ជាតិ
សង្គមជាតិ
លោក ជ្រិន ជីវ៉ា បង្កើតមនុស្សយន្ត Humanoid robot ដើម្បីជំរុញឲ្យយុវជនខ្មែរ ហ៊ានបង្កើតរ៉ូបូតសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម លោក ជ្រិន ជីវ៉ា អ្នកបង្កើតមនុស្សយន្ត Humanoid Robot
× ភ្នំពេញ៖ Humanoid robot គឺជាមនុស្សយន្តដែលលោក ជ្រិន ជីវ៉ា ប្រធានផ្នែកបច្ចេកទេសស្រាវជ្រាវនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងសមាជិកក្រុមដទៃទៀត បានដំឡើងរួចរាល់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩។ លោក ជ្រិន ជីវ៉ា បានយក Humanoid robot ទៅចូលរួមនៅក្នុងពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២៦ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
បើតាមប្រធានផ្នែកបច្ចេកទេសស្រាវជ្រាវ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ មនុស្សយន្ត Humanoid robot មានសមត្ថភាពឆ្លើយឆ្លងជាមួយមនុស្សបាន អាចលើកដៃសំពះ ចាប់ដៃ និយាយបាន២ភាសា ដើរ និងចងចាំមុខមនុស្សជាដើម។ នេះមិនមែនជាលើកទី១មួយនោះទេ ដែល Humanoid robot បានបង្ហាញវត្តមាននៅចំពោះមុខសាធារណជន។ កន្លងមក មនុស្សយន្តដែលអាចអាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងអង់គ្លេសនេះ ត្រូវបានលោក ជីវ៉ា យកទៅបង្ហាញនៅក្នុងកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ហើយរាល់ការបង្ហាញវត្តមានម្តងៗ គឺ តែងតែទទួលបានការកោតសរសើរពីសាធារណជន។ លោក ជ្រិន ជីវ៉ា បន្ថែមដូច្នេះ។
លោក ជីវ៉ា និងសមាជិកដទៃទៀត បានចំណាយពេលជិត២ឆ្នាំ ដើម្បីដំឡើងមនុស្សយន្ត Humanoid robot ដែលអាចមានចលនា ដូចជាការដើរ លើកដៃសំពះ ចាប់ដៃ និយាយបាន២ភាសា (ខ្មែរ និងអង់គ្លេស) និងចងចាំមុខមនុស្សនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧបត្ថម្ភប្រាក់ ជិត២ម៉ឺនដុល្លារ សម្រាប់ការដំឡើងតួដងខ្លួន និងបំពាក់ប្រព័ន្ធបញ្ជាលើមនុស្សយន្តនេះ។
មនុស្សយន្តដែលមានឈ្មោះថា Humanoid Robot ត្រូវបានលោក ជ្រិន ជីវ៉ា ដាក់បង្ហាញនៅក្នុងសាលដ៏ធំដែលមានមនុស្សរាប់ពាន់នាក់ទស្សនានៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា
បើតាម លោក ជ្រិន ជីវ៉ា មនុស្សយន្តនេះ បង្កើតឡើងមិនត្រឹមតែចង់បង្ហាញពីលក្ខណៈពិសេសរបស់វានោះទេ ប៉ុន្តែលោក និងសមាជិកក្រុម ចង់បំផុសស្មារតីឲ្យយុវជនជំនាន់ក្រោយ ចាប់យកមុខវិជ្ជាស្ទែម ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកភាពទំនើបកម្មនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ លោកចង់ធ្វើជាគំរូឲ្យយុវជនជំនាន់ក្រោយ ហ៊ានបង្កើតរ៉ូបូតទំនើបសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម។
លោក ជ្រិន ជីវ៉ា រៀបរាប់ថា៖«បច្ចេកវិទ្យាជំរុញឲ្យយើងប្រឹងតាមគេ ប្រសិនជាយើង មិនចាប់ផ្តើមធ្វើទេ គឺអត់មានអ្នកណាគេហ៊ានធ្វើទេ។ ពីមុនមកខ្ញុំជាអ្នកដែលចង់ធ្វើអាហ្នឹង ប៉ុន្តែមិនដែលប្រាថ្នាថា ខ្ញុំអាចធ្វើបាននោះទេ។ តែទាល់តែខ្ញុំបានរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានមានសមត្ថភាពធ្វើ។ បានខ្ញុំគិតទៀតថា បើខ្ញុំធ្វើអាហ្នឹងបានមួយសម្រាប់បង្ហាញនៅសាធារណៈ អ្នកណាក៏មានទំនុកចិត្ត ហើយមានក្តីសង្ឃឹមថា អាចធ្វើបាន … នេះខ្ញុំចង់ឲ្យពួកគាត់គិតអ៊ីចឹង។ បង្កើតរ៉ូបូតនេះឡើង មិនមែនតែបង្ហាញឲ្យល្អមើលទេ គឺឲ្យសិស្ស និស្សិតគាត់ចាប់យកជំនាញបច្ចេកទេស»។
ក្រៅពីជំរុញឲ្យសិស្ស និស្សិត ចាប់យកជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម Engineering និងគណិតវិទ្យា(STEM) ដែលសម្បូរទីផ្សារនៅអនាគតហើយ លោក ជីវ៉ា ក៏គ្រោងដំឡើងមនុស្សយន្តនេះ ឲ្យអាចនិយាយភាសាចិនបន្ថែមទៀត និងមានលទ្ធភាពជំនួសការងាររបស់មនុស្សនៅថ្ងៃអនាគត៕
Tag:
រ៉ូបូត
មនុស្សយន្ត
ជ្រិន ជីវ៉ា
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com