អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ រកឃើញ​សំបុក​ត្រយង​យក្ស​ចំនួន​១០ នៅ​រតនគិរី
ជាតិ
អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ រកឃើញ​សំបុក​ត្រយង​យក្ស​ចំនួន​១០ នៅ​រតនគិរី
28, Oct 2019 , 9:19 pm        
រូបភាព
សត្វត្រយងយក្ស (រូបភាពពី អង្គការជីវិតសត្វស្លាបអន្តរជាតិ)
សត្វត្រយងយក្ស (រូបភាពពី អង្គការជីវិតសត្វស្លាបអន្តរជាតិ)
​ឆ្នាំ​២០១៩ ចាប់ពី​ខែមិថុនា ដល់​ខែតុលា​នេះ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ រកឃើញ​សំបុក​ត្រយង​យក្ស​(​ឪ​លើក​) ដែលជា​ប្រភេទ​បក្សី​កម្រ ចំនួន​១០​សំបុក​។



​សំបុក​សត្វ​ត្រយង​យក្ស​នេះ រកឃើញ​ដោយ​ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ គម្រោង​ដែន​ជម្រក​សត្វ​លំផាត់ ខេត្តរតនគិរី​។ សំបុក​ទាំង​១០​នោះ មាន​សំបុក​៨ ទទួលបាន​ជោគជ័យ ដែលមាន​កូន​ហើរ​ចេញពី​សំបុក​ចំនួន​១១​ក្បាល​។ ចំណែក​ពីរ​សំបុក​ទៀត មួយ​កំពុង​បន្ត​ក្រាប​ពង និង​មួយទៀត​បរាជ័យ ដោយសារ​មានការ​រំខាន​ពី​សកម្មភាព​មនុស្ស ដែល​ចូលទៅ​ប្រព្រឹត្ត​បទល្មើស​ក្នុង​តំបន់​ការពារ​។ នេះ​បើតាម លោក ប៊ូ វរ​សក្ស ប្រធាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា ថ្លែ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ពី​ថ្ងៃទី​២៨​តុលា ឆ្នាំ​២០១៩​។

​ទន្ទឹមនឹងនេះ ប្រធាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​ឲ្យ​ដឹងថា ប្រភេទ​សត្វ​ត្រយង​យក្ស​នៅលើ​ពិភពលោក​មាន​ប្រមាណ​២៥០​ក្បាល ដែល​ក្នុងនោះ មាន​ជាង​៩០​ភាគរយ​នៅ​កម្ពុជា​។ សត្វ​ត្រយង​យក្ស​នៅ​កម្ពុជា មាននៅ​តំបន់​ដែន​ជម្រក​សត្វ​លំផាត់​ក្នុង​ខេត្តរតនគិរី តំបន់​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ និង​សត្វព្រៃ​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​៕

Tag:
 សត្វ​ត្រយង​យក្ស
© រក្សាសិទ្ធិដោយ thmeythmey.com