក សម រង្ស៊ី រំពឹងថា ​ពលករ​ខ្មែរ​នៅ​ថៃ​ភាគច្រើន នឹង​អមដំណើរ​មកជា​មួយ​លោក​៕

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com