ជាតិ
សេដ្ឋកិច្ច
ការចាយវាយ​លើ​វិស័យ​យោធា​នៅ​កើន​ខ្ពស់ជាង​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​ឆ្នាំ​២០២០
29, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
ដោយ: VOA
​ភ្នំពេញ ៖ គម្រោង​ចាយវាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០​ដែល​បានប្រកាស​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ការចំណាយ​លើ​វិស័យ​យោធា និង​សន្តិសុខ​ជាតិ​នៅតែ​កើន​ខ្ពស់ជាង​វិស័យ​អាទិភាព​សំខាន់ៗ​ផ្សេងទៀត រួមមាន​វិស័យ​អប់រំ សុខាភិបាល និង​សង្គមកិច្ច​។​

 
​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ដែល​ត្រូវ​បានអនុម័ត​ដោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្ដាហ៍​មុន បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកាជាតិ​ចំនួន​ជាង​៣៣ លាន​លាន​រៀល ឬ​ប្រមាណ​ជា ៨.២​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ថវិកា​គ្រោងទុកជាមុន​សម្រាប់​ឆ្នាំ​២០២០​នេះ គឺ​ខ្ពស់ជាង​ការចាយវាយ​នៅ​ឆ្នាំ​២០១៩ ប្រមាណ​២២,៧​ភាគរយ ឬ​ប្រមាណ​ជាជាង ២៧​លាន​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ​៦,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៩​។​
 
​រដ្ឋាភិបាល​នឹង​ចំណាយ​លើ​វិស័យ​ចំនួន​៥​ប្រាំ ក្នុងនោះ មាន​វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់ ដែលមាន​ចំណែក​៣,៩២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ហៅ​កាត់​ថា (​ផ​.​ស​.​ស​) ឬ​ស្មើនឹង​ប្រមាណ​២៥,៨​ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០ ដែលមាន​កំណើន​៩,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​
 
​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ដដែល ក៏បាន​ឲ្យ​ដឹង​ពី​កំណើន​នៃ​ការចាយវាយ​នៅក្នុង​វិស័យ​សង្គមកិច្ច ដែល​គ្របដណ្ដប់​«​លើ​កិច្ច​ការអប់រំ និង​សេវា​សុខាភិបាល​។ បើតាម​សេចក្ដីព្រាង​ថវិកា​ដដែល វិស័យ​សង្គមកិច្ច​ស្រូប​បាន​៣៧.៤​ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០​។​
 
​ជារួម​ការចាយវាយ​លើ​វិស័យ​ខាងលើ​គឺមាន​ការកើនឡើង​ជាង​ឆ្នាំ​២០១៩ ហើយ​ក្នុងចំណោម​វិស័យ​ខាងលើនេះ គឺ​វិស័យ​ការពារជាតិ និង​សន្តិសុខ​នៅតែ​ទទួលបាន​ថវិកា​ច្រើនជាងគេ​។​
 
​លោក​យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចាយវាយ​របស់រ​ដ្ឋា​ភិ​បាល​គឺ​តែ​ខ្ពស់​ទៅលើ​វិស័យ​យោធា​។ លោក​អះអាងថា ការចាយវាយ​ដែល​នៅតែ​ខ្ពស់​លើ​វិស័យ​យោធា​នេះ នឹងមិន​អាចជួយ​កម្ពុ​ជា​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​បានទេ​។​
 
​លោក​បាន​បន្ថែមថា ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​បង្កើន​ប្រាក់ចំណូល​ខ្លួន​បាន លុះត្រាតែ​គុណភាព​អប់រំ​មាន​ភាពប្រសើរឡើង​។​
 
