សហគមន៍​ក្តីសង្ឃឹម​កសិករ ប្រើ​ប្រព័ន្ធ QR Code បិទ​លើ​បន្លែ ដើម្បី​ទាញ​ទំនុកចិត្ត​ពី​អតិថិជន​
ជាតិ
សហគមន៍​ក្តីសង្ឃឹម​កសិករ ប្រើ​ប្រព័ន្ធ QR Code បិទ​លើ​បន្លែ ដើម្បី​ទាញ​ទំនុកចិត្ត​ពី​អតិថិជន​
28, Oct 2019 , 9:59 pm        
រូបភាព
បន្លែជាច្រើនមុខរបស់សហគមន៍ក្តីសង្ឃឹមកសិករខេត្តត្បូងឃ្មុំ ដាក់លក់នៅទីផ្សារក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មានការហ៊ុមព័ទ្ធដោយស្លឹកចេក និងមានបិទតែមសហគមន៍ដែលមាន QR Code នៅផ្នែកខាងក្រោម។ រូបថត ពីហ្វេសប៊ុកសហគមន៍ក្តីសង្ឃឹមកសិករ។
បន្លែជាច្រើនមុខរបស់សហគមន៍ក្តីសង្ឃឹមកសិករខេត្តត្បូងឃ្មុំ ដាក់លក់នៅទីផ្សារក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មានការហ៊ុមព័ទ្ធដោយស្លឹកចេក និងមានបិទតែមសហគមន៍ដែលមាន QR Code នៅផ្នែកខាងក្រោម។ រូបថត ពីហ្វេសប៊ុកសហគមន៍ក្តីសង្ឃឹមកសិករ។
​ភ្នំពេញ​៖ នៅពេលដែល​លោក​-​អ្នកទិញ​បន្លែ​សុវត្ថិភាព ឬ​បន្លែ​សរីរាង្គ នៅតាម​បណ្តា​ផ្សារ​ទំនើប នៅ​រាជធានី​ភ្នំពេញ អ្នកនឹង​ឃើញ​បន្លែ​មួយចំនួន​មាន​បិទ​តែម ឬ Logo ដើម្បី​សម្គាល់​ប្រភព និង​បញ្ជាក់​ពី​គុណភាព​បន្លែ ពី​សហគមន៍​នីមួយៗ​។  ដោយឡែក បន្លែ​លក់​នៅ​ទីផ្សារ​របស់​សហគមន៍​ក្តីសង្ឃឹម​កសិករ ក្នុង​ខេត្ត​ត្បូងឃ្មុំ​វិញ មាន​បិទ​ប្រព័ន្ធ QR Code មិន​ត្រឹមតែ​ដើម្បី​បញ្ជាក់​ពី​ប្រភព​បន្លែ​ទេ គឺ​ថែមទាំង​បង្ហាញ​សកម្មភាព​នៃ​ការដាំ​បន្លែ ដើម្បី​ផ្តល់​ភាព​ទុកចិត្ត​ដល់​អតិថិជន​កាន់តែច្បាស់​ថា នឹង​ទទួលបាន​បន្លែ​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​។



​សហគមន៍​ក្តីសង្ឃឹម​កសិករ មាន​ទីតាំងនៅ​ភូមិ​បី​ម៉ែត្រ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ បច្ចុប្បន្ន សហគមន៍​នេះ​មាន​សមាជិក​៥​គ្រួសារ និង​ទើបតែ​ដំណើរការបាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ​។ 

​លោក សេង សំបា​ត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​ក្តីសង្ឃឹម​កសិករ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៨​តុលា​នេះ​ថា សហគមន៍ ទើបតែ​ដាក់​ដំណើរ​សាកល្បង ប្រព័ន្ធ QR Code នៅលើ​បន្លែ​នេះ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ តាម​គម្រោង ប្រព័ន្ធ​នេះ  នឹងដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នៅ​ឆ្នាំ​ដើមឆ្នាំ​២០២០​។​
​លោក សំបា​ត់ បន្តថា​ការប្រើប្រាស់​ប្រព័ន្ធ QR Code នៅលើ​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​ប្រចាំ​សហគមន៍​នេះ គឺ​ដើម្បីឱ្យ​អតិថិជន និង​អ្នកប្រើប្រាស់​ដឹង​ច្បាស់​ពី​ប្រភព​បន្លែ ស្គាល់​អ្នក​ដាំ និង​របៀប​ដាំ​ដុះ​បន្លែ​ទាំងនោះ​។ លើសពីនេះ QR Code នេះ នឹងធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ និង​អ្នកប្រើប្រាស់​ជួបគ្នា​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ឈ្មួញកណ្តាល​នោះឡើយ​។ លោក សេង សំបា​ត់ ពន្យល់​បន្ថែម​៖«​នៅពេលដែល​អតិថិជន​ស្កេ​ន QR Code ដែល​យើង​បាន​បិទ​នៅលើ​បន្លែ​របស់​សហគមន៍​យើង​នោះ វា​នឹង​បង្ហាញ​ទិន្នន័យ​ជា​អក្សរ និង​វីដេអូ ដែល​រៀបរាប់​ពី​សកម្មភាព​នានា នៃ​ការដាំ​បន្លែ​សុវត្ថិភាព ឬ​សរីរាង្គ តាំងពី​ការចាប់ផ្តើម​ដាំ​រហូតដល់​ការ​វេច​ខ្ចប់ យកទៅដាក់​លក់​នៅ​ទីផ្សារ​។ ការ​ស្កេ​ន QR Code នេះ ក៏បាន​បង្ហាញ​ឈ្មោះ​កសិករ​ជា​អ្នក​ដាំ​បន្លែ​ផ្ទាល់  និង​លេខ​ទូរ​សព្ទ​កសិករ​ផងដែរ​»​។​


