អន្តរជាតិ
បក្សកុម្មុយនិស្ត​ចិន បើក​កិច្ចប្រជុំ​គណ​មជ្ឈិម​, ហុងកុង និង​ជម្លោះ​ពាណិជ្ជកម្ម​អាចជា​របៀបវារៈ​ធំ
28, Oct 2019 , 9:39 pm        
រូបភាព
កិច្ចប្រជុំថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ ២០១៨
កិច្ចប្រជុំថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ ២០១៨
​គណ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​បើក​កិច្ចប្រជុំ​លើក​ទី​បួន​របស់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែតុលា​នេះ​ដើម្បី​កំណត់ និង​ជជែក​អំពី​គោលនយោបាយ​ជាតិ​សំខាន់ៗ​សម្រាប់​ឆ្នាំ​ខាងមុខ បន្ទាប់ពី​ពន្យារពេល​ជាច្រើន​ខែ​។ បញ្ហា​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក៏​អាចជា​របៀបវារៈ​មួយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​បក្ស​កុម្មុយនីស្ត​ចិន​នេះ​ផងដែរ​។



​កិច្ចប្រជុំ​គណ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​បួន បានចាប់ផ្តើម​ហើយ អគ្គលេខាធិការ​បក្ស​លោក​ស៊ី ជិន​ភីង កំពុង​លើក​បញ្ហា​ជាច្រើន​យកមក​ពិភាក្សា ដើម្បី​កែលម្អ​ប្រព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​សង្គមនិយម​ដ៏​ឥតខ្ចោះ​របស់​ចិន​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​បួន​ថ្ងៃ​ពីថ្ងៃ​ទី​២៨ ដល់ទី​៣១ ខែតុលា​។​

​គណ​មជ្ឈិមបក្ស គឺជា​អង្គការ​ធំ​មួយ​ក្នុងចំណោម​អង្គការ​នានា​របស់​បក្ស​កុម្មុយនីស្ត​ចិន​ផ្សេងទៀត​។ ចំពោះ​កិច្ចប្រជុំ​សមាជិក​បក្ស​នេះ​ទៀតសោត  តែង​ធ្វើឡើង​តែមួយ​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​។​សម្រាប់​ឆ្នាំ​២០១៩​នេះ កិច្ចប្រជុំ​លើក​ទី​៤ ដែលមាន​សមាជិក​បក្ស​រហូតដល់​៣៧០​រូប ត្រូវបាន​ប្រារព្ធ​ឡើង បន្ទាប់ពី​ខកខាន​ជាង​មួយឆ្នាំ​មក បើ​គិតពី​ជំនួប​លើក​ទី​បី​។ បញ្ហា​មិន​យល់ស្រប​គ្នា​លើ​គោលនយោបាយ​របស់​ប្រទេស​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ចិន​ទាំងឡាយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera​។​

​ជា​រៀងរាល់ឆ្នាំ ដើម្បី​លាក់​ការសម្ងាត់ សមាជិក​បក្ស​ទាំងអស់​ត្រូវមាន​វត្តមាន​នៅក្នុង​សាលប្រជុំ និង​មិន​ឲ្យ​ដើរ​ចេញពី​ទីកន្លែង​នោះឡើយ​។ រហូតដល់​ថ្ងៃ​បិទ​បញ្ចប់ មានតែ​ព័ត៌មាន​រដ្ឋ​ចិន​Xinhua តែមួយគត់ ដែល​ទទួលបន្ទុក​ក្នុងការ​ចុះផ្សាយ​ព័ត៌មាន​ទាំងឡាយ​។

​ពិតណាស់ថា កិច្ចប្រជុំ​គណ​មជ្ឈិម​បក្សកុម្មុយនិស្ត គឺមាន​សារសំខាន់​ណាស់​។ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ សមាជិក​បក្ស​ទាំងអស់ បានសម្រេច​លុបចោល​កា​រ​កំណត់​ការ​កាន់តំណែង​បាន ២​អាណត្តិ​របស់​ប្រធានាធិបតី​ចិន​។ បានសេចក្តីថា លោក​ស៊ី ជិន​ភីង អាច​នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​មួយជីវិត​។

​នា​ជំនួប​លើក​ទី​៤​នេះ បញ្ហា​សេដ្ឋកិច្ច វិបត្តិ​ហុងកុង ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ត្រូវបាន​គេ​រំពឹងថា ជា​របៀបវារៈ​សំខាន់​។ កិច្ចផ្ទៃក្នុង​បក្ស​ដូចជា​ការតែងតាំង​មនុស្ស​ជំនិត​លោក ស៊ី ឲ្យ​កាន់តំណែង​គ្រាក់ៗ ក៏​អាច​ស្ថិតក្នុង​ការជជែក​ដែរ​៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com