ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ជនជាតិដើមភាគតិចមកពីខេត្តចំនួន៨ បង្ហាញ«ម្ហូបអត្តសញ្ញាណ»របស់ខ្លួន ក្នុងទិវាស្បៀងអាហារពិភពលោក
× ភ្នំពេញ៖ ជនជាតិដើមភាគតិច៩ក្រុម មកពីខេត្តចំនួន៨ ដែលរស់នៅកម្ពុជា បានយកម្ហូបអាហារប្រចាំជនជាតិខ្លួននីមួយៗមកតាំងពិព័រណ៍ និងដាក់ឱ្យពិសាដោយសេរី នៅក្នុងកម្មវិធីទិវាស្បៀងអាហារពិភពលោក២០១៩ ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល។ ពិព័រណ៍ម្ហូបអាហារអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩-៣០តុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកំសាន្តលីឡា រាជធានីភ្នំពេញ។
ម្ហូបអាហារអត្ថសញ្ញាណរបស់ជនជាតិភាគតិចទាំង៩ក្រុមនោះ មានសម្លបុកត្រប់សាច់គោ- សម្លម្សៅចុងផ្តៅត្រីអណ្តែងអាំងរបស់ជនជាតិពូនន, សម្លអន្តែររបស់ជនជាតិចារាយ, សម្លចាណាង សម្លសម្លក់ និងម្ហូបរ៉ូញ៉ាមជ្រុរសាច់ជ្រូក របស់ជនជាតិគ្រឹង, សម្លស្ងែននិងសម្លទំពាំង របស់ជនជាតិសួយ, សម្លចុងសោមឆ្អឹងជំនីជ្រូក និងសម្លកកូរសាច់មាន់ របស់ជនជាតិកួយ, សម្លប្រហើរត្រីអណ្តែងអាំងនិងបុកព្រិចត្រីឆ្អែររបស់ជនជាតិព័រ ជាដើម។
បើតាមអ្នកស្រី ឡាត់ សុខឯម ការតាំងពិព័រណ៍ និងការពិសាម្ហូបអាហាររបស់ជនជាតិដើមភាគតិច ដោយសេរីនេះ គឺធ្វើឡើងដើម្បីឱ្យបរទេស ពិសេសជនជាតិខ្មែរបានស្គាល់ និងភ្លក្សរសជាតិនៃមុខម្ហូបប្រចាំជនជាតិភាគតិចនីមួយៗ។ អ្នកស្រី សុខឯម បាននិយាយថា ការដឹងនិងស្គាល់រសជាតិនៃមុខម្ហូបមួយៗប្រចាំក្រុមជនជាតិភាគតិច គឺជាការងាយស្រួលមួយដល់ពលរដ្ឋខ្មែរ ដែលចុះទៅដល់ភូមិជនជាតិដើមភាគតិចរស់នៅ ក្នុងការជ្រើសរើសម្ហូបអាហារប្រចាំតំបន់សម្រាប់ទទួលទាន ហើយក៏ដូចជាការអភិរក្សនៃមុខម្ហូបបែបប្រពៃណីរបស់ជនជាតិភាគតិចនីមួយផងដែរ។
ខេត្តទាំង៨ ដែលពលរដ្ឋជនជាតិដើមភាគតិច ចូលរួមកម្មវិធីខាងលើ មានខេត្តរតនគិរី, មណ្ឌលគិរី, កំពង់ធំ, ព្រះវិហារ, កំពង់ស្ពឺ, ស្ទឹងត្រែង, ក្រចេះ និងខេត្តពោធិ៍សាត់។ សូមអញ្ជើញទស្សនាទិដ្ឋភាពខាងក្រោមនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com