ស្ពៃ​លាវ​២​ដុំ​នៅក្នុង​កញ្ច្រែង មាន​បិទ​តែម​សហគមន៍​ក្តីសង្ឃឹម​កសិករ ដែលមាន QR Code នៅ​ផ្នែក​ខាងក្រោម​។ រូបថត ពី​ហ្វេ​ស​ប៊ុ​ក​សហគមន៍​ក្តីសង្ឃឹម​កសិករ​។

​លោក សេង សំបា​ត់  បាន​បញ្ជាក់ថា បន្លែ​សុវត្ថិភាព​ដែល​សហគមន៍​បាន​ចងក្រង និង​រៀប​ជា​ប្រព័ន្ធ QR Code មាន​ស្ពៃចង្កឹះ ស្ពៃ​តឿ ស្ពៃ​លាវ ខាត់ណា​ដើម ត្រកួន ត្រប់ សណ្តែកកួរ និង​ឪឡឹក​ជាដើម​។ បន្លែ​ទាំងនេះ កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ និង​លក់​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​បន្លែ​មួយ​គីឡូក្រាម​មានតម្លៃ ពី ៤,០០០ ទៅ ៥,០០០​រៀល​។

​ដ្បិតតែ​បន្លែ​សុវត្ថិភាព​ដែលមាន​បិទ QR Code ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ​សហគមន៍​ក្តីសង្ឃឹម​កសិករ  មានលទ្ធភាព​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​លើ​ទីផ្សារ បាន​ត្រឹម​២០-៣០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ព្រោះ​ខ្វះ​អ្នក​ផលិត​។ នេះ​ជាការ​ត្អូញ​របស់លោក សេង សំបា​ត់​។​

​បើតាម លោក ហេង ពិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ​អាច​ផលិត​បន្លែ​បានជា​មធ្យម​២,៥០០​តោន​ក្នុង​មួយខែៗ​។ ក្នុងនោះ​មាន​បន្លែ​សុវត្ថិភាព​ចំនួន ១៨០​តោន​។

​កម្ពុជា​អាច​ផលិត​បន្លែ​ចម្រុះ បានជា​មធ្យម​៥០០ ទៅ​៦០០​តោន ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​បន្លែ​សុវត្ថិភាព​ចំនួន ៦០​តោន ហើយ​ខេត្ត​ដែល​ផលិត​អាច​ផលិត​បន្លែ​បាន​ច្រើនជាងគេ មាន​បាត់ដំបង ត្បូងឃ្មុំ កណ្តាល និង​ខេត្តព្រៃវែង​។ នេះ​បើតាម​លោក គៀន សុភា ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕


បន្លែ​សុវត្ថិភាព មាន​បិទ​តែម​សហគមន៍​ក្តីសង្ឃឹម​កសិករ ដែលមាន QR Code នៅ​ផ្នែក​ខាងក្រោម​។ រូបថត ពី​ហ្វេ​ស​ប៊ុ​ក​សហគមន៍​ក្តីសង្ឃឹម​កសិករ​។​


បន្លែ​ជាច្រើន​មុខ​ដាក់លក់​នៅ​ទីផ្សារ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មានការ​ហ៊ុមព័ទ្ធ​ដោយ​ស្លឹកចេក និង​មាន​បិទ​តែម​សហគមន៍​ក្តីសង្ឃឹម​កសិករ​ដែលមាន QR Code នៅ​ផ្នែក​ខាងក្រោម​។ រូបថត ពី​ហ្វេ​ស​ប៊ុ​ក​សហគមន៍​ក្តីសង្ឃឹម​កសិករ​។​


Tag:
 បន្លែ​សុវត្ថិភាព​
  QR Code
© រក្សាសិទ្ធិដោយ thmeythmey.com