កីឡាជាតិ
ជាតិ
មន្ត្រី FFC៖ ការពិន័យរបស់ AFC ជាមេរៀនដើម្បីបញ្ចៀសបញ្ហាលើកក្រោយៗទៀត
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចោទប្រកាន់ពីបទបំពាន Club Licensing ដោយតម្រូវឲ្យបង់ថវិកាចំនួន៣៥,០០០ដុល្លារ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយ FFC ចេញអាជ្ញាប័ណ្ណឲ្យក្លិបណាហ្គាវើល ដែលពុំមានលក្ខណៈគ្រប់គ្រាន់ ដើម្បីមានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019។ បើតាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រប់ក្លិបទាំងអស់អាចមានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់ដែលរៀបចំដោយ AFC គឺលុះត្រាតែមានអាជ្ញាប័ណ្ណទទួលស្គាល់ពី AFC។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ ដោយពិន័យសហព័ន្ធកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីចំនួន៤០ ដែលបានបំពាននឹងបទបញ្ញត្តិ។ កម្ពុជា ក៏ស្ថិតក្នុងចំណោមសហព័ន្ធ ដែលរងពិន័យទាំងនេះផងដែរ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបាន AFC ចោទប្រកាន់ពីបទបំពានបញ្ញត្តិស្តីពី AFC Cup Club Licensing និងពិន័យជាប្រាក់ចំនួន៣៥,០០០ដុល្លារ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា ការសម្រេចរបស់ AFC ធ្វើឡើងក្រោយសហព័ន្ធ ចេញអាជ្ញាប័ណ្ណទទួលស្គាល់ និងជួយសម្របសម្រួបឯកសារមួយចំនួនឲ្យក្លិបណាហ្គាវើល ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលឆ្នាំ២០១៨ ដើម្បីមានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019 កាលពីពេលកន្លងទៅ។ ការពិន័យនេះ ក្រោយពេល AFC ពិនិត្យឃើញថា ក្លិបបាល់ទាត់ណាហ្គាវើលពុំទាន់មានលក្ខណៈគ្រប់គ្រាន់ ដែលត្រូវទទួលបានអាជ្ញាប័ណ្ណ។
បើតាមសេចក្តីសម្រេចខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបង់ឲ្យ AFC តែ១ម៉ឺនដុល្លារប៉ុណ្ណោះ រីឯថវិកាចំនួន២៥,០០០ដុល្លារទៀតត្រូវបានព្យួររយៈពេល២ឆ្នាំ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំនេះ បើ FFC បានបង្កកំហុសដូចករណីខាងលើ នោះថវិកាទាំងនេះនឹងតម្រូវឲ្យពួកគេបង់ដោយស្វ័យប្រវត្តិឲ្យ AFC ជាមួយនឹងពិន័យថ្មីមួយទៀត។ ផ្ទុយទៅវិញ បើ FFC មិនបានបង្កកំហុសក្នុងរយៈពេល២ឆ្នាំទេ នោះថវិកា២៥,០០០ដុល្លារនឹងទុកជាអសារបង់។
លោក កែវ សារ៉េត ទទួលស្គាល់ថា សហព័ន្ធពិតជាបានធ្វើដូចទៅនឹងអ្វីដែល AFC បានចោទប្រកាន់ពិតមែន ហើយលោកចាត់ទុកការពិន័យនេះ គឺជាមេរៀនសម្រាប់សហព័ន្ធក្នុងការកែលម្អរ ដើម្បីបញ្ចៀសបញ្ហានៅលើកក្រោយៗទៀត។ លោកចាត់ទុកការពិន័យដោយតម្រូវឲ្យបង់តែ១ម៉ឺនដុល្លារនេះថា វាជាការសម្រាលដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
បើតាមអគ្គលេខាធិការរូបនេះ ក្លិបទាំងអស់អាចចូលរួមការប្រកួតក្នុងពានរង្វាន់ ដែលរៀបចំដោយ AFC បាន គឺលុះត្រាតែមានអាជ្ញាប័ណ្ណទទួលស្គាល់ពីសហព័ន្ធសាម៉ី និង AFC ជាមុនសិន។ នៅកម្ពុជាមានតែក្លិបបឹងកេត និងភ្នំពេញក្រោនតែប៉ុណ្ណោះ ដែលមានអាជ្ញាប័ណ្ណ Club Licensing ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
មិនមែនមានតែកម្ពុជានោះទេ សូម្បីតែសហព័ន្ធកីឡាបាល់ទាត់ឡាវ និងនេប៉ាល់ ក៏រងពិន័យថាបានបំពាន Club Licensing នេះដែរ។ ក្នុងនោះសហព័ន្ធបាល់ទាត់ឡាវ AFC ពិន័យជាប្រាក់ចំនួន៣០,០០០ដុល្លារ ខណៈនេប៉ាល់ ៣៥,០០០ដុល្លារ ដូចកម្ពុជា៕
Tag:
បាល់ទាត់
កែវ សារ៉េត
AFC
FFC
© រក្សាសិទ្ធិដោយ thmeythmey.com