រថយន្ត
អន្តរជាតិ
សង្គ្រាមឧបទ្វីបកូរ៉េជាអ្នកផ្តល់កំណើតឲ្យរថយន្ត Land Cruiser
× រថយន្តដែលផលិតនៅប្រទេសជប៉ុនមួយនេះ ត្រូវបានគេឃើញធ្វើដំណើរនៅតាមតំបន់លំបាកនានា ដូចជាតំបន់វាលខ្សាច់សាហារា តំបន់ទឹកកកអាកទិច និងពេលខ្លះដូចជាតំបន់ធម្មតានៅក្នុងទីក្រុង។ សម្រាប់រថយន្តដែលត្រូវបានគេប្រើប្រាស់សឹងតែគ្រប់ទីកន្លែងនេះ វាមានប្រវត្តិជាង៦០ឆ្នាំមកហើយ ពោលគឺនៅក្នុងពេលដែលប្រទេសកូរ៉េទាំងសងខាងកំពុងដែលមានជម្លោះនឹងគ្នាដំបូង។
ការដកស្រង់មួយចេញពីគេហទំព័រ Car and Driver បានបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៥០ សហរដ្ឋអាមេរិកកំពុងតែគាំទ្រកូរ៉េខាងត្បូង ទប់ទល់ជាមួយនឹងកូរ៉េខាងជើង ដែលនៅពីក្រោយដោយសហភាពសូវៀត។ ក្នុងកាលៈទេសៈនៃសង្គ្រាមនេះ សហរដ្ឋអាមេរិកកំពុងត្រូវការរថយន្តចម្បង ដើម្បីទប់ទល់ជាមួយនឹងការវាយលុក។ ដោយហេតុនេះ សហរដ្ឋអាមេរិកបានចាត់តាំងប្រទេសជប៉ុនក្នុងការផលិតរថយន្តដែលអាចប្រើប្រាស់ក្នុងស្ថានភាពសង្គ្រាមបាន។
នៅក្នុងឆ្នាំ១៩៥១ រថយន្តទ័ពដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា ដែលទាហានអាមេរិកត្រូវការនេះត្រូវបានចាប់កំណើតឡើង មានឈ្មោះថា Toyota Jeep BJ ជាប្រភេទម៉ាស៊ីនស៊ីឡាំងស្រប ទំហំ៣.៤លីត្រ។ រថយន្ត Jeep BJ នេះត្រូវបានគេយកលំនាំតាមរថយន្ត Jeep របស់ទ័ពអាមេរិកដែលវត្តមាននៅក្នុងប្រទេសជប៉ុន។ ក្រោយមក Toyota Jeep BJ បានទទួលការចាប់អារម្មណ៍ពីសំណាក់ស្ថាប័នប៉ូលីសជាច្រើននៅក្នុងតំបន់ ជាពិសេសក្រុមនគរបាលជាតិនៃប្រទេសជប៉ុន។
ដោយសារតែហេតុនេះ ក្រុមហ៊ុនរថយន្តអាមេរិកមិនបង្ហាញភាពសប្បាយចិត្តរបស់ខ្លួននោះឡើង នៅពេលដែល Toyota Jeep BJ របស់ជប៉ុនកំពុងដែលវាយលុកទីផ្សារនៃរថយន្ត Willys Jeep របស់ខ្លួន (Willys Jeep ជារថយន្តទាហានរបស់សហរដ្ឋអាមេរិកក្នុងសម័យដូចគ្នានេះដែរ)។ ដូចនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកបានប្រកាសថា ឈ្មោះ«Jeep»គឺជាឈ្មោះរបស់ពួកគេផ្ទាល់ ហើយតូយ៉ូតាបានប្រើប្រាស់ឈ្មោះមួយនេះដោយមិនមានការអនុញ្ញាតត្រឹមត្រូវ។
ដោយឆ្លើយតបជាមួយនឹងរឿងនេះ តូយ៉ូតាបានប្តូរឈ្មោះរថយន្តរបស់ខ្លួនទៅជា Land Cruiser វិញនៅក្នុងឆ្នាំ១៩៥៤។ ក្នុងឆ្នាំ១៩៥៨ រថយន្ត Land Cruiser ដែលផលិតមកក្នុងការប្រើប្រាស់ធម្មតា ក្រៅពីសមរភូមិ ត្រូវបានគេដាក់លក់ក្នុងទីផ្សារអាមេរិកដំបូងទៅឲ្យអតិថិជនទូទៅ។ រហូតមកដល់សព្វថ្ងៃ គេឃើញមាន Land Cruiser សេរី២០ ដំបូងក្នុងឆ្មាំ១៩៥៨ សេរី៤០ក្នុងឆ្នាំ១៩៦១ សេរី៥៥ក្នុងឆ្នាំ១៩៦៧ សេរី៦០ក្នុងឆ្នាំ១៩៨០ សេរី៨០ក្នុងឆ្នាំ១៩៩០ រហូតមកដល់សេរី១០០ក្នុងឆ្នាំ២០០០ និងសេរី២០០ក្នុងឆ្នាំ២០០៨៕
© រក្សាសិទ្ធិដោយ thmeythmey.com