អន្តរជាតិ
រដ្ឋាភិបាល​ហ្វីលីពីន បង្កើន​ការទិញ​ស្រូវ​ពី​កសិករ​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​នាំចូល​ច្រើនពេក​
29, Oct 2019 , 4:27 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​រដ្ឋាភិបាល​ហ្វីលីពីន នឹង​ទិញស្រូវ​ពី​កសិករ​ក្នុងស្រុក​យ៉ាងច្រើន​ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ខ្លួន​បាន​ច្រានចោល​សំណើ​ដើម្បី​អនុវត្ត​ពន្ធ​ការពារ (Safeguard duty) កាលពី​សប្តាហ៍​មុន​។



​អាជ្ញាធរ​អាហារ​ជាតិ​របស់​ហ្វីលីពីន (NFA) បានបញ្ជាក់​ឲ្យ​ដឹងថា ខ្លួន​នឹង​ទិញ​អង្ករ​រហូតដល់ ១,១៤ លាន​តោន​ពី​កសិករ​ក្នុងស្រុក ដែល​រង​ផលប៉ះពាល់​ដោយ​ការលុបបំបាត់​ការ​រឹតបន្តឹង​បរិមាណ​នៃ​ការ​នាំចូល​។ តួលេខ​នេះ​កើតឡើង​ជិត​៣​ដង​ឯណោះ បើ​ធៀប​នឹង​គោលដៅ​កាលពី​លើក​មុន ដែលមាន​ចំនួន ៣៨៩ ០០០ តោន​។ បើតាម​អ្នកនាំពាក្យ លោកស្រី Rebecca Olarte ការបញ្ជា​ទិញស្រូវ​រប​ស់​ភ្នាក់ងាររដ្ឋ​សម្រាប់​ឆ្នាំនេះ គឺ​លើស​ពាក់កណ្តាល​នៃ​គោលដៅ​ថ្មិ​ី​រួចទៅហើយ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​ខាងលើ ក៏​បញ្ជាក់ទៀតថា ខ្លួន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទិញ​គ្រាប់ស្រូវ​ក្នុងតម្លៃ ១៩ ប៉េ​សូ (០,៣៧៦​ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម ហើយ​លក់​វា​ទៅឱ្យ​អ្នក​លក់រាយ​ក្នុងតម្លៃ ២៣ ប៉េ​សូ (០,៤៥​ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម​។​

​ការប្រកាស​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រី​រៀបចំ​សេដ្ឋកិច្ច​ហ្វីលីពីន Ernesto Pernia បានលើកឡើង​កាលពី​សុក្រ ២៥ តុលា ថា «​គំនិត​ឆោតល្ងង់​» នៃ​ការដាក់​ពន្ធ​លើ​ការនាំ​ចូល​អង្ក​រដែ​លអាច​ជំរុញឱ្យមាន​អតិផរណា​នោះ ត្រូវបាន​លុបចោល​។ រដ្ឋមន្ត្រី​កសិកម្ម​ហ្វីលីពីន William Dar បាន​ជំរុញ​ឲ្យ​អនុវត្ត​ពន្ធ​ការពារ (Safeguard duty) លើ​ពន្ធគយ​ដែលមាន​ស្រាប់​ដូចដែល​បានស្នើ​ដោយ​ក្រុម​កសិករ​មួយចំនួន ដោយមាន​គោលដៅ បន្ធូរបន្ថយ​ផលប៉ះពាល់​របស់​អ្នក​ផលិត​ក្នុងស្រុក ដែល​រងគ្រោះ​ដោយសារ​ការកើនឡើង​នៃ​ការ​នាំចូល​អង្ករ​។​

​សូមបញ្ជាក់ថា ហ្វីលីពីន ជា​ប្រទេស​នាំចូល​អង្ករ​ធំជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ជារឿយៗ​ទិញ​គ្រាប់ស្រូវ​ពី​ប្រទេសជិតខាង​របស់ខ្លួន ជាពិសេស វៀតណាម​និង​ថៃ​។ កាលពីដើមឆ្នាំ​២០១៩ ហ្វីលីពីន បាន​ដកហូត​ការ​រឹតបន្តឹង​ក្នុង​ការទិញ​អង្ករ​ពី​បរទេស​ដែលមាន​អាយុកាល​២០​ឆ្នាំ ហើយ​ជំនួស​ដោយ​ការដាក់​ពន្ធ​វិញ​។

​ការផ្លាស់ប្តូរ​គោលនយោបាយ​នេះ បាន​នាំឱ្យ​មានការ​នាំចូល​អង្ក​រ​ពី​វិស័យ​ឯកជន​ច្រើនសន្ធឹក​សន្ធាប់ ដោយ​ការបញ្ជាទិញ​ស​ម្រ​ប់​ឆ្នាំនេះ​ឈានដល់​បរិមាណ​កំណត់ត្រា​ប្រចាំឆ្នាំ ជាង​៣​លាន​តោន​លើសពី​អ្វីដែល​ប្រទេស​ហ្វីលីពីន​ត្រូវការ​ដើម្បី​បំពេញ​ការផ្គត់ផ្គង់​។ ខណៈ​គោលនយោបាយ​នេះ​បាន​ជួយ​ទម្លាក់​តម្លៃ​លក់រាយ និង​កាត់បន្ថយ​អតិផរណា​នោះ កសិករ​ក្នុងស្រុក​បែរជា​ទទួលរ​ង​ប៉ះពាល់​ដ្បិត​តម្លៃ​កសិផល​ទិញ​ផ្ទា​ល់ពី​កសិដ្ឋាន​ដាំ​ក្បាល​ចុះ​ខ្លាំង​៕

Tag:
 ​ហ្វីលីពីន​
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com