ជាតិ
ព្រះមហាក្សត្រ
លោក​ស៊ី ទូល​ព្រះមហាក្សត្រ​ថា «​ពលរដ្ឋ​ចិន​-​ខ្មែរ ដូច​អ្នកធ្វើដំណើរ​លើ​ទូក​តែមួយ​»
29, Oct 2019 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បាន​ថ្វាយ​សារលិខិត​អបអរសាទរ​និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​រម្លឹក​ខួប​១៥​ឆ្នាំ​នៃ​ការឡើង​គ្រងរាជ្យ​របស់​ទ្រង់​។



​ក្រៅពី​ថ្វាយព្រះពរ លោក ស៊ី ជិន​ពីង បាន​ឆ្លៀត​លើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន​។  លោក ទូលថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​សារលិខិត​ដូច្នេះ​ថា​៖«​ចាប់តាំងពី​កម្ពុជា​-​ចិន បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​អស់​រយៈពេល​៦០​ឆ្នាំ​មកនេះ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ បាន​ឈរ​ជាមួយគ្នា ប្រៀបដូចជា អ្នកធ្វើដំណើរ​នៅលើ​ទូក​តែមួយ ហើយ​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការកសាង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​»​។​

​លោក ស៊ី ជិន​ពីង បន្ថែមថា លោក មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ជាមួយ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ជានិច្ច ដើម្បី​ទទួលបាន​មិត្ត​ភាពជា​ប្រពៃ​ណីរវាង​កម្ពុជា​-​ចិន និង ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ទទួលបាន​លទ្ធផល​ថ្មី ដែលជា​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​នៅថ្ងៃនេះ ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរទូទៅ បាននាំគ្នា​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​។ កាលពី​ថ្ងៃទី​២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​បន្ត​ពី​ព្រះបិតា​ដែល​បានដាក់​រាជ្យ​ពី​រាជបល្ល័ង្ក នៅ​ថ្ងៃទី​៧ តុលា ២០០៤៕

Tag:
 កម្ពុជា​-​ចិន​
  ព្រះមហាក្សត្រ​
  ស៊ី ជិន​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com