កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​កីឡាករ គ្រូបង្វឹក ទៅ​សិក្សា​ជំនាញ​កីឡាអត្តពលកម្ម​នៅ​អាល្លឺម៉ង់​
29, Oct 2019 , 7:19 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ជ្រើសរើស​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​គ្រូ​អប់រំ​កាយ ដើម្បី​ទៅ​សិក្សា​ជំនាញ​កីឡាអត្តពលកម្ម នៅ​សាកលវិទ្យាល័យ Mainz នៅ​ប្រទេស​អាល្លឺម៉ង់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១៩​។   



​ការជ្រើសរើស​នេះ ធ្វើឡើង​ក្រោយ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា ដើម្បី​សិក្សា​ជំនាញ​កីឡាអត្តពលកម្ម​រយៈពេល​១៣​ខែ នៅ​ប្រទេស​របស់ខ្លួន​កាលពីពេល​ថ្មីៗ​។ យ៉ាងណាក៏ដោយ ក្រសួង​អប់រំ មិនបាន​បញ្ជាក់​ពី​ចំនួន​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​ឡើយ ខណៈ​ការសិក្សា​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ភាគី​អាល្លឺម៉ង់ នឹង​រ៉ាប់រង​ការចំណាយ​លើ​ទិ​ដ្ឋ​ការ អាហារ និង​ការ​ស្នាក់នៅ​។ ប៉ុន្តែ​ការចំណាយ​លើ​សំបុត្រ​យន្តហោះ​ជា​បន្ទុក​របស់​កីឡាករ គ្រូបង្វឹក និង​គ្រូ​អប់រំ​កាយ​របស់​កម្ពុជា​។ 

​តាម​លក្ខខណ្ឌ​តម្រូវ បេក្ខជន​ត្រូវមាន​អាយុ​ក្រោម​៤០​ឆ្នាំ សញ្ជាតិ​ខ្មែរ ចេះ​ភាសា​អង់គ្លេស ជា​កីឡាករ គ្រូបង្វឹក និង​គ្រូ​អប់រំ​កាយ​ផ្នែក​កីឡាអត្តពលកម្ម និង​មាន​លិខិត​ទទួលស្គាល់​ពី​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​៕ 

Tag:
 ​អត្តពលកម្ម​
  ក្រសួង​អប់រំ​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com