ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៦.៥ ភាគរយនៅឆ្នាំ២០២០ រូបភាពបានពីហ្វេសប៊ុក ក្រសួងសាធារណៈការ និងដឹកជញ្ជូន
× ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងទទួលបានកំណើន ៦.៥ភាគរយ ដែលថយល្បឿនខ្លះ បើធៀបនឹងកំណើនឆ្នាំ២០១៩ ដែលត្រូវបានប៉ាន់ស្មានថាអាចសម្រេច ៧.១ភាគរយ។ នេះបើតាមខ្លឹមសារសង្ខេបស្ដីពីសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កំណើនព្យាករខាងលើនេះ នឹងធ្វើឲ្យទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានៅឆ្នាំ២០២០ មានចំនួន ២៩,៣៦២លានដុល្លារ ខណៈ GDP សម្រាប់មនុស្សម្នាក់គឺ ១,៨១៦ ដុល្លារ ធៀបនឹង ១,៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចដដែលនេះ។
កំណើនសេដ្ឋកិច្ចនេះ ត្រូវបានគាំទ្រដោយកំណើនវិស័យឧស្សាហកម្មដែលត្រូវបានព្យាករថានឹងថមថយមកក្នុងរង្វង់ ៨.៩ភាគរយក្នុងឆ្នាំ២០២០ ធៀបនឹង ១០.៧ភាគរយក្នុងឆ្នាំ២០១៩ ដោយសារការរំពឹងទុកនូវកំណើនយឺត នៃវិស័យកាត់ដេរ និងវិស័យសំណង់។ ផ្នែកកាត់ដេរអាចនឹងមានកំណើនទាប ដោយសារការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងលទ្ធភាពប៉ះពាល់ដែលបណ្ដាលពីភាពមិនច្បាស់លាស់ នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ដៃគូកម្ពុជាមួយចំនួន។ ក្រសួងសេដ្ឋកិច្ចបន្តទៀតថា និន្នាការថ្មីៗនេះ អនុវិស័យសំណង់អាចប្រឈមនឹងការកែតម្រូវទីផ្សារ ដែលអាចនឹងធ្វើឲ្យកំណើននៃវិស័យនេះថមថយខ្លះ។ តែវិស័យមិនមែនកាត់ដេរ ដូចជាម្ហូបអាហារ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម និងស៊ីម៉ងត៍ ទាំងសម្រាប់បម្រើឲ្យការនាំចេញ និងតម្រូវការក្នុងស្រុក នឹងមានសន្ទុះកំណើនខ្ពស់។
វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនយឺតក្នុងរង្វង់ ៦.៤ភាគរយ ធៀបនឹង ៦.៧ភាគរយ ក្នុងឆ្នាំ២០១៩ ដោយសារតែកំណើនវិស័យអចលនទ្រព្យអាចនឹងយឺត ខណៈផ្នែកលក់ដុំ-រាយ និងសណ្ឋាគារ ភោជនីយដ្ឋាន នៅមានកំណើនល្អប្រសើរ។ ក្រសួងសេដ្ឋកិច្ច ប្រាប់ថា ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន អាចសម្រេចកំណើនប្រហាក់ប្រហែលឆ្នាំ២០១៩ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិ ពិសេសមកពីតំបន់អាស៊ី ដោយសារការលើកទឹកចិត្តឲ្យមានការបើកជើងហោះហើរត្រង់កាន់តែច្រើន និងដាក់ចេញគោលនយោបាយទាក់ទាញទេសចរបន្ថែម។ លក់ដុំ-រាយ នៅរក្សាកំណើនល្អប្រសើរ ព្រោះកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងប្រាក់ចំណូលប្រជាពលរដ្ឋ។ ដោយឡែកវិស័យអចលនទ្រព្យអាចនឹងមានកំណើនយឺតដោយសារលទ្ធភាពថមថយលើតម្រូវការសំណង់អគារដែលមានថ្លៃខ្ពស់។
ចំពោះវិស័យកសិកម្មវិញអាចសម្រេចបានកំណើនប្រហែលទៅនឹងឆ្នាំ២០១៩ គឺក្នុងរង្វង់១.៧ភាគរយ។ ប៉ុន្តែផ្អែកតាមការវិវត្តក្នុងពេលថ្មីៗនេះ កំណើននេះអាចថមថយខ្លះ ដោយកំណើនយឺតផ្នែកដំណាំ បើទោះបីផ្នែកនេសាទ និងចិញ្ចឹមសត្វមានកំណើនខ្ពស់ជាងឆ្នាំមុនបន្តិចក្ដី។ នេះបើតាមការឲ្យដឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផ្នែកដំណាំអាចនឹងមានកំណើនទាប ដោយសារកំណើនផលិតភាពទាប ភាពមិនអំណោយផលនៃកត្តាអាកាសធាតុ និងភាពមានកម្រិតនៃការវិនិយោគកែច្នៃកសិផល ថ្លៃដើមផលិតកម្មខ្ពស់ ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសមត្ថភាពស្ថាប័ន។
អត្រាអតិផរណាប្រចាំឆ្នាំ ត្រូវប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២.៩ភាគរយ ក្នុងឆ្នាំ២០២០ ស្របនឹងការរំពឹងទុកនៃការកើនឡើងខ្លះនៃថ្លៃម្ហូបអាហារ ជាពិសេសថ្លៃអង្ករ ខណៈថ្លៃប្រេងលើទីផ្សារអន្តរជាតិអាចនឹងបន្តធ្លាក់ចុះ ដែលអាចបណ្ដាលមកពីឥទ្ធិពលសង្គ្រាមពាណិជ្ជកម្ម។ រីឯអត្រាប្ដូរប្រាក់ គឺស្ថិតក្នុងរង្វង់ ៤,០៥៤រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ ទុនបម្រុងអន្តរជាតិ ត្រូវរំពឹងថា នឹងកើនដល់ប្រមាណ ១៣ពាន់លានដុល្លារ ដែលធានាការនាំចូល៦.១ខែ។
«កម្ពុជានៅតែអាចបន្តសម្រេចបានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ»។ នេះជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច។ តែហានិភ័យក៏មានចំពោះសេដ្ឋកិច្ចប្រទេសនេះដែរ។ ក្រសួងអះអាងដូច្នេះថា៖«សេដ្ឋកិច្ចកម្ពុជាក៏កំពុងប្រឈមហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ទាំងទិដ្ឋភាពខាងក្នុងនិងខាងក្រៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចីរភាពកំណើន និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍ។ ក្នុងន័យនេះរដ្ឋាភិបាលបានសម្រេចដាក់ចេញ និងបន្តរៀបចំដាក់ឲ្យអនុវត្តវិធានការគោលនយោបាយមុតស្រួចមួយចំនួនឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពសំដៅជម្នះបញ្ហាប្រឈមនានា ដើម្បីធានារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងសម្រេបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព»៕
© រក្សាសិទ្ធិដោយ thmeythmey.com