អន្តរជាតិ
កាន់តំណែង​៨៨១​ថ្ងៃ លោក​លី ណាក់​យុន ក្លាយជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​នៅ​កូរ៉េខាងត្បូង​
28, Oct 2019 , 10:59 pm        
រូបភាព
លោក លី ណាក់យុន ក្លាយជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងកាន់តំណែងយូរជាងគេគិតចាប់តាំងពីឆ្នាំ១៩៨៧។ រូបភាព Trend News Agency
លោក លី ណាក់យុន ក្លាយជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងកាន់តំណែងយូរជាងគេគិតចាប់តាំងពីឆ្នាំ១៩៨៧។ រូបភាព Trend News Agency
​លោក លី ណាក់​យុន (Lee Nak-yon) នៅ​ថ្ងៃទី ២៨ ខែតុលា បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​បានយូរ​ជាងគេ​របស់​កូរ៉េខាងត្បូង​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ជា​ឆ្នាំ​ដែល​កូរ៉េខាងត្បូង​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​រើស​ប្រធានាធិបតី​ដោយផ្ទាល់​។ បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា លោក លី កាន់តំណែង​នាយករដ្ឋមន្ត្រី​បាន​៨៨១​ថ្ងៃ​។ ក្នុង​អាណត្តិ​ប្រធានាធិបតី មូ​ន​ចេ​អ៊ី​ន តំណែង​នាយករដ្ឋមន្ត្រី​នេះ មាន​ឥទ្ធិពល​ច្រើនជាង​មុន ហើយ​ទទួលបាន​សិទ្ធិ​រៀបចំ​ជំនួប​កំពូល​ជាមួយ​បរទេស​ទៀតផង​។



​លោក លី ណាក់​យុន ត្រូវបាន​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ខែឧសភា ឆ្នាំ​២០១៧ ពេល​លោក មូ​ន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​មុន​អាណត្តិ​ដើម្បី​ជំនួស​តំណែង​អ្នកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​ចោមរោម​ដោយ​រឿងអាស្រូវ​ពុករលួយ​។ កាលនោះ លោក លី កំពុងកាន់​តំណែង​អភិបាលខេត្ត​ចូឡា​ខាងត្បូង (South Jeolla)​។ លោក​បាន​លាលែង​ពី​តំណែង​ចៅហ្វាយខេត្ត​ភ្លាមៗ​ក្រោយ​ទទួលបាន​ការតែងតាំង​ពី​លោក មូ​ន ។​

​គិតពី​ខែឧសភា ឆ្នាំ​២០១៧ មកដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោក លី អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ចំនួន​៨៨១​ថ្ងៃ ហើយ​ក្លាយជា​ឥស្សរជន​ដែល​កាន់តំណែង​នេះ​បានយូរ​ជាងគេ​។ លោក លី បាន​បំបែក​កំណត់ត្រា​ចាស់​របស់លោក គីម វ៉ាង​ស៊ី​ក (Kim Hwang-shik) ដែល​កាន់កាប់​កៅអី​នាយករដ្ឋមន្ត្រី​បាន​ចំនួន​៨៨០​ថ្ងៃ​ចន្លោះ​ខែតុលា ឆ្នាំ​២០១០ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៣ សម័យ​ប្រធានាធិបតី លោក លី ម្យុ​ង​បាក់ ។

​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​បែបនេះ លោក លី អះអាងថា លោក​ពិត​ជាមាន​កិត្តិយស​ណាស់​។ ប៉ុន្តែ​លោក​ក៏​មិនសូវ​សប្បាយចិត្ត​ដែរ ព្រោះ​ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន​នៅតែ​ជួប​បញ្ហាលំបាក ស្របពេល​សេដ្ឋកិច្ច​ថមថយ​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​មុន​ក្លាយជា​នាយករដ្ឋមន្ត្រី លោក លី ដែលជា​អ្នកនយោបាយ​មាន​និន្នាការ​សេរីនិយម ធ្លាប់​ធ្វើជា​អ្នកសារព័ត៌មាន និង​ជា​សមាជិកសភា​របស់​ប​ក្ស​ប្រជាធិបតេយ្យ​ដែល​សព្វ​ថ្ងៃជា​បក្ស​កំពុងកាន់​អំណាច ចំនួន​បួន​អាណត្តិ​ផងដែរ​។ នៅ​កូរ៉េខាងត្បូង អាណត្តិ​សភា​មាន​រយៈពេល​បួន​ឆ្នាំ​។ នៅ​ឆ្នាំ​២០១៤ លោក បាន​លាលែង​ពី​តំណែង​សមាជិកសភា ដើម្បី​ចូលរួម​ការបោះឆ្នោត​ថ្នាក់​តំបន់ ហើយក៏​ជាប់ឆ្នោត​ជា​អភិបាលខេត្ត​តែម្ដង​។ 

​ជិត​៩០០​ថ្ងៃ​មកនេះ លោក លី បាន​ជួយ​លោក មូ​ន ក្នុងការ​ដឹកនាំ​ការងារ​ក្នុងស្រុក និង​កិច្ចការ​ការទូត​ផងដែរ​។ ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ​សម្រាប់​លោក លី ដែលជា​នាយករដ្ឋមន្ត្រី តែ​បាន​ចេញមុខ​ចេញ​មាត់ច្រើន​លើ​ឆាក​អន្តរជាតិ ខណៈ​កិច្ចការ​ចម្បង​របស់លោក គឺ​បញ្ហា​ក្នុងស្រុក​នោះ​។ លោក មូ​ន ផ្ដល់ឱកាស​ឲ្យ​លោក លី មាន​ជំនួប​ថ្នាក់​កំពូល​ជាមួយ​មេដឹកនាំ​បរទេស​នានា ស្រប​ពេលដែល​កូរ៉េខាងត្បូង​ព្យាយាម​ចេញមុខ​មាត់​កាន់តែខ្លាំង​លើ​វេទិកា​ពិភពលោក​។

​បច្ចុប្បន្ន លោក លី ត្រូវបាន​គេ​ឃើញថា ជា​បេក្ខជន​នាំមុខ​របស់​បក្ស​កាន់អំណាច​ក្នុងការ​បន្តវេន​ពី​លោក មូ​ន ដែល​នឹង​ចប់​អាណត្តិ​នៅពេល​ខាងមុខ​។ លោក​ក៏​ទំនងជា​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច​មុន​ការបោះឆ្នោត​សភា​ឆ្នាំ​ក្រោយនេះ​ដើម្បី​ជំរុញ​ប្រជាប្រិយភាព​បក្ស​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​៕

Tag:
 កូរ៉េខាងត្បូង​
  លី ណាក់​យុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com