ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ទឹក​ឪឡឹក​ស្រស់​” ល្អ​ចំពោះ​បេះដូង ការពារ​ថ្លើម និង​ច្រើន​ទៀត​
29, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹក​ឪឡឹក​ស្រស់​ជា​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ដោយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តម្លៃ​សមរម្យ និង​ងាយ​រកបាន​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួកយើង​ឧស្សាហ៍ ឬ​ចូលចិត្ត​ទទួលទាន​ទឹក​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឳ្យ​ដឹង​ពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ទឹក​ឪឡឹក​ស្រស់ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​

​នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ជាតិ​ម៉ាញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម​។ ឪឡឹក​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិន​ឲ្យ​កើតឡើង​ចំពោះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​ផងដែរ​។ លើសពីនេះទៅទៀត ឪឡឹក​ជា​ប្រភព​នៃ​សារធាតុ L-citrulline និង​អាស៊ីត​អា​មី​ណូ​ដែល​អាចជួយ​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។​

២. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​ទឹក​ឪឡឹក​ស្រស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៣. ការពារ​ថ្លើម​

​ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ វា​ក៏​ជួយ​ជំរុញ​មុខងារ​តម្រងនោម បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ផងដែរ​។​

៤. ទប់ស្កាត់​អាកា​រៈ​ទល់លាមក​

​នោះ​ក៏​ព្រោះតែ​ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បណ្ដាល​ឳ្យ​ទល់លាមក​ផងដែរ​។​

៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ឬ​ឆ្អែត​បានយូរ​។ ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ arginine មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ខ្លាញ់​រាងកាយ ខណៈពេល​ជួយ​បង្កើន​ម៉ាស​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​ផងដែរ​។ ទោះជា​យ៉ាងណា ត្រូវ​ប្រាកដថា​អ្នក​មិន​ថែម​ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​ឪឡឹក​មាន​ផ្ទុក​សារធាតុ lycopene និង​លក្ខណៈសម្បត្តិ anti-proliferative ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com