ជាតិ
សង្គមជាតិ
ហុងគ្រី នឹងបញ្ជូនអ្នកជំនាញ មកជួយកម្ពុជាលើបញ្ហាសំរាម ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Janos Ader ប្រធានាធិបតីហុងគ្រី នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩
× តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Janos Ader ប្រធានាធិបតីប្រទេសហុកគ្រី យល់ព្រមថា នឹងបញ្ជូនអ្នកជំនាញរបស់ហុងគ្រី មកជួយកម្ពុជា ក្នុងការសិក្សាពីបញ្ហាទឹកស្អាតនិងបញ្ហាសំរាម (ទាំងសំរាមសំណល់រឹង ទាំងសំណល់រាវ) និងបញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ ជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ គឺធ្វើឡើងនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បានសរសេរពីសម្តីរបស់ប្រធានាធិបតីហុងគ្រី យ៉ាងដូច្នេះថា៖«បន្ទាប់ពីការសិក្សាហើយ ក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្តល់ជូនបច្ចេកវិទ្យា រួមទាំងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និង សំណល់រាវនៅកម្ពុជា»។
លើសពីនេះ ដើម្បីជំរុញការអភិវឌ្ឍកម្ពុជារយៈពេលវែង លោក Janos Ader បានលើកឡើងជាថ្មីថា ហុងគ្រី នៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំមិនឲ្យសហភាពអឺរ៉ុប ដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ។
សម្ដេច ហ៊ុន សែន អរគុណលោក Janos Ader ចំពោះការលើកឡើងខាងលើ។ ប្រមុខរដ្ឋាភិបាលកម្ពុជា តបនឹងលោក Janos Ader ថា កម្ពុជា ត្រូវផ្តល់អាទិភាពលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងរាជធានីភ្នំពេញ និងនៅទីក្រុងផ្សេងៗទៀត តាមដងសមុទ្រ និងតាមដងទន្លេមេគង្គ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រគល់ការងារនេះទៅក្រសួងបរិស្ថាន ដើម្បីពិភាក្សាជាមួយភាគីហុងគ្រីលើបញ្ហានេះ។
បើតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី លោក Janos Ader បានសរសើររាជធានីភ្នំពេញថា មានការអភិវឌ្ឍលឿន។
ក្រោយចូលគាល់ព្រះមហាក្សត្រនិងជួបមេដឹកនាំកម្ពុជារួច លោក Janos Ader និង គណៈប្រតិភូ បានទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលានេះ។ ទស្សនកិច្ចរបស់លោក នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែតុលា៕
Tag:
កម្ពុជា-ហុងគ្រី
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com