ជាតិ
ព្រះមហាក្សត្រ
លោកស៊ី ទូលព្រះមហាក្សត្រថា «ពលរដ្ឋចិន-ខ្មែរ ដូចអ្នកធ្វើដំណើរលើទូកតែមួយ»
× លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្វាយសារលិខិតអបអរសាទរនិងថ្វាយព្រះពរដល់ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសរម្លឹកខួប១៥ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ទ្រង់។
ក្រៅពីថ្វាយព្រះពរ លោក ស៊ី ជិនពីង បានឆ្លៀតលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន។ លោក ទូលថ្វាយព្រះមហាក្សត្រកម្ពុជា ក្នុងសារលិខិតដូច្នេះថា៖«ចាប់តាំងពីកម្ពុជា-ចិន បង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៦០ឆ្នាំមកនេះ ប្រជាជននៃប្រទេសទាំងពីរ បានឈរជាមួយគ្នា ប្រៀបដូចជា អ្នកធ្វើដំណើរនៅលើទូកតែមួយ ហើយជួយគ្នាទៅវិញទៅមក ក្នុងការកសាងមិត្តភាពដ៏ជ្រាលជ្រៅ»។
លោក ស៊ី ជិនពីង បន្ថែមថា លោក មានឆន្ទៈធ្វើកិច្ចការជាមួយសម្តេចព្រះបាទ នរោត្តម សីហមុនី ជានិច្ច ដើម្បីទទួលបានមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន និង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលថ្មី ដែលជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅថ្ងៃនេះ ទាំងស្ថាប័នរដ្ឋនិងឯកជន រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅ បាននាំគ្នាថ្វាយព្រះពរដល់ព្រះមហាក្សត្រ។ កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤៕
Tag:
កម្ពុជា-ចិន
ព្រះមហាក្សត្រ
ស៊ី ជិនពីង
© រក្សាសិទ្ធិដោយ thmeythmey.com