អន្តរជាតិ
អឺរ៉ុប សម្រេចពន្យារពេល Brexit ៣ខែបន្ថែមទៀតឲ្យអង់គ្លេស អ្នកប្រឆាំងនឹងBrexit ម្នាក់កំពុងកាន់ទង់ជាតិសហភាពអឺរ៉ុបនៅពីក្រៅសភាអង់គ្លេស, រូបភាព៖ Reuters
× សហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែតុលា បានសម្រេចពន្យារពេលចាកចេញរបស់អង់គ្លេស (Brexit) ចំនួន៣ខែបន្ថែមទៀត ខណៈពេលលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន កំពុងខិតខំបញ្ចប់ភាពជាប់ត្រឹងនយោបាយរបស់អង់គ្លេសតាមរយៈការស្នើរៀបចំបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី១២ ខែធ្នូខាងមុខ ប៉ុន្តែសភាសព្វថ្ងៃមិនការគាំទ្រឡើយ។
មកទល់ពេលនេះ អ្នកនយោបាយអង់គ្លេសនៅតែជជែកដេញដោលពីបញ្ហា Brexit និងតែងតែចោទជាសំណួរថាតើពេលណាអង់គ្លេសដាច់ស្រេចជាមួយសហភាពអឺរ៉ុប? ការចោទជាសំណួរនេះ គ្មានអ្វីចម្លែកទេ ព្រោះមកទល់ពេលនេះ គម្រោងដើរចេញរបស់អង់គ្លេសនៅថ្ងៃទី៣១ ខែតុលា ត្រូវបានពន្យារពេល ៣ខែបន្ថែមទៀត តាមរយៈការសម្រេចរបស់សហភាពអឺរ៉ុប។
ក្រោយការពន្យារពេល៣ខែរបស់អឺរ៉ុបនេះ លោក បូរីស ចនសុន ចង់រៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី១២ ខែធ្នូ ក្នុងក្តីសង្ឃឹមថាបក្សអភិរក្សនិយមរបស់ខ្លួននឹងទទួលបានសម្លេងភាគច្រើននៅក្នុងសភា។ បើសិនទទួលបានសម្លេងភាគច្រើនៅក្នុងសភាមែននោះ អ្វីៗវានឹងល្អ។ វាល្អ ព្រោះអង់គ្លេសអាចលែងលះពីសហភាពអឺរ៉ុបបានយ៉ាងស្រួល ដោយសារលោកអាចមានសំឡេងច្រើនជាងមុន។
ប៉ុន្តែវាមិនមែនជាការងាយស្រួលទេ។ ការប៉ុនប៉ងលើកទីមួយដើម្បីស្នើរៀបចំការបោះឆ្នោតមុនអាណត្តិ ត្រូវបានសភាបដិសេធ ដោយសំណើរបស់លោក ចនសុន ទទួលបានសម្លេងគាំទ្រនៅក្នុងសភាត្រឹមតែ ២៩៩ប៉ុណ្ណោះ ខណៈលោកត្រូវការយ៉ាងហោចណាស់សម្លេងគាំទ្រ ៤២៤ ឬ ២ ភាគ៣នៃសភាដែរ។ យ៉ាងណាមិញ លោកនឹងដាក់សំណើរៀបចំការបោះឆ្នោតទៅសភាម្ដងទៀត តែនឹងស្ថិតក្រោមរូបភាពជាសេចក្ដីព្រាងច្បាប់វិញម្ដង។ ជាសេចក្ដីព្រាងច្បាប់ លោក ចនសុន ត្រូវការសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ។
ប្រាប់ទៅសមាជិកសភាអង់គ្លេសទាំងអស់ លោក ចនសុន បានលើកឡើងថា៖ «យើង នឹងមិនអនុញ្ញាតឲ្យភាពជាប់គាំងនៅតែបន្តបែបនេះទេ ហើយផ្លូវបន្ទាប់ យើងត្រូវតែបន្តសំដៅទៅរកការបោះឆ្នោត។ សភា មិនអាចឃុំប្រទេសមួយនេះជាចំណាត់ខ្មាំងតទៅទៀតទេ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងន័យនេះ នាយករដ្ឋមន្ត្រីអង់គ្លេសវ័យ៥៥ឆ្នាំ ចង់ចង្អុលបង្ហាញថា បើទោះបីសភាមិនគាំទ្រការបោះឆ្នោតមុនអាណត្តិក៏ដោយ លោកនឹងព្យាយាមរកវិធីផ្សេងទៀត។ ពោលគឺតាមរយៈផ្លូវចរចាវិញម្តង បានន័យថា លោក បូរីស ចនសុន ត្រូវតែចរចាជាមួយគណបក្សដទៃទៀត ដូចជាគណបក្ស Scottish National និង Liberal Democrats ជាដើម ដើម្បីឲ្យពួកគេគាំទ្រការបោះឆ្នោតមុនកាលកំណត់។
សូមបញ្ជាក់ថា បើតាមការកំណត់ អង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ប៉ុន្តែសមាជិកសភាអង់គ្លេស បានបោះឆ្នោតឲ្យមានការពន្យារពេលសម្រាប់ Brexit ។ ការណ៍នេះ បានបង្កឲ្យលោក ចនសុន មិនពេញចិត្តជាខ្លាំង តាមរយៈការសរសេរសំបុត្រស្នើសុំទៅសហភាពអឺរ៉ុប ដោយមិនបានចុះហត្ថលេខាអី្វទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com