«​យើង​មិនបាច់ចាំ​និយាយ​អី​ច្រើន យើង​គ្រាន់តែ​លើកឡើង​មួយ​ថា តើ​ពេលណា​ទៅ បាន​យើង​អាច ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​បាន​បំបាត់​ឲ្យ​បាន​នូវ​ការ បើក​ចម្លង បើ​អី​នៅក្នុង​ថ្នាក់ គ្រាន់តែ​ប្រឡង​សាមញ្ញ​ហ្នឹង​បាទ​។ ឬក៏​ធ្វើ​ម៉េច​ទៅ​ដើម្បី​យើង បំបាត់​ឲ្យ​បាន​នូវ​ការយក​លុយ​ពី​សិស្ស​ពី​អី អាហ្នឹង​ហើយ​ជា​បញ្ហា​ដែល​ត្រូវ​ចោទសួរ​បាទ​...​ឲ្យ​អាការ​បង្រៀន​របស់​គ្រូ​ហើយ​និង​គុណភាព​នៃ​ការរៀនសូត្រ​របស់​សិស្ស​ហ្នឹង ឲ្យ​វា ធ្វើ​ម៉េច​រុញ​អាហ្នឹង​ឲ្យ​វា ដើរទៅ​ឲ្យ​លឿន ហើយ​ត្រូវធ្វើ​ការកែលម្អ​ឲ្យ​លឿន​នៅក្នុង​កាលៈទេសៈ​នេះ​បាន​ទៅរួច​បាទ​»​។​
 
​លោក​កត់សម្គាល់​បន្ថែម​ថា សេវា​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការបាត់​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារតែ​ពួកគាត់​បាន​បន្ត​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​។ ប្រទេស​ទាំងនោះ រួមមាន​វៀតណាម ថៃ និង​សិង្ហ​បុរី​ជាដើម​។​
 
VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានទេ​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​ជា​សមាជិក​ព្រឹទ្ធសភា​សុំ​មិន​ធ្វើការ​អធិប្បាយ​លើ​ផែនការ​ចាយវាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ ព្រោះ​លោក​មិនទាន់​បានឃើញ​សេចក្ដីព្រាង​ថវិកាជាតិ​ឆ្នាំ​២០២០​។​
 
​ទោះយ៉ាងណា​លោក​ចាត់ទុក​ការ​រិះគន់ថា រដ្ឋាភិបាល​មិន​បង្កើន​ការចំណាយ​លើ​វិស័យ​អប់រំ និង​សុខាភិបាល ជាការ​បញ្ចេញមតិ​ដើម្បី​វាយប្រហារ​លើ​រដ្ឋាភិបាល​។ លោក សុខ ឥសាន មានប្រសាសន៍​បន្ថែមថា ពលរដ្ឋ​កម្ពុជា​មានចំណេះដឹង​រហូត​អាច​ចេញទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។ សម្រាប់​ការទទួល​សេវា​ពិនិត្យ​ជំងឺ លោក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​។​
 
«​ម្ដង​ទៅ​ពេទ្យ​កើត ម្ដង​ទៅ​ពេទ្យ​ឯលិច អាហ្នឹង​ម៉េច​ទៅ​និយាយ​គេ​? អាហ្នឹង​ជា ជា​រឿង​បិទ​សិទ្ធិ​របស់គេ​ហើយ ហើយ​គួបផ្សំ​នឹង​ការវាយប្រហារ​មកលើ​គុណភាព​សុខាភិបាល​នៅក្នុង​ស្រុក អានេះ​មិន មិន​ត្រឹមត្រូវ​ទេ​។ ខ្ញុំ​យល់ថា វា​ជា​ចំណែក​មួយ​ផ្អៀង​ម្ខាង​ហើយ​»​។​
 
​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ក៏បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ច្រើន​ទៅលើ​វិស័យ​រដ្ឋបាល​ទូទៅ ដែល​ស្មើនឹង​ប្រមាណ​១៣​ភាគយ​នៃ​ថវិកា​គ្រោងទុក​។ រដ្ឋាភិបាល ក៏​គ្រោង​រក្សាទុក​ប្រាក់​បញ្ញើ​ចំនួន​ប្រមាណ​៧០០.០០០​លាន​រៀល ឬ​ស្មើនឹង​១៧៣​លាន​ដុល្លារ​អាមេរិក ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​វិធានការ​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ភាពមិនច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មួយចំនួន​។​
 
​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ រដ្ឋាភិបាល​ក៏បាន​កំណត់​ពិ​ដាន​ក្នុងការ​ខ្ចី​ថ្មី ក្នុង​កម្រិត​១.៤០០​លាន​SDR ឬ​ស្មើនឹង​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com