ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ​កំពូល ឲ្យ​ជនល្មើស​បង់​២០​លាន​រៀល​ទៀត ដល់​អតីត​តំណាងរាស្ត្រ​ប្រឆាំង ដែល​ត្រូវ​វាយ​ដុំ​
28, Oct 2019 , 11:39 pm        
រូបភាព
លោក ញ៉យ ចំរើន (ឆ្វេងដៃ) និង លោក គង់​ សភា ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីចុងឆ្នាំ២០១៥ ក្រោយរងអំពើហិង្សា
លោក ញ៉យ ចំរើន (ឆ្វេងដៃ) និង លោក គង់​ សភា ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីចុងឆ្នាំ២០១៥ ក្រោយរងអំពើហិង្សា
ដោយ: ថ្មីៗ
​តុលាការ​កំពូល បានចេញ​សាលដីកា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ ដោយ​តម្រូវ​ឲ្យ​ជនល្មើស​ទាំង​៣​នាក់ រួមគ្នា​សង​សំណង​២០​លាន​រៀល​បន្ថែមទៀត ជូនទៅ​លោក គង់ សភា និង លោក ញ៉យ ចំរើន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ពួកគេ វាយដំ​នៅមុខ​រដ្ឋសភា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៥​។



​លោក កែ​ត ឃី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គង់ សភា និង លោក ញ៉យ ចំរើន នៅតែ​មិនទាន់​អាច​ទទួលយកបាន ចំពោះ​ការសម្រេច​នេះ បើទោះបីជា​តុលាការ​កំពូល តម្រូវ​ឲ្យ​ជនល្មើស បង់ប្រាក់​បន្ថែម​ជូន​កូនក្តី​ក៏ដោយ​។ ប៉ុន្តែ លោក ប្រាប់ថា លោក គ្មាន​មធ្យោបាយ​ផ្លូវច្បាប់​អ្វី ដែល​ត្រូវ​តតាំង​ទៀត​នោះទេ ពីព្រោះថា ការសម្រេច​របស់​តុលារ​កំពូល គឺ​បិទផ្លូវ​តវ៉ា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា លោក​មេធាវី​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​យើង អត់​សប្បាយចិត្ត​ទេ​»​។

​បើ​សរុប គឺ​ជនល្មើស​ទាំង​៣​នាក់ ត្រូវ​រួមគ្នា​សង​១០០​លាន​រៀល​ដល់​អតីត​តំណាងរាស្ត្រ​ទាំង​២​។ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ឲ្យ​ជនល្មើស​ទាំង​៣ ជាប់ពន្ធនាគារ​៤​ឆ្នាំ និង តម្រូវ​ឲ្យ​ចេញ​ប្រាក់​រួមគ្នា​៨០​លាន​រៀល ជូន​ដល់​អតីត​តំណាងរាស្ត្រ​ទាំង​២​។ 

​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំបាន​ឲ្យ​ពួកគេ​ទាំង​៣ ជាប់ពន្ធ​គា​រទាំង​៤​ឆ្នាំ​នោះទេ ពោលគឺ ឲ្យ​ជាប់​តែ​១​ឆ្នាំ ហើយ​៣​ឆ្នាំ​ទៀត ត្រូវ​ព្យួរ​។ បច្ចុប្បន្ន ពួកគេ​ទាំង​៣ ត្រូវបាន​ដោះលែង​អស់ហើយ​។ អ្នក​ទាំង​៣​នោះ ឈ្មោះ  ចាយ សារិទ្ធ ម៉ៅ ហឿន និង សុ​ត វណ្ណ​នី​។

​ចំណែក​ប្រាក់​ទាំង​១០០​លាន​រៀល​នោះ ជនល្មើស​ទាំង​៣ នៅ​មិនទាន់​បង់​ជូន​អតីត​តំណាងរាស្ត្រ​ទាំង​២​នាក់​នោះទេ​។ លោក​មេធាវី កែ​ត ឃី បញ្ជាក់ថា លោក នឹងធ្វើ​នីតិវិធី ដើម្បី​សុំ​ឲ្យ​ជនល្មើស​ទាំង​៣ បង់ប្រាក់​នោះ ជូនទៅ​កូនក្តី​របស់លោក​៕

Tag:
 ​គង់ សភា​
  គង់ ចំរើន​
  តុលាការ​
  ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com