កីឡាជាតិ
ជាតិ
U19៖ លោក Gyotoku Koji បញ្ចូល សៅ វ៉ៃ​ហ្វី តែ​ជម្រុះ ស រតនា និង គី រី​ណា​
29, Oct 2019 , 7:59 am        
រូបភាព
ដោយ:
​សមាជិក​ពីររូប ត្រូវបាន​ជម្រុះ​ចេញពី​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា សម្រាប់​ត្រៀម​វគ្គ​ជម្រុះ AFC U19 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ពូ​ល G ចាប់ពី​ថ្ងៃទី​២-១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Gyotoku Koji បាន​បន្ថែម​សមាជិក​ថ្មី​១​រូប ដើម្បី​កៅអី​ពួកគេ​ទាំងពីរ​។



​ក្រោយ​ហ្វឹកហាត់​អស់​រយៈពេល​៥​ថ្ងៃ ក្រុម U19 កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Gyotoku Koji បាន​ជម្រុះ​សមាជិក​ពីរ​រួមមាន​កីឡាករ ស រតនា និង គី រី​ណា ដោយ​ពួកគេ​ទាំងពីរ​ជា​យុវជន​មកពី​ក្លិប​បាល់ទាត់​វិសាខា​។ ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បាន​បន្ថែម​សមាជិក​ថ្មី​មួយរូប គឺ​កីឡាករ សៅ វ៉ៃ​ហ្វី ដែល​យុវជន​មកពី​សាល​បាល់ទាត់​ជាតិ​បាទី​។



​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G ដែលមាន​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។ តាមរយៈ​លទ្ធផល​យក​ឈ្នះ​ថៃ ក្នុង​ពានរង្វាន់ AFF U18 Championship កម្ពុជា​អាចមាន​រំពឹង​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​នេះ ដ្បិត​សមាជិក​ភាគច្រើន​ចម្រាញ់​ចេញពី​ក្រុម U18​។

​កីឡាករ U19 ទាំង​២៣​រូប​រួមមាន​កីឡាករ ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, ធី លៀង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ទួត សារ៉ូ​ត​, អាត អូន​តូច​, ញឹម លី​ហួរ​, សៅ វ៉ៃ​ហ្វី​, ចាន់ សា​រ៉ា​ពេជ្រ​, វុ​ធ តុលា​, មិន រតនៈ​, សឿត ណា​វ៉ា​, លី ម៉ា​ឯល​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ផន អយ និង លឹម ពិសុទ្ធ​៕

Tag:
 AFC U19 Championship
